(ភ្នំពេញ)៖ ជាងផ្សារដែកម្នាក់ បានស្លាប់យ៉ាងអាណោចអាធម៌ជាទីបំផុត បន្ទាប់ពីធ្វើការផ្សារខុសបច្ចេកទេសតែបន្តិចសោះ ស្រាប់តែរអិលជើងធ្លាក់ខ្លួនចូលក្នុងម៉ាស៉ីនកិនដី បណ្ដាលឲ្យរមួលសាកសពខ្ទេចខ្ទីរជាបំណែកៗ។
ករណីជាងផ្សារដែកខុសបច្ចេកទេសម្នាក់ បានរអិលជើងធ្លាក់ខ្លួនចូលក្នុងម៉ាស៉ីនកិនដី បណ្ដាលឲ្យរមួលកិនសាកសពខ្ទេចជាបំណែកៗ ដ៍រន្ធត់ខាងលើនេះ បានកើតឡើងកាលពីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ នៅត្រង់ចំណុចសិប្បកម្មឡផលិតឥដ្ឋមួយកន្លែង ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៦A ក្នុងភូមិក្ដីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ត្រី ឯក សេរីវុធ អធិការរងនគរបាលខណ្ឌជ្រោយចង្វារ បានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ អឿន រ៉ាវុធ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជាងផ្សារដែក បច្ចុប្បន្នស្នាក់នៅជាមួយឪពុកឈ្មោះ ប៉ាល់ សំអឿន នៅក្បែរស្ពានទី១២ តាមបណ្ដោយផ្លូវជាតិលេខ៦A ស្ថិតក្នុងភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ និងមានស្រុកកំណើតនៅឯព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។
លោកវរសេនីយ៍ត្រី ឯក សេរីវុធ អធិការរងនគរបាលខណ្ឌជ្រោយចង្វារ បានបញ្ជាក់ទៀតថា យោងតាមសាក្សីដែលបានឃើញហេតុការណ៍ នៅមុនកើតហេតុ ជនរងគ្រោះ(សាកសព)និងមិត្តភ័ក្រម្នាក់ទៀត ដែលជាជាងផ្សារដែកដូចគ្នា បាននិងកំពុងបន្តផ្សារនៅក្បែរម៉ាស៉ីនកិនដី ដើម្បីផលិតឥដ្ឋសុខៗ ហើយក៍នាំគ្នាសម្រាកមួយភ្លែត ដោយម្នាក់រវល់ចេញមកខាងក្រៅបាត់ ខណៈមួយសន្ទុះក្រោយគេឃើញជនរងគ្រោះ(សាកសព)បានស្ទុះឡើងទៅក្បែរម៉ាស៉ីនកិនដី ដើម្បីផ្សារម្នាក់ឯង ស្រាប់តែខុសបច្ចេកទេស ធ្វើឲ្យរអិលជើងធ្លាក់ខ្លួនចូលក្នុងម៉ាស៉ីនកិនដី បណ្ដាលឲ្យរមួលកិនសាកសពខ្ទេចខ្ទីរជាបំណែកៗ ស្លាប់យ៉ាងអាណោច អាធម៌ជាទីបំផុតនៅនិងកន្លែងតែម្ដង។
លោកអធិការរងបន្តថា បន្ទាប់ពីកើតហេតុ កម្លាំងនគរបាលមូលដ្ឋានប៉ុស្ដិ៍បាក់ខែង ខណ្ឌជ្រោយចង្វារ សហការជាមួយកម្លាំងនគរបាលការិយាល័យជុំនាញវិទ្យាសាស្ត្រ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យភ្លាមៗ ដោយយោងតាមសាក្សីបំភ្លឺជុំវិញទីតាំងកើតហេតុ ហើយបានរកឃើញ និងធ្វើការសន្និដ្ឋានយ៉ាងច្បាស់ថា ជនរងគ្រោះជាជាងផ្សារដែកខាងលើ ពិតជាបានផ្សារដែកខុសបច្ចេកទេស ធ្វើឲ្យរអិលជើងធ្លាក់ខ្លួនចូលក្នុងម៉ាស៉ីនកិនដី បណ្ដាលឲ្យរមួលកិនសាកសពខ្ទេចជាបំណែកៗស្លាប់យ៉ាងអាណោចអាធម៌ ពិតប្រាកដមែន និងបានប្រគល់(សាកសព)ជូនក្រុមគ្រួសារ ដើម្បីយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី នៅឯវត្តព្រែកអញ្ចាញ ក្នុងស្រុកមុខកំពូល ខេត្តកណ្ដាល ដែលជាស្រុកកំណើតរបស់ជនរងគ្រោះផងដែរ៕