(ភ្នំពេញ)៖ ក្រុមអ្នកព័ត៌មានមកពីតាមស្ថាប័នល្បីៗចំនួន ៨នៅកម្ពុជារួមទាំងអង្គភាពព័ត៌មាន Fresh News ព័ត៌មានអនឡាញដ៏មានប្រជាប្រិយភាពនៅកម្ពុជាផងនោះ បានបំពេញទស្សនកិច្ចរយៈពេល ១២ថ្ងៃចាប់ពីថ្ងៃទី២៤ ខែកក្កដា ដល់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧ នៅក្នុងខេត្តចំនួនពីររបស់ចិន គឺខេត្តក្វាងស៊ី និងសានទុង តបតាមការអញ្ជើញរបស់ស្ថានទូតចិនប្រចាំនៅកម្ពុជា។
ក្នុងដំណើរទស្សនកិច្ចដែលទើបតែបញ្ចប់នាសប្តាហ៍កន្លងទៅនេះ ក្រុមអ្នកព័ត៌មានកម្ពុជា ត្រូវបានទទួល និងស្វាគមន៍ប្រកបដោយភាពកក់ក្តៅជាទីបំផុតក្នុងនាមជាប្រជាជាតិ ដែលមានមិត្តភាពដ៏យូរលង់ជាមួយប្រទេសចិន។ ម្ហូបអាហារជាច្រើនមុខត្រូវបានលើកយកមកទទួលសម្រាប់អាហារទាំង៣ពេល រួមនិងសណ្ឋាគារដ៏ទំនើបៗផងដែរ សម្រាប់ជាកន្លែងស្នាក់នៅរបស់អ្នកព័ត៌មានកម្ពុជារយៈពេល ១២ថ្ងៃនេះ។
លោក អ៊ុក គឹមសេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលបានដឹកនាំគណៈប្រតិភូព័ត៌មានកម្ពុជាបំពេញទស្សនកិច្ចនៅក្នុងប្រទេសចិន បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់អ្នកព័ត៌មានកម្ពុជាទៅកាន់ប្រទេសចិននេះ បានកើតមានឡើងបន្ទាប់ពីមានការចុះកិច្ចព្រមព្រៀងមួយរវាងលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានកម្ពុជា ជាមួយលោក JIANG Jianguo រដ្ឋមន្រ្តីក្រុមប្រឹក្សាព័ត៌មានរបស់ចិន កាលពីខែមេសា ឆ្នាំ២០១៧ ក្នុងបំណងផ្លាស់ប្តូរបទពិសោធន៍ព័ត៌មាន និងផ្សព្វផ្សាយព័ត៌មាននៃប្រទេសទាំងពីរ។
ដំណើរទស្សនកិច្ចនៅលើទឹកដីមហាយក្សចិន ដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោកលំដាប់ទីពីរបន្ទាប់ពីសហរដ្ឋអាមេរិកនេះ ក្រុមអ្នកព័ត៌មានកម្ពុជា ត្រូវបានអញ្ជើញទៅកាន់ក្រុងចំនួន៦ រួមមាន៖ ទីក្រុងណាននីង ប៉ៃសឺ លាវចូវ ស្ថិតក្នុងខេត្តក្វាងស៊ី, ទីក្រុងជីណាន ឈាហ៊្វូ និងអ៉ីចូវ ស្ថិតក្នុងខេត្តសានទុង។
