(ពៅធិ៍សាត់)៖ ខណៈក្រុមការងារ «មែកសឺដែស និងកំណប់អាថ៌កំបាំង» កំពុងធ្វើដំណើរតាមដងផ្លូវឆ្ពោះទៅខេត្តពោធិ៍សាត់ ដើម្បីចូលទៅរុករកតំបន់ទេសចរណ៍ ផលិតផលទេសចរណ៍ និងកំណប់អាថ៌កំបាំងនោះ អង្គភាពព័ត៌មាន Fresh News សូមលើកយកបទចម្រៀងពីរោះៗជាប់ទាក់ទងនឹងខេត្តពោធិ៍សាត់ ជូនទស្សនិកជន និងប្រិយមិត្តជាទីសណ្ដាប់ទាំងអស់គ្នា អមជាមួយទេសភាពដ៏ស្រស់បំព្រងតាមបណ្ដោយបឹងទន្លេសាប ឆ្ពោះទៅខេត្តភាគខាងលិចមួយនេះ។
បទចម្រៀងមនោសញ្ជេតនាមួយចំនួន ដែលបានរៀបរាប់ពីខេត្តពោធិ៍សាត់ ត្រូវបានអធិរាជសំឡេងមាស លោកតា ស៊ិន ស៊ីសាមុត លើកយកមកបកស្រាយ យ៉ាងពិរោះរណ្ដំចិត្ត អមដោយការពណ៌នាពីទេសភាពភ្ជាប់ជាមួយឈ្មោះក្រុង-ស្រុក តំបន់កម្សាន្តនានា ផុសចេញពីអារម្មណ៍ពិត ដែលអ្នកនិពន្ធចង់បង្ហាញ ប្រាប់អ្នកស្ដាប់ ឲ្យណែងណងអន្លង់អន្លោចជាមួយ។
ទីរួមខេត្តពោធិ៍សាត់ ស្រុកបាកាន ស្រុកវាលវែង ស្រុកកណ្ដៀង ស្រុកក្រគរ ស្រុកភ្នំក្រវាញ ភ្នំក្រវាញ អ្នកតាឃ្លាំងមឿង សំពៅមាស ស្ទឹងពោធិ៍សាត់ ស្ពានព្រែកក្ដី ត្រូវបានរំលេចយ៉ាងល្អល្អះក្នុងបទចម្រៀងដ៏ពិរោះល្បីៗមួយចំនួន រហូតមានបទខ្លះបានប្រៀបធៀបខេត្តពោធិ៍សាត់ ដូចទៅនឹងឋានសួគ៌ បទខ្លះទៀតប្រៀងធៀបនារីក្នុងខេត្តពោធិ៍សាត់ ដូចទៅនឹងរំដួល ឬបុផ្ផានាឋានសួគ៌ា គួរជាទីប្រាថ្នាចង់បានមកថ្នាក់ថ្នម ហើយថែមទាំងរៀបរាប់ថា ខេត្តមួយនេះបានបង្កើតអនុស្សាវរីយ៍ជាច្រើន ដល់តួអង្គក្នុងបទចម្រៀង ដូចជា បទដងស្ទឹងពោធិ៍សាត់ ដួងខែរនោច ឬឱស្រុកក្រគរ រំដួលពោធិ៍សាត់ លាហើយពោធិ៍សាត់ អនុស្សាវរីយ៍បីស្រុក ជាដើម ដែលសុទ្ធតែបទចម្រៀងដ៏ពិរោះក្រអៅ មិនអាចកាត់ថ្លៃបាន ដោយបង្ហាញពីសង្គមបរិយាកាស នាសម័យសង្គមរាស្រ្តនិយម។
មិនត្រឹមតែប៉ុណ្ណោះ ខេត្តពោធិ៍សាត់ ក៏ត្រូវបានកវីនិពន្ធ និងអ្នកចម្រៀងសម័យក្រោយ តែងនិពន្ធ និងលើកយកមកបកស្រាយជាបន្តបន្ទាប់ផងដែរ ដូចជា បទអនុស្សាវរីយ៍ពោធិ៍សាត់ បកស្រាយដោយលោក អ៊ិន យ៉េង, បទរំដួលបាកាន បកស្រាយដោយលោក ណេយ វ៉ាន់ណេត, បទស្ទឹងពោធិ៍សាត់ បកស្រាយដោយអ្នកស្រី ម៉េង កែវ ពេជ្ជតា, បទពោធិ៍សាត់បាត់ស្នេហ៍ ដែលបកស្រាយដោយលោក ខេមរៈ សិរីមន្ត និងមានបទចម្រៀងមួយចំនួនទៀត។
សូមស្ដាប់បទចម្រៀងដ៏ពិរោះៗ ដែលរៀបរាប់ជាប់ទាក់ទងនឹងខេត្តពោធិ៍សាត់ ដូចខាងក្រោម៖