Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គិតត្រឹមខែសីហា ឆ្នាំ២០១៧នេះ ផលិតផលក្លែងក្លាយជិត២០០តោន ត្រូវបានបង្ក្រាប និងកំពុងរង់ចាំការសម្រេចពីតុលាការដើម្បីបំផ្លាញចោល

16-08-2017 14:43

(ភ្នំពេញ)៖ លោក មៀច សុផាន់ណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានឲ្យដឹងថា គិតត្រឹមខែសីហា ឆ្នាំ២០១៧នេះ ផលិតផលក្លែងក្លាយជិត២០០តោន ត្រូវបានកម្លាំងសមត្ថកិច្ចពាក់ព័ន្ធបង្ក្រាប និងកំពុងរង់ចាំការសម្រេចពីតុលាការដើម្បីដុតបំផ្លាញចោល។

ការថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន​បែបនេះរបស់លោក មៀច សុផាន់ណា ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧នេះ ក្នុងពិធីវគ្គបណ្តុះបណ្តាល ស្តីពី «ការស្រាវជ្រាវ និងស៊ើបអង្កេតពាក់ព័ន្ធ នឹងការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ»។

លោក មៀច សុផាន់ណា ឲ្យដឹងយ៉ាងដូច្នេះថា «ផលិតផលដែលស្ថិតនៅក្រោមការផ្អាក មិនឲ្យ​ចែកចាយ មិនឲ្យលក់ដូរនៅក្នុងទីផ្សារនេះ គឺមានជិត២០០តោនហើយ ដែលកំពុងតែរង់ចាំសេចក្ដីសម្រេចពីតុលាការថា ត្រូវបំផ្លាញចោល ឬត្រូវធ្វើយ៉ាងណានោះ ដែលជាលទ្ធផលក្នុងឆ្នាំនេះ»

ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានសុំឲ្យក្រុមសារព័ត៌មាន​ទាំងវិទ្យុ ទូរទស្សន៍ កាសែត និងបណ្តាញសង្គមហ្វេសបុក ក្នុងស្រុក និងប្រជាពលរដ្ឋទាំងអស់ ជួយផ្សព្វផ្សាយដល់បណ្តាអាជីវករ សហគ្រាស ក្រុមហ៊ុន និងពលរដ្ឋទូទៅ រួមគ្នាសហការជាមួយអាជ្ញាធរ ដើម្បីកម្ចាត់នូវផលិតផលក្លែងក្លាយ ហើយមកគាំទ្រនូវផលិតផលសុទ្ធ ស្តង់ដារ ដើម្បីឲ្យប្រជាពលរដ្ឋមានសុខភាពល្អ។

បន្ថែមពីនេះ លោកក៏បានផ្ដាំផ្ញើទៅប្រជាពលរដ្ឋទាំងអស់ មុននឹងទិញទំនិញអ្វីដែលយកមកប្រើប្រាស់ ឬក៏បរិភោគត្រូវពិនិត្យឲ្យបានច្បាស់លាស់ ដូចជាកាលបរិច្ឆេទ ការវិចខ្ចប់ និងការសរសេរអក្សរជាដើម ដោយលោកបញ្ជាក់ថា នៅពេលខាងមុខនេះ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ កំពុងតែរៀបចំ និងពិភាក្សាគ្នា ដើម្បីរៀបចំបិទស្លាកសញ្ញាសម្គាល់ថា ផលិតនោះពិតត្រឹមត្រូវ។

សូមជម្រាបថា វគ្គបណ្តុះបណ្តាលនេះ គឺធ្វើឡើងរយៈពេលពេញមួយថ្ងៃ ដែលមានគោលបំណងឲ្យសមត្ថកិច្ចជំនាញយល់ដឹងកាន់តែច្បាស់ អំពីផលិតផលក្លែងក្លាយ ដែលបានកំពុងចរាចរក្នុងប្រទេសកម្ពុជា ព្រោះផលិតផលក្លែងក្លាយទាំងអស់នោះ មានផលប៉ះពាល់យ៉ាងខ្លាំងចំពោះសុខភាពប្រជាពលរដ្ឋទាំងរយៈពេលវែង និងរយៈពេលខ្លី៕​