ដំណើរទស្សនកិច្ចក្នុងទីក្រុងទាំង៦នេះ ក្រុមអ្នកព័ត៌មានកម្ពុជា ត្រូវបានអញ្ជើញឲ្យទៅទស្សនារោងចក្រសហគ្រាសធំៗរបស់ចិន មានដូចជារោងចក្រផលិតរថភ្លើង កន្លែងផលិតឧករណ៍អេឡិចត្រូនិកផ្សេងៗដោយប្រើបច្ចេកវិទ្យាខ្ពស់ រោងចក្រផលិតត្រាក់ទ័រ រោងចក្រផលិតយានយន្ត រោងចក្រផលិតយន្តហោះតូចៗសម្រាប់ការហោះលេងកម្សាន្ត រោងចក្រផលិតហ្រ្វាំងរថយន្ត រោងចក្រផលិតក្រដាសកាតុង រោងចក្រផលិតចំណីអាហារ ភេសជ្ជៈ និងកន្លែងផលិតស្រាដ៏ធំផងដែរ។
អ្នកព័ត៌មានក៏បានអញ្ជើញឲ្យទៅទស្សនាសាលាបណ្តុះបណ្តាលការបើកបររថភ្លើង និងការសាងសង់ផ្លូវដែកនៅក្រុងលាវចូវ ខេត្តក្វាងស៊ី និងទៅទស្សនកិច្ចនៅវារីអគ្គិសនីនៅទីក្រុងប៉ៃសឺ ខេត្តក្វាងស៊ីផងដែរ។
ក្រៅពីបង្ហាញរោងចក្រសហគ្រាស ដែលជាការបង្ហាញឲ្យឃើញពីសក្តានុពលលើវិស័យឧស្សាហកម្មនៅក្នុងខេត្តក្វាងស៊ី និងសានទុងហើយនោះ អ្នកព័ត៌មានកម្ពុជា ក៏ត្រូវបានអញ្ជើញឲ្យទៅទស្សនាមជ្ឈមណ្ឌលស្រាវជ្រាវឱសថបុរាណដ៏ធំនៅក្នុងទីក្រុងណាននីង ខេត្តក្វាងស៊ី ដែលក្នុងមជ្ឈមណ្ឌលនេះមានចំការដាំរុក្ខជាតិសម្រាប់យកមកធ្វើឱសថទំហំរហូតដល់ជាង ២០០ហិកតា។ ក្រុមអ្នកព័ត៌មាន ក៏ត្រូវបានអញ្ជើញឲ្យទៅទស្សនកិច្ចនៅមជ្ឈមណ្ឌលវប្បធម៌ក្នុងទីក្រុងណាននីង ខេត្តក្វាងស៊ី ដែលជាមជ្ឈមណ្ឌលបង្ហាញពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្តក្វាងស៊ីពីសម័យបុរាណ ព្រមទាំងបានទៅទស្សនានៅមជ្ឈមណ្ឌលវប្បធម៌ និងកន្លែងតម្កល់វត្ថុបុរាណជាច្រើនផ្សេងទៀតទាំងក្នុងខេត្តក្វាងស៊ី និងសានទុង។
បើទោះបីប្រទេសចិន មានការរីកចម្រើនលើវិស័យឧស្សាហកម្មយ៉ាងណាក្តី តែប្រទេសមានសេដ្ឋកិច្ចរីកចម្រើនជឿនលឿនមួយនេះ ក៏មិនភ្លេចពីការអភិវឌ្ឍលើវិស័យទេសចរណ៍ផងដែរ។ អ្នកព័ត៌មានកម្ពុជា ត្រូវបាននាំទៅទស្សនានៅតំបន់ទេសចរណ៍ជាច្រើនដូចជាសារៈមន្ទីរថ្មចម្លែក ដែលមានតម្កល់ថ្មចម្លែកៗ មានរូបរាងដូចជាសត្វ ដូចជាមនុស្ស ហើយមានអាយុកាលរាប់ពាន់ឆ្នាំ កន្លែងជិះទូកលំហែកាយពេលរាត្រីនៅក្នុងលាវជាំង ខេត្តក្វាងស៊ី ហើយក៏បន្តទៅទស្សនាតំបន់ទេសចរណ៍ទឹកផុស ក្នុងក្រុងជីណាន តំបន់ទេសចរណ៍ប្រវត្តិសាស្រ្តផ្ទះកំណើតរបស់ទស្សនវិទូ ខុង ជឺ ក្នុងក្រុងឈាហ៊្វូ តំបន់ទេសចរណ៍តំបន់ឆ្នេរសមុទ្រ តំបន់ទេសចរណ៍ភ្នំលាវសាន និងដើមឈើដែលមានអាយុកាលរាប់ពាន់ឆ្នាំ។
