(ភ្នំពេញ)៖ ក្នុងបរិបទសង្គមប្រជាធិបតេយ្យសេរីពហុបក្ស មិនអាចគ្មានគណបក្សប្រឆាំងឡើយ។ គណបក្សប្រឆាំងមានតួនាទីសំខាន់ក្នុងការចូលរួមកែលំអចំណុច ខ្វះខាតចន្លោះប្រហោងរបស់រដ្ឋាភិបាល ដើម្បីជួយជំរុញឲ្យការប្រតិបត្តិការងារដឹកនាំប្រទេសឲ្យកាន់តែឈានទៅរកភាពល្អប្រសើរ និងរីកចំរើន ហើយចូលរួមប្រកួតប្រជែងអំណាចតាមរយ:កម្មវិធីនយោបាយរបស់ខ្លួន គោរពតាមឆន្ទ:របស់ប្រជាពលរដ្ឋដែលជាអង្គបោះឆ្នោត។
សម្រាប់គណបក្សប្រឆាំងនៅកម្ពុជា ចាប់តាំងពីកើតមានក្នុងឆ្នាំ១៩៩៨ នីតិកាលទី២ នៃរដ្ឋសភាមកគឺមេដឹកនាំគណបក្សមិនបានដឹកនាំគណបក្សក្នុងការបំពេញ តួនាទីប្រឆាំងរបស់ខ្លួន សមស្របតាមគោលការណ៍ប្រជាធិបតេយ្យដូចបណ្តាគណបក្សប្រឆាំង នៅបណ្តាប្រទេសប្រជាធិបតេយ្យសេរីនានានៅក្នុងពិភពលោក ឡើយ។
គណបក្សប្រឆាំងនៅកម្ពុជាបានប្រើប្រាស់តួនាទីប្រឆាំងរបស់ខ្លួន បានត្រឹមតែបង្កការញុះញុងឲ្យមានការរើសអើងជាតិសាសន៍ បញ្ឆេះកំហឹងវណ្ណ:ឲ្យអ្នកក្រស្អប់អ្នកមាន លាបពណ៌ពលរដ្ឋខ្មែរណាដែលមិនគាំទ្របក្សខ្លួនទៅជាតិសាសន៍ដទៃ ។ ញុះញុងចាក់ដោតកម្មករឲ្យវាយ បំបែកឆ្នាំងបាយខ្លួន តាមរយ:ការធ្វើបាតុកម្មទាមទារប្រាក់ខែហួសសមត្ថភាពថៅកែរហូតមានការបិទរោងចក្រជាបន្តបន្ទាប់ ។ រាំងខ្ទប់វិនិយោគិនក្រៅប្រទេសមិនអោយចូលមកដាក់ទុនវិនិយោគនៅកម្ពុជា ។ បំភិតបំភ័យធុរ:ជនក្រៅប្រទេសដែលគេមានគំរោងចង់មករកស៊ីនៅក្នងប្រទេសខ្លួនឲ្យមានការខ្លាចរអា។ល។ អំពាវនាវដល់បណ្តាប្រទេសដែលគេបានផ្តល់ភាព អនុគ្រោះនាំចូលសម្លៀកបំពាក់ ស្បែកជើងពីកម្ពុជាឲ្យបញ្ឈប់ការទទួលទិញ ចូលក្រោមលេសដាក់សម្ពាធដល់រាជរដ្ឋាភិបាល តែតាមការពិតគេមានបំណងសម្លាប់ ពលរដ្ឋកម្ពុជាយ៉ាងច្បាស់។ ជាមួយគ្នានេះគេបានបណ្តុះផ្នត់គំនិតដល់អ្នកបម្រើ អ្នកគាំទ្រខ្លួនអោយមានចរិតកោងកាចពាល ប្រើភាសាគ្មានសីលធម៌ សំដីអសុរោះ ជេរដៀលប្រមាថដល់ព្រះមហាក្សត្រ ថ្នាក់ដឹកនាំប្រទេស និងឥស្សរជនសំខាន់ៗរបស់ជាតិជាដើម។
គេនាំគ្នាស្រែកថា ស្រឡាញ់ជាតិ ស្រឡាញ់ទឹកដី ការពារបូរណភាពទឹកដីណាស់ តែគេបែរជាទៅចងសម្ពន្ធភាពជាមួយគណបក្សប្រជាធិបតេយ្យរបស់លោក អាប់ភីស៊ីត វាចាជីវ៉ា ដែលបានឈ្លានពានទឹកដីយើងកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨ ហើយបានបង្កការរំខានច្រើនលើកច្រើនសារតាមរយ:សមាជិកសភា របស់ខ្លួន ដាក់លិខិតចោទសួរប្រមុខរាជរដ្ឋាភិបាលកម្ពុជាឲ្យឆ្លើយសំណួរ របស់គេក្នុងពេលដែលថ្នាក់ដឹកនាំកម្ពុជាគ្រប់ជាន់ថ្នាក់កំពុងជាប់ដៃគ្រប់គ្រង សភាពការណ៍ និងតទល់ជាមួយនឹងការឈ្លានពានរបស់សៀមនៅតំបន់ប្រាសាទព្រះវិហារ និងប្រាសាទតាមាន់ដូចជា៖
