(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា ស្ថានភាពរស់នៅរបស់កុមារ និងជនងាយរងគ្រោះ នឹងប្រសើរជាងមុន ក្រោយមណ្ឌលថ្មី កសាងរួចរាល់ នៅដើមឆ្នាំ២០១៨ខាងមុខនេះ។ លោករដ្ឋមន្រ្តី បានលើកឡើងថា ក្រោយទទួលបានថវិកា ក្នុងការកសាងមណ្ឌលថ្មីៗនោះ បច្ចុប្បន្ននេះ ក្រសួងកំពុងកសាងមណ្ឌលពិនិត្យព្យាបាល ថែទាំ បងប្អូន វិកលចរិក ដើម្បីផ្លាស់ប្តូរពួកគាត់ ទៅរស់នៅកន្លែងផ្សេងមួយទៀត ដាច់ដោយឡែក។
លោក វង សូត បន្តថា ការកសាងនេះ បានប្រព្រឹត្តទៅជាបណ្តើរៗនៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ ក្រសួងអាចផ្ទេរ បងប្អូនវិកលចរិក ប្រមាណ១០០ ទៅ២០០នាក់ ពីមណ្ឌលព្រៃស្ពឺ ទៅកាន់មណ្ឌលថ្មីនេះ ដែលមានទីតាំងស្ថិត នៅឃុំកំពង់កន្ទួត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ការលើកឡើងរបស់ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច បានធ្វើឡើងខណៈលោក បានជួបពិភាក្សាការងារ ជាមួយលោកស្រី Rhona Smith អ្នករាយការណ៍ពិសេសរបស់អង្គការ សហប្រជាជាតិ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧នេះ នាទីស្តីការក្រសួង។
ឆ្លើយតបនឹងការលើកឡើងនេះ លោកស្រី Rhona Smith អ្នករាយការណ៍ពិសេសរបស់អង្គការ សហប្រជាជាតិ បានសម្តែងការសាទរដល់ក្រសួងសង្គមកិច្ច ដែលបានប្រឹងប្រែងខិតខំបំពេញការងារ ក្នុងការកសាងមណ្ឌលថ្មី នេះ។ លោកស្រី ក៏បានស្នើឲ្យរដ្ឋមន្រ្តី វង សូត ជំរុញឲ្យក្រសួងពាក់ព័ន្ធនានា ចូលរួមធ្វើការងារឡើងវិញ និងអនុវត្ត តាមអនុសាសន៍ ទាំងឡាយ ដែលមានកន្លងមក។
បន្ថែមពីលើនេះ លោកស្រី Rhona Smith បានលើកឡើងថា ស្ថានភាពមណ្ឌលព្រៃស្ពឺនាពេលនេះ ហាក់ដូចជាមានស្ថានភាពអាក្រក់ជាងលើកមុន ដោយសារតែមានចំនួនបងប្អូនរស់នៅរហូតទៅដល់៥២៤នាក់ ចំនួននេះគឺជាចំនួនមួយ ដែលច្រើនបំផុត។ លោកស្រីថា អ្នករស់នៅក្នុងមណ្ឌលព្រៃស្ពឺហាក់ នៅមានចន្លោះ ក្នុងការថែទាំកុមារកំព្រាទីទ័លក្រ នៅពុំទាន់មានការដោះស្រាយបញ្ហា ជូនពួកគាត់នៅឡើយទេ។
លោកស្រី Rhona Smith បន្តថា ការចាក់សោរពួកគាត់នៅក្នុងមណ្ឌលនេះ ហាក់ដូចជាការឃុំឃាំងពួកគាត់ មិនឲ្យមានសេរីភាព។ស្នើឲ្យដោះលេង អ្នកមានផ្ទៃពោះ និងជនឯកោជាដើម។ គួរឃុំខ្លួនជនណាមួយ ក្នុងករណីធ្ងន់ធ្ងរមិនអាចលើកលែងបាន។ លោកស្រី ថា សម្រាប់កុមារ និងជនងាយរងគ្រោះ ជារឿងដែលសំខាន់ និងត្រូវ យកចិត្តទុកដាក់បំផុត។
ក្រោយមានការលើកឡើងរបស់ លោកស្រី Rhona Smith, លោក រដ្ឋមន្រ្តី វងសូត បានលើកឡើងថា ជំនួសមុខឲ្យរាជរដ្ឋាភិបាល ក្រសួងសង្គមកិច្ច កំពុងសិក្សាស្រាវជ្រាវពីបណ្តាប្រទេសដទៃទៀត ជុំវិញការ ស្តារនីតិសម្បទា របស់ជនរងគ្រោះ ពីព្រោះថា បញ្ហានេះ ជាបញ្ហាសាកល មិនមែនតែប្រទេសកម្ពុជានោះទេ។ យើងត្រូវរិះរកគ្រប់មធ្យោបាយដើម្បីដោះស្រាយបញ្ហា ទាំងអស់នោះ ឲ្យមានភាពល្អប្រសើរជាងមុននិងសម្រាប់ និរន្តរភាពយូរអង្វែង។
ដ្ឋមន្រ្តី វងសូត បន្តថា ក្រសួងបានខិតខំប្រឹងប្រែង កែលំអ និងអភិវឌ្ឍ មណ្ឌលមួយចំនួន ដូចជា មណ្ឌល ព្រៃស្ពឺនេះ គឺការៀបចំហាក់ដូចជា ច្របូកច្របល់ដោយសារមានការទុកដាក់ ជនអនាថា មានចាស់ មានក្មេង បងប្អូនមានខួរក្បាល មិនប្រក្រតី និងអ្នកញៀនថ្នាំជាដើម។ នេះជាហេតុផល ដែលធ្វើឲ្យក្រសួងសង្គមកិច្ច និងក្រសួងពាក់ព័ន្ធពិបាកក្នុងការគ្រប់គ្រង។
យ៉ាងណាក៏ដោយ រាជរដ្ឋាភិបាល តាមរយៈក្រសួងសង្គមកិច្ច បានរៀបចំឲ្យកុមារក្រោមអាយុ១៨ឆ្នាំ មានកន្លែងស្នាក់នៅ ការបណ្តុះបណ្តាល និងផ្តល់ជំនាញ នេះគឺជាការគោរពសិទ្ធរបស់កុមារជាអ្វីដែលអង្គការសហប្រជាជាតិ ត្រូវការផងដែរ។
គួរបញ្ជាក់ថា តាមរយៈក្រសួងសង្គមកិច្ច កំពុងតែបង្កើតនូវ មជ្ឈមណ្ឌលសំចត សម្រាប់ជួយជនរងគ្រោះបានច្រើនកន្លែង ទាំងនៅរាជធានីភ្នំពេញ និងនៅតាមច្រកព្រំដែន។
រដ្ឋមន្រ្តី វង សូត បានលើគឡើងថា ការពិតជាមានសារៈសំខាន់ណាស់ និងបានចូលរួមចំណែក ការងារសង្គមកិច្ច ក្នុងការទទួលមើលខុសត្រូវលើជនងាយរងគ្រោះឲ្យកាន់តែប្រសើរ និងមានប្រសិទ្ធភាពជាងមុនជាពិសេសជាការ លើកមុខមាត់រាជរដ្ឋាភិបាលនិងប្រទេសកម្ពុជា៕