ដំណើរដ៏មមាញឹករយៈពេល ១២ថ្ងៃតាមកម្មវិធីដែលបានរៀបចំទុកពីខេត្តមួយទៅខេត្តមួយ និងពីទីក្រុងមួយទៅកាន់ទីក្រុងមួយទៀតនេះ មានទាំងការដំណើរតាមរថយន្ត រថភ្លើង និងយន្តហោះផងដែរ។ ការធ្វើដំណើរទស្សនកិច្ចនៅតាមរោងចក្រ សហគ្រាស មជ្ឈមណ្ឌលវប្បធម៌ និងតំបន់ទេសចរណ៍ជាដើមនេះ បានធ្វើឲ្យអ្នកព័ត៌មានស្ញប់ស្ញែងជាខ្លាំងចំពោះភាពរីកចម្រើន និងសក្តានុពលលើវិស័យឧស្សាហកម្ម នៅក្នុងខេត្តក្វាងស៊ី និងខេត្តសានទុង។
អ្នកស្រី ឱ លក្ខិណា អ្នកព័ត៌មានទូរទស្សន៍ជាតិ ដែលបានចូលរួមក្នុងដំណើរទស្សនកិច្ចបានថ្លែងថា «បន្ទាប់ពីនាងខ្ញុំមកទស្សនកិច្ចនៅខេត្តចំនួនពីរ គឺខេត្តក្វាងស៊ី និងខេត្តសានទុងនេះ នាងខ្ញុំ ក៏ដូចអ្នកព័ត៌មានដទៃបានយល់ដឹងច្រើនពីការអភិវឌ្ឍរីកចម្រើនដ៏ខ្លាំងនៅសាធារណរដ្ឋប្រជាមានិតចិន ដែលជាមិត្តរបស់កម្ពុជា ព្រោះឃើញថា ផ្នែកឧស្សាហកម្ម សិប្បកម្ម និងទេសចរណ៍របស់គេមានការរីកចម្រើនខ្លាំង»។
អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន លោក អ៊ុក គឹមសេង បានមើលឃើញថា ដំណើរទស្សនកិច្ចនេះ គឺជាដំណើរទស្សនកិច្ចដ៏សំខាន់មួយសម្រាប់ការផ្លាស់ប្តូរបទពិសោធន៍ក្នុង វិស័យព័ត៌មាន ហើយក៏ជាការជួយផ្សព្វផ្សាយ ដើម្បីឲ្យពលរដ្ឋកម្ពុជាបានស្គាល់ប្រទេសចិនកាន់តែច្រើនថែមទៀត។
លោក អ៊ុក គឹមសេង បានបញ្ជាក់ដូច្នេះ «នេះជាការដកពិសោធន៍មួយជាពិសេសអ្នកព័ត៌មានយើង នឹងបានផ្សព្វផ្សាយនូវរាល់សកម្មភាពនានាដែលបានឃើញនៅក្នុងដំណើរទស្សនកិច្ចក្នុងក្រុង និងស្រុកទាំងឡាយនៅក្នុងខេត្តក្វាងស៊ី និងសានទុង។ អ៊ីចឹងហើយខ្ញុំគិតថា អត្ថបទព័ត៌មានទាំងឡាយដែលបានផ្សព្វផ្សាយនឹងផ្តល់ជាគុណប្រយោជន៍សម្រាប់ប្រជាពលរដ្ឋកម្ពុជាបានដឹងពីការរីកចម្រើនរបស់ប្រទេសចិន»។
