Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពលរដ្ឋជិត១៥០​នាក់ ចូលរួមបរិច្ចាគជួយកសាងចេតិយជូនសពលោកបណ្ឌិត កែម ឡី នៅថ្ងៃយុទ្ធនាការទី១៥ នៅផ្សារសាមគ្គី ស្រុកសំរោងទង​

15-08-2017 20:21

(កំពង់ស្ពឺ)៖ ថ្ងៃទី១៥ នៃយុទ្ធនាការរយៈពេល៣០ថ្ងៃ ដើម្បីរៃអង្គាសថវិកាចូលរួម​សាងសង់ចេតិយជូន លោកបណ្ឌិត កែម ឡី ដែលបង្កើតឡើងដោយ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា មាន​បងប្អូនប្រជាពលរដ្ឋជិត១៥​០នាក់ ចូលរួមបរិច្ចាគនៅផ្សារសាមគ្គី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។​​

«យុទ្ធនាការ៣០ថ្ងៃបង្កើតឡើង គឺដោយសារតែមានគណៈកម្មការមុន ដែលមានព្រះតេជគុណ ប៊ុត ប៊ុនតិញ និងលោក ប៉ា ងួនទៀង គ្មានការទទួលខុសត្រូវ ហើយបានបោះបង់ការងារចោលទាំងគ្មានស្រណោះ ដូច្នេះហើយ ទើបខ្ញុំផ្តួចផ្តើមបង្កើតនូវយុទ្ធនាការ៣០ថ្ងៃនេះឡើងមក គឺដើម្បី រៃអង្គាសថវិកាចូលរួមសាងសង់ ចេតិយជូនលោកបណ្ឌិត កែម ឡី ឲ្យឆាប់រួចរាល់» នេះជាការអះអាងរបស់លោក ពេជ្រ ស្រស់ ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៥ ខែសីហានេះ។

ប្រធានគណបក្សរូបនោះបានបញ្ជាក់ទៀតថា «យើងមិនអាចពឹងលើព្រះសង្ឃ ប៊ុត ប៊ុនតិញ និង លោក ប៉ា ងួនទៀង បានទេ ដោយហេតុថាបុគ្គលទាំងពីរនេះ គឺជាបុគ្គលនិយមមុខមាត់ ពោលគឺជាបុគ្គលចង់បានភាពល្បីល្បាញតែប៉ុណ្ណោះ»

យុទ្ធនាការរៃអង្គាសថវិកានេះ គឺចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ ដោយចាប់ផ្តើមចេញពីខេត្តត្បូងឃ្មុំ និងបន្តតាមបណ្តាខេត្តនានា ដើម្បីឆ្ពោះមកកាន់រាជធានីភ្នំពេញ៕