(ភ្នំពេញ)៖ រថយន្ដរបស់ លោក ឃ្លាំង ហួត ជំនួយការសម្ដេចតេជោ ហ៊ុន សែន និងជាអភិបាលខណ្ឌជ្រោយចង្វារ ត្រូវជនជាតិចិនស្រវឹងជោកជាំបើករថយន្ដមកបុក បណ្ដាលឲ្យខ្ទេចផ្នែកខាងក្រោយធ្ងន់ធ្ងរ ខណៈដែលលោកកំពុងចតស្ងៀមមួយកន្លែង។
ហេតុការណ៍នេះកើតឡើងនៅ យប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧នេះ ក្នុងចំណតរថយន្ដសណ្ឋាគារភ្នំពេញ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ខណៈដែលលោកបានចូលទៅស្ទឹម និងហាត់ប្រាណ នៅក្នុងសណ្ឋាគារ។
លោក ឃ្លាំង ហួត បានបញ្ជាក់នៅលើ Facebook ផ្លូវការរបស់លោកយ៉ាងដូច្នេះថា «ចិនស្រវឹងជោកជាំបើករថយន្តឡង់គ្រីស័បុកឡានខ្ញុំ នៅចតស្ងៀម។ ចិនត្រូវតែគោរពច្បាប់ស្រុកខ្មែរ បើសិនមិនប៉ះឡានខ្ញុំគេអាចបើកបុកមនុស្សគ្រោះថ្នាក់ ព្រោះពួកគេស្រវឹងខ្លាំងណាស់»។
យ៉ាងណាមិញ លោក ឃ្លាំង ហួត បានប្រាប់បន្ថែមមក អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧នេះថា ជុំវិញករណីនេះ ការខូចខាតរថយន្ដរបស់លោកមិនមានអ្វីជាបញ្ហាចោទនោះទេ ព្រោះលោកអាចជួសជុលខ្លូនឯងបាន ប៉ុន្ដែអ្វីដែលសំខាន់នៅយប់មិញនេះ ជនជាតិចិននោះស្រវឹងខ្លាំងណាស់ ប្រសិនបើបើកនៅផ្លូវសាធារណៈ ហើយទៅបុកមនុស្សវិញនឹងទៅជាយ៉ាងណា។ ដូច្នេះហើយ ទើបលោកសូមស្នើឲ្យសមត្ថកិច្ចជំនាញ មេត្ដាចាត់វិធានការតាមផ្លូវច្បាប់ចំពោះបញ្ហានេះ ដោយគា្មនការអន្ដរាគមន៍ឡើយ។
យ៉ាងណាមិញ មន្ដ្រីប៉ុស្ដិ៍ស្រះចក បានឲ្យដឹងដែរថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍យប់មិញនេះ ក៏មានការអន្ដរាគមន៍ពី ឧត្តមសេនីយ៍ពាក់ផ្កាយផងដែរ ប៉ុន្ដែសមត្ថកិច្ចមិនមានការយោគយល់ឡើយ ហើយសមត្ថកិច្ចជំនាញក៏បាននាំខ្លួនជនជាតិចិនទាំង២នាក់ និងរថយន្ដទៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញផងដែរ។
បន្ថែមពីនេះ អភិបាលខណ្ឌជ្រោយចង្វារ ដែលជាជនរងគ្រោះបានលើកឡើងថា វប្បធម៌អន្ដរាគមន៍នេះ គួរតែបញ្ចប់ទៅព្រោះវាមិនបានចំណេញអ្វីនោះទេ ក្រៅពីការបើកឱកាសឲ្យជនបង្កបានចិត្តតែប៉ុណ្ណោះ រឿងនេះគួរតែចាត់វិធានការតាមច្បាប់ឲ្យបានតឹងរឹង ដើម្បីជាការព្រមានដល់ជនជាតិចិនឲ្យរាងចាល បើមិនដូច្នេះលើកក្រោយក្រុមនេះ នឹងបង្កគ្រោះថ្នាក់ទៀតជាក់ជាមិនខានឡើយ។
ជាការកត់សម្គាល់ ក្រុមជនជាតិបរទេសមួយចំនួន ទាំងនៅរាជធានីភ្នំពេញ និងនៅខេត្តព្រះសីហនុ តែងតែបង្កភាពអសន្ដិសុខ ដល់សង្គមជាតិ ដោយមានទាំងបង្កគ្រោះថ្នាក់ចរាចរណ៍ និងវាយតបគ្នាជាដើម ប៉ុន្ដែបញ្ហានេះសមត្ថកិច្ចមិនបណ្ដោយឲ្យកើតមានតាមអំពើចិត្តនោះទេ ក៏បានធ្វើការបង្ក្រាបជាបន្ដបន្ទាប់ផងដែរ៕