លោក ឈិន ប៉េងហ័រ មន្រ្តីស្ថានទូតចិនប្រចាំនៅកម្ពុជា ដែលបានសម្របសម្រួលដំណើរទស្សនកិច្ចរបស់អ្នកព័ត៌មានកម្ពុជាទៅកាន់ប្រទេសចិន បានសម្តែងក្តីសប្បាយរីករាយជាខ្លាំងចំពោះដំណើរទស្សនកិច្ចរបស់អ្នកព័ត៌មានកម្ពុជាទៅកាន់ប្រទេសចិននេះ។ លោករំពឹងថា ព័ត៌មានស្តីពីសេដ្ឋកិច្ច សង្គម និងវប្បធម៌ប្រពៃណីរបស់ចិន នឹងត្រូវបានផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋកម្ពុជា។
លោក ឈិន ប៉េងហ័រ បានបញ្ជាក់យ៉ាងដូច្នេះ «តាមរយៈដំណើរទស្សនកិច្ចនេះ ខ្ញុំសង្ឃឹមថា នឹងបានបង្ហាញពីសេដ្ឋកិច្ច សង្គម និងជីវភាពរបស់ប្រជាពលរដ្ឋចិនទៅដល់ប្រជាពលរដ្ឋខ្មែរ ដឹងច្រើនអំពីប្រទេសចិន និងចូលចិត្តប្រទេសចិន។ តាមរយៈដំណើរទស្សនកិច្ចនេះ បានជំរុញឲ្យពលរដ្ឋខ្មែរដឹងច្រើនអំពីជនជាតិចិន»។
លោកស្រី ជូ ឈីង ប្រធានទីភ្នាក់ងារព័ត៌មានចិនប្រចាំខេត្តក្វាងស៊ី បានថ្លែងថា តាមរយៈការផ្សព្វផ្សាយព័ត៌មានរបស់អ្នកព័ត៌មានកម្ពុជា វាមិនត្រឹមតែបានជួយផ្សព្វផ្សាយពីប្រទេសចិននោះទេ តែក៏នឹងនាំឲ្យប្រជាពលរដ្ឋកម្ពុជា និងចិន មានចំណងមេត្រីភាពជាមួយគ្នាកាន់តែល្អ ប្រសើរថែមទៀត។
សូមបញ្ជាក់រំលឹកថា ខេត្តក្វាងស៊ី និងខេត្តសានទុង ដែលស្ថិតនៅភាគខាងត្បូងប្រទេសចិន គឺជាខេត្តមានសក្តានុពលខ្ពស់ខាងផ្នែកឧស្សា ហកម្ម និងទេសចរណ៍ផងដែរ។ ខេត្តទាំងពីរនេះ ជាខេត្តមានបណ្តាញទឹកជញ្ជូនទាំងផ្លូវគោក ផ្លូវអាកាស និងផ្លូវសមុទ្រផងដែរ។
គិតត្រឹមឆ្នាំ២០១៦ ខេត្តក្វាងស៊ី មានប្រជាជនប្រមាណ ៥៥លាននាក់។ ដោយឡែកចំណូលផលិតផលសរុបប្រចាំឆ្នាំនៅក្នុងខេត្តមានជិត ២០០ពាន់លានដុល្លារអាមេរិក ស្ថិតនៅលេខរៀងទី១៨ នៅក្នុងប្រទេសចិន ហើយប្រជាពលរដ្ឋម្នាក់មានចំណូលជាង ២,០០០ដុល្លារអាមេរិក។
ខេត្តសានទុង មានប្រជាពលរដ្ឋប្រមាណ ១០០លាននាក់។ របាយការណ៍ឆ្នាំ២០១១ បានឲ្យដឹងថាចំណូលផលិតផលសរុបប្រចាំឆ្នាំនៅក្នុងខេត្តមួយនេះ មាន ៧១១ពាន់លានដុល្លារអាមេរិក ស្ថិតនៅលេខរៀងទី៣ នៅក្នុងប្រទេសចិន ហើយចំណូលប្រចាំឆ្នាំសម្រាប់ប្រជាពលរដ្ឋម្នាក់មានជាង ៦ពាន់ដុល្លារអាមេរិក៕