(បាត់ដំបង)៖ មន្រ្តីកាំកុងត្រូលខេត្តបាត់ដំបង សហការជាមួយមន្រ្តីគយ នគរបាល ប្រចាំការនៅស្នាក់ការប៉ុស្ដិ៍ភ្នំដីស្រុកសំពៅលូន ចុះបង្រ្កាប និងចាប់បានទំនិញខូចគុណភាព មានពងមាន់ខូចគុណភាព៧០០គ្រាប់ ដែលឈ្មួញកួចនាំចូលពីប្រទេសថៃ យកមកដុតកម្ទេចចោលនៅ នឹងកន្លែងភ្លាមៗ នាវេលាម៉ោង១០៖៣០នាទីព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧នេះ។
លោក ហាក់ សុខរិន ប្រធានកាំកុងត្រូលសាខាខេត្ត បានថ្លែងថា អគ្គនាយកដ្ឋានកាំកុងត្រូល ក្រោមការដឹកនាំគ្រប់គ្រង ដោយលោកអគ្គនាយក ម៉ក់ ពេជ្ជរិទ្ធ តែងអនុវត្តន៍នូវយុទ្ធសាស្ត្រ «ភ្លៀងរលឹម» ក្នុងការដឹកនាំកម្លាំង ចុះទៅត្រួតពិនិត្យ គុណភាពទំនិញ ស្ទើររៀងរាល់ថ្ងៃ ទាំងនៅលើទីផ្សារនានា និងទៅដល់ទីកន្លែង ផលិតដោយផ្ទាល់តែម្ដង ឲ្យតែសង្ស័យពាក់ព័ន្ធ នឹងទំនិញម្ហូបអាហារ ដែលអាចធ្វើឲ្យមានការ ប៉ះពាល់ដល់សុខភាព ប្រជាពលរដ្ឋអ្នកប្រើប្រាស់ ឬទំនិញក្លែងបន្លំផ្សេងៗ។
លោក ហាក់ សុខរិន បានបន្តថា កន្លងមកលោកតែងបានចាត់ឲ្យមន្រ្តីជំនាញដែលឈរជើងប្រចាំការតាមគោលដៅរៀងៗ ខ្លួនពិសេសនៅ តាមច្រកព្រំដែនកម្ពុជា-ថៃ ក្នុងដែនដីខេត្តបាត់ដំបងតែងបានតាមឃ្លាំមើលជាប្រចាំដើម្បីទប់ស្កាត់នូវការនាំចូលទំនិញពាក់ព័ន្ធទៅនឹងចំណីអាហារ ខូចគុណភាពមិនឲ្យហូរចូលលក់ក្នុងទីផ្សារនានាបានឡើយ ព្រមទាំងបានធ្វើការផ្សព្វផ្សាយដល់អាជីវករលក់តាមផ្សារនិងអ្នកប្រើប្រាស់ជាប្រចាំផង។
លោកប្រធានសូមអំពាវនាវ ដល់អ្នកនាំចូលទំនិញខូចគុណភាពមេត្តាបញ្ឈប់នាំចូលទៀតទោះជាក្នុងរូបភាពណាក៏ដោយ គឺធ្វើដើម្បីសុវត្តិភាព និងជួយទប់ស្កាត់ការនាំចូលនូវទំនិញខូចគុណភាព ដែលធ្វើឲ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋយើងទាំងអស់គ្នា៕