(ភ្នំពេញ)៖ ប្រតិបត្តិការរបស់កម្លាំងគណៈបញ្ជាការ ឯកភាពខណ្ឌដូនពេញ ក្រោមការបញ្ជាផ្ទាល់ពីលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ ក្នុងការចាប់ឃាត់ម៉ូតូ ដែលបំពាក់ស៊ីម៉ាំងកែច្នៃបំពងសម្លេងមកធ្វើអប់រំ គឺធ្វើជារៀងរាល់ថ្ងៃ ដោយរយៈពេល២ថ្ងៃនេះ អាជ្ញាធរខណ្ឌដូនពេញ បានឃាត់ម៉ូតូខុសបច្ចេកទេសទាំងនោះបាន៨គ្រឿង។
លោក សុខ ពេញវុធ បានលើកឡើងថា ដោយអនុវត្តតាមការណែនាំរបស់រដ្ឋបាលរាជធានី រួមទាំងការប្រកាសរបស់ស្នងការរាជធានីភ្នំពេញ ដើម្បីឲ្យអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចគ្រប់ខណ្ឌ ក្នុងការចាប់ឃាត់ម៉ូតូដែលកែច្នៃខុសបច្ចេកទេស ឬបំពាក់បំពង់ស៊ីម៉ាំងបំពងសម្លេង យកមកអប់រំជំហានដំបូងនោះ ដូច្នេះហើយកម្លាំង គណៈបញ្ជារការឯកភាពខណ្ឌដូនពេញ មានទាំងកម្លាំងនគរបាល និងកម្លាំងកងរាជអាវុធហត្ថ បានដាក់គោលដៅចាប់ម៉ូតូនៅក្នុងមូលដ្ឋានខណ្ឌក្នុងរយៈពេល២ថ្ងៃនេះ គឺចាប់ពីថ្ងៃទី១៥-១៦ ខែសីហា ឆ្នាំ២០១៧នេះ បានឃាត់អ្នកបើកម៉ូតូទាំងនោះ បានចំនួន០៨គ្រឿងយកមកអប់រំ។
អភិបាលខណ្ឌដូនពេញ បានបន្តទៀតថា ក្រុមអ្នកជិះម៉ូតូបំពាក់បំពង់ស៊ីម៉ាំងបំពងសម្លេង ដែលឃាត់ទាំង៨គ្រឿងនេះ គឺជំហានដំបូងអាជ្ញាធរខណ្ឌ គ្រាន់តែធ្វើការអប់រំសិនដោយតម្រូវដោះស៊ីម៉ាំងប្រែននោះយករក្សាទុក ហើយយកស៊ីម៉ាំងធម្មតាមកដាក់ដោះដូរវិញ ទើបអនុញ្ញាតឲ្យទៅវិញ ដោយឡែកម៉ូតូដែលអាជ្ញាធរចាប់ឃាត់នេះ គឺកម្លាំងបានកត់ត្រាស្លាកលេខអស់ហើយ បើលើកក្រោយអាជ្ញាធរចាប់បានជាលើកទី២នោះ នឹងឃាត់ទុករយៈពេល១ខែតែម្តង ហើយតម្រូវឲ្យឪពុកម្តាយមកធានាត្រឹមត្រូវ។
បើតាមលោក សុខ ពេញវុធ យុទ្ធនាការចុះចាប់ម៉ូតូដែលកែច្នៃខុសបច្ចេកទេស អាចកាត់បន្ថយនូវក្មេងទំនើងបានច្រើន ព្រោះការកែច្នេះម៉ូតូខុសបច្ចេកទេសបែបនេះ ភាគច្រើនសុទ្ធតែក្មេងជំទង់ទាំងអស់ដែលនិយមកែច្នៃតាមគ្នា ម្យ៉ាងវិញទៀត ការធ្វើដូច្នេះក៏ជាការកាត់បន្ថយដល់ក្រុមគ្រួសារផងដែរ ដែលកូនចៅសុំលុយកាក់មកកែច្នៃម៉ូតូខុសទម្រង់ដើមដូច្នេះ៕