(ភ្នំពេញ)៖ ការប្រកួតបើកឆាកពូលB នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី២៩ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី រវាងក្រុមជម្រើសជាតិក្រោមអាយុ ២២ឆ្នាំកម្ពុជា និងក្រុមយុវជន U22ហ្វីលីពីន បានបញ្ចប់ហើយ ដោយជ័យជម្នះបានទៅហ្វីលីពីន ក្រោយយកឈ្នះក្រុមគោព្រៃកម្ពុជា ជាមួយនឹងលទ្ធផលដ៏តានតឹង ២-០ នៅកីឡដ្ឋាន MP Selayang មុននេះបន្ដិច។
ការបរាជ័យក្នុងប្រកួតដំបូងនេះ បានបន្សល់ទុកនូវការសោកស្ដាយជាច្រើន សម្រាប់ក្រុម U22កម្ពុជា បន្ទាប់ពីក្រុមដឹកនាំដោយគ្រូបង្វឹកសញ្ជាតិប្រេស៊ីលលោក Leonardo មានឱកាសគ្រប់គ្រងបាល់ និងលេងបាល់ក្នុងប្រអប់គ្រោះថ្នាក់ក្រុមហ្វីលីពីនជាច្រើនលើក តែធ្វើមិនបានសម្រេច ។ ផ្ទុយទៅវិញឱកាសដ៏តិចតួចរបស់ក្រុម U22ហ្វីលីពីន បានធ្វើឲ្យអ្នកគាំទ្រពួកគេពេញចិត្តជាខ្លាំង ក្រោយការទម្លាយសំណាញ់ទីកម្ពុជា ២គ្រាប់ នៅដើមតង់ និងចុងតង់ទី២ ដើម្បីទទួលបាន ៣ពិន្ទុពេញតែម្ដង។
បន្ទាប់ពីរបូត ៣ពិន្ទុខាងលើ បានធ្វើឲ្យក្រុម U22កម្ពុជា ធ្លាក់មកឈរលេខរៀងទី៥ លើក្រុម U22ប្រ៊ុយណេ ដោយមានកាន់ ០ពិន្ទុស្មើគ្នា ខណៈក្រុមហ្វីលីពីន បានឡើងទៅឈរលេខរៀងទី២ ក្នុងពូលB បណ្ដោះអាសន្ន ដោយមាន ៣ពិន្ទុស្មើក្រុម U22វៀតណាម ។ ចំពោះក្រុមវៀតណាម បានឈរកំពូលតារាង គឺក្រោយលត់ក្រុម U22ប្រ៊ុយណេ ៤-០ ។ រីឯក្រុមការពារមេដាយមាសថៃវិញ បានត្រឹមចែក ១ពិន្ទុជាមួយក្រុម U22ឥណ្ឌូនេស៊ីប៉ុណ្ណោះ ក្រោយប្រកួតពេញម៉ោងស្មើគ្នា ១-១ សម្រាប់ប្រកួតបើកឆាកដូចគ្នា កាលពីរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧នេះ៕