(ភ្នំពេញ)៖ ដើម្បីចូលរួមលើកកម្ពស់នូវការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែសីហានេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្ពោធដាក់ឲ្យប្រើប្រាស់នូវប៉ុស្តិ៍យាម តាមដងផ្លូវចំនួន១៥កន្លែង ដែលជាអំណោយរបស់ក្រុមហ៊ុន ISI STEEL។
ពិធីប្រគល់ប៉ុស្តិ៍យាមនេះ បានធ្វើឡើងនៅស្ដុបឧទ្យានកាណាឌីយ៉ា ក្រោមការចូលរួមពីលោក អ៊ុច សុខុន ស្នងការរងនគរបាលរាជធានីភ្នំពេញ និងលោក សុខ វិចិត្រ នាយកផ្នែកលក់ និងទីផ្សាររបស់ក្រុមហ៊ុន ISI STEEL។
លោក សុខ វិចិត្រ បានលើកឡើងថា នេះគឺជាសកម្មភាពថ្មីមួយទៀត ដើម្បីរួមចំណែកក្នុងកិច្ចអភិវឌ្ឍន៍សង្គម ស្របពេលជំហ៊ានដំបូង ក្រុមហ៊ុនបានឧបត្ថម្ភប៉ុស្ដិ៍យាមចំនួន១៥កន្លែង សម្រាប់សម្រួលដល់ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក របស់មន្ដ្រីនគរបាលរាជធានីភ្នំពេញ តាមគោលដៅមហាវិថីធំៗមួយចំនួន ដើម្បីចូលរួមកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍ តាមរយៈការពង្រឹងច្បាប់ចរាចរណ៍ និងការផ្ដល់នូវសោភ័ណ្ឌភាពស្រស់ស្អាត ក្នុងរាជធានីភ្នំពេញផងដែរ។
លោក អ៊ុច សុខុន បានបញ្ជាក់ថា នេះគឺជាប៉ុស្ដិ៍យាមស្ដង់ដារដំបូង ដែលស្នងការនគរបាលរាជធានីភ្នំពេញ ទើបទទួលបានវិស័យឯកជន ខណៈកន្លងមកក៏មានក្រុមហ៊ុនឯកជនមួយចំនួន បានរួមចំណែកផ្ដល់នូវប៉ុស្ដិ៍យាមខ្លះផងដែរ។ តែយ៉ាងណាប៉ុស្ដិ៍យាមទាំងនោះ នៅពុំទាន់ឆ្លើយតបនឹងតម្រូវការរបស់មន្ដ្រីនគរបាលចរាចរណ៍ ដែលអនុវត្តតាមគោលដៅជាង ១០០កន្លែងនៅរាជធានីភ្នំពេញនាពេលបច្ចុប្បន្ននោះទេ។ ដោយហេតុនេះ លោកបានស្នើរឲ្យវិស័យឯកជន ពិសេសក្រុមហ៊ុន ISI STEEL ចូលរួមជួយបន្ថែមទៀត ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការអនុវច្បាប់ និងកាត់បន្ថយនូវការគ្រោះថ្នាក់ផ្សេងៗ។
ឆ្លើយតបនឹងសំណើររបស់ស្នងការរងរាជធានីភ្នំពេញខាងលើភ្លាមៗ លោក សុខ វិចិត្រ បានអះអាងថា ការប្រគល់ប៉ុស្ដិ៍យាម ១៥កន្លែងខាងលើ គ្រាន់តែជាជំហ៊ានដំបូងប៉ុណ្ណោះ ស្របពេលដើមឆ្នាំ២០១៨ ក្រុមហ៊ុនមានគម្រោងបន្ដឧបត្ថម្ភប៉ុស្ដិ៍យាមស្ដង់ដាចំនួន ៣០កន្លែងបន្ថែមទៀត ដល់ស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីកាត់បន្ថយកង្វះខាតប៉ុស្ដិ៍យាមទូទាំងក្រុង និងចូលរួមលើកកម្ពស់សោភ័ណ្ឌភាពក្នុងរាជធានីភ្នំពេញឲ្យកាន់តែស្រស់ស្អាតបន្ថែមទៀត ជាមួយនឹងគុណភាពប៉ុស្ដិ៍យាម ដែលអាចធានាបានដល់ទៅ ១០ឆ្នាំឯណោះ។
បន្ថែមលើនេះលោក សុខ វិចិត្រ បានបន្ដថា នេះមិនមែនជាលើកទី១ នោះទេ ដែលក្រុមហ៊ុនបានចូលរួមក្នុងសកម្មភាពជួយសង្គម ខណៈក្រុមហ៊ុនមានមូលនិធិ KMH មួយ ដើម្បីទទួលខុសត្រូវលើការងារសង្គម ដូចជារៀបចំសកម្មភាពកីឡាបាល់ទាត់ ដើម្បីលើកកម្ពស់ និងគាំទ្រយុវជនឲ្យចូលរួមលេងកីឡា ដើម្បីសុខភាព និងផ្សាភ្ជាប់ទំនាក់ទំនងល្អទៅនឹងសង្គម រួមទាំងការស្វែងរកនូវមូលនិធិជួយដល់មន្ទីរពេទ្យគន្ធបុប្ឋា និងអង្គរការក្រៅរាជរដ្ឋាភិបាលមួយចំនួនជាដើម៕