(បាត់ដំបង)៖ ក្រសួងទេសចរណ៍ បានរៀបចំសិក្ខាសាលាស្តីពី ជំនាញវិជ្ជាជីវៈទេសចរណ៍អាស៊ាន និងការវាយតម្លៃ ការសិក្សាពីមុនរបស់អ្នកជំនាញទេសចរណ៍ នៅសណ្ឋាគារក្លាសស៊ី ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាពរបស់ លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងលោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍។
ក្នុងនោះក៏មានការចូលរួមពីលោក ងួន រតនៈ អភិបាលរងខេត្តបាត់ដំបង និងភាគីពាក់ព័ន្ធសរុបប្រមាណជាង២០០នាក់។
លោក ប៉ាក់ សុខុម បានលើកឡើងថា អ្នកកំពុងបម្រើការងារក្នុងវិស័យទេសចរណ៍ ត្រូវខិតខំអភិវឌ្ឍជំនាញរបស់ខ្លួន ដើម្បីបំពេញតម្រូវការទីផ្សារការងារក្នុងប្រទេស និងតំបន់អាស៊ាន។ លោកបញ្ជាក់ថា កន្លងមកក្រសួងទេសចរណ៍ បានដាក់ចុះឲ្យប្រើប្រាស់ស្តង់ដាបណ្ដុះបណ្ដាលអាស៊ាន បណ្ដុះបណ្ដាលគ្រូតាមមូលដ្ឋានអាជីវកម្ម តាមសាលាបណ្ដុះបណ្ដាល សំដៅផ្ដល់ជំនាញដល់យុវជនកម្ពុជា ស្របតាមស្តង់ដាអាស៊ាន។
សូមរំលឹកថា ក្នុងក្របខ័ណ្ឌនៃការអនុវត្តកិច្ចព្រមព្រៀង ទទួលស្គាល់គ្នាទៅវិញទៅមក លើអ្នកជំនាញទេសចរណ៍អាស៊ាន (ASEAN MRA-TP) អ្នកជំនាញដែលមានការទទួលស្គាល់ដោយអាស៊ាន លើជំនាញចំនួនទេសចរណ៍ចំនួន៣២ ស្ថិតក្នុងសេវាកម្មសណ្ឋាគារ និងសេវាកម្មធ្វើដំណើរ អាចមានលទ្ធភាពបម្លាស់ទីការងារ ក្នុងតំបន់ស្របតាមច្បាប់ការងាររបស់ប្រទេសទទួល និងគោរពតាមយន្តការអាស៊ាន។
រហូតមកដល់បច្ចុប្បន្នកម្ពុជាមានគ្រូបង្គោល និងអ្នកវាយតម្លៃបង្គោលអាស៊ានចំនួន៣០រូប គ្រូបង្គោល និងអ្នកវាយតម្លៃបង្គោលជាតិចំនួន៥៤២រូប និងអ្នកជំនាញទេសចរណ៍ប្រមាណជាង ២,០០០នាក់ ដែលបានចុះក្នុងប្រព័ន្ធចុះបញ្ជីអាស៊ាន (ATPRS) របស់លេខាធិការដ្ឋានអាស៊ាន។
នាឱកាស នៃអង្គសិក្ខាសាលានេះ ក្រសួងទេសចរណ៍ បានប្រកាសដាក់ចុះអនុវត្តបន្តកម្មវិធីដូចខាងក្រោម៖
១៖ មន្ទីរទេសចរខេត្តបាត់ដំបង ជំរុញការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ស្តង់ដា សមត្ថភាពអាស៊ាន ដល់ប្រតិបត្តទេសចរណ៍ក្នុងខេត្ត ដើម្បីលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ និងស្របតាមទស្សនទាន «បុគ្គលិកម្នាក់ ជំនាញមួយ»។
២៖ ស្នើឱ្យប្រតិបត្តិករសេវាកម្មសណ្ឋាគារទាំងអស់ ជម្រុញការបណ្តុះបណ្តាលខាងក្នុង (In-House Training) ដល់បុគ្គលិករបស់ខ្លួនបន្ថែមទៀត ដោយប្រើប្រាស់ស្តង់ដាសមត្ថភាពអាស៊ាន ដើម្បីលើកទឹកចិត្តបុគ្គលិករបស់ខ្លួន ឱ្យមានការទទួលស្គាល់កម្រិតអាស៊ាន ក៏ដូចជាពង្រឹងគុណភាពសេវាកម្មទេសចរណ៍ កាន់តែប្រសើរឡើង។
៣៖ ស្នើឱ្យសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ សាកលវិទ្យាល័យនានា រៀបចំ និងដាក់ចុះកម្មវិធីសិក្សាវិជ្ជាជីវៈទេសចរណ៍ ស្របតាមកម្មវិធីសិក្សាអាស៊ាន ហើយក្រសួងទេសចរណ៍រង់ចាំ ផ្តល់ជំនួយបច្ចេកទេសនានា។
៤៖ ស្នើឱ្យអ្នកជំនាញទេសចរណ៍ទាំងអស់ ដែលកំពុងបម្រើការងារក្នុងសេវាកម្មសណ្ឋាគារ ដែលពុំទាន់មានការទទួលស្គាល់កម្រិតគុណវិឌ្ឍជាក់លាក់ ដាក់ពាក្យស្នើសុំការវាយតម្លៃការសិក្សាពីមុន (RPL) នៅសាលាសណ្ឋាគារ និងទេសចរណ៍ប៉ូល ឌុយ ប្រ៊ូល ចាប់ពីខែកញ្ញា ឆ្នាំ២០១៧ នេះតទៅ។
សូមបញ្ជាក់ថា ដោយឈរលើគោលការណ៍ នៃការអភិវឌ្ឍទេសចរណ៍ ប្រកបដោយនិរន្តភាព និងការទទួលខុសត្រូវ ទេសចរណ៍កម្ពុជា មានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ជាក់ស្តែងកាលពីឆ្នាំ២០១៦ កម្ពុជាទទួលបានទេសចរអន្តរជាតិជាង ៥លាននាក់ ក្នុងកំណើន ៥% នាំចំណូលចូលជាតិប្រមាណ ៣,៤០០លានដុល្លារ ស្មើនឹង១៣.៥% នៃផលិតផលក្នុងស្រុកសរុប (GDP) និងបានបង្កើតការងារផ្ទាល់ប្រមាណ ៦២ម៉ឺននាក់ ស្មើនឹង១៣%នៃការងារសរុប។
៦ខែដើមឆ្នាំ២០១៧ នេះកម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណ២.៦លាននាក់ កើនឡើងប្រមាណ១២,៨% ធៀបនឹងឆ្នាំ២០១៦។ ជាចក្ខុវិស័យឆ្នាំ២០២០ កម្ពុជារំពឹងទទួលបានទេសចរ អន្តរជាតិប្រមាណ៧លាននាក់ នាំចំណូលចូលជាតិប្រមាណ៥ពាន់លានដុល្លារ និងបង្កើតការងារផ្ទាល់ជិត១លាននាក់៕