នៅថ្ងៃទី១៣ ខែតុលាឆ្នាំ២០១០ អ្នកតំណាងរាស្ត្រចំនួន៤រូបរបស់គណបក្សសមរង្ស៊ីគឺលោក សម រង្ស៊ី, ឃឹម ឡាគី, ម៉ៅ មុនីវណ្ណ និងជាម ចន្ទនី បានសរសេរលិខិត ចោទរាជរដ្ឋាភិបាលថា «រំលោភលើកិច្ចព្រមព្រៀង ហើយបានចោទសួរថា» មូលហេតុអ្វីបានជារាជរដ្ឋាភិបាល រំលោភលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស? ហើយតំរូវឲ្យសម្តេចតេជោ ហ៊ុន សែន ឆ្លើយតបទៅគេវិញក្នុងពេលដែលសម្តេចកំពុង តែទ្រោលសភាពការណ៍ដ៍តានតឹងនាពេលនោះ ។
បន្ទាប់មកទៀតក្រុមសមាជិកសភាគណបក្សសមរង្ស៊ីដដែលចំនួន១៧រូបទៀត បានសរសេរលិខិតមួយច្បាប់ទៀតស្នើឲ្យរាជរដ្ឋាភិបាលឆ្លើយសំណួរអំពីប្រតិកម្ម របស់រាជរដ្ឋាភិបាលចំពោះសេចក្តីសំរេចរបស់សភាអឺរ៉ុបចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០១០ទៀត។ ក្រៅពីការសរសេរលិខិតចោទសួររំខានដល់រាជរដ្ឋាភិបាល ក៏មានមនុស្សដើរបាចខិត្តប័ណ្ណនៅរាត្រីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១០ ដែលមានខ្លឹមសារថា «កម្ពុជាកំពុងជួបគ្រោះមហន្តរាយក្រោមនយោបាយកុម្មុយនីស វៀតណាម»។ ព្រឹកថ្ងៃទី១២ សីហា ឆ្នាំ២០១០ លោក សម រង្ស៊ី បានធ្វើសន្និសីទកាសែតតាម Video conference ពីប្រទេសបារាំងស្តីពីបញ្ហាព្រំដែនវៀតណាម និងវាយប្រហាររាជរដ្ឋាភិបាលថាបានធ្វើសង្គ្រាមប្រឆាំងថៃ ។
នៅថ្ងៃទី២២ខែមេសាឆ្នាំ២០១១វេលាម៉ោង៦៖១០នាទីព្រឹកកងទ័ពសៀមបានបង្កសង្គ្រាមនៅប្រាសាទតាមាន់ ហើយកងទ័ពកម្ពុជាបានប្រើសិទ្ធិស្របច្បាប់ បាញ់តបដើម្បីការពារអធិបតេយ្យភាពប្រទេសជាតិខ្លួន ស្រាប់តែនៅថ្ងៃទី២៧ខែមេសាឆ្នាំ២០១១លោក សម រង្ស៊ី បានចេញលិខិតមួយស្នើអោយសម្តេចហ៊ុនសែនចុះពីតំណែងដោយចោទថា «ប្រើសង្គ្រាមជាមួយប្រទេសថៃជាកលល្បិចនយោបាយ»។
តើទាំងអស់នេះរបស់មេដឹកនាំគណបក្សប្រឆាំង ជាទង្វើជួយជាតិឬក៏បំផ្លាញជាតិក្នុងពេលដែលសត្រូវឈ្លានពាន?។ បច្ចុប្បន្នកាលរឿងរ៉ាវក៏មិនខុសពីឆ្នាំ២០០៨ដែរ គឺក្នុងពេលដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ឱសានវាទដល់ភាគីរដ្ឋាភិបាលឡាវឲ្យដកកងទ័ព ចេញពីទឹកដីកម្ពុជានៅតំបន់អូអាឡៃ និងអូតាង៉ាវ ក្នុងស្រុកសៀងប៉ាង ខេត្តស្ទឹងត្រែងថែមទាំងបញ្ជូនកងទ័ពទៅកាន់ទីនោះ យើងមិនបានឃើញមេដឹកនាំ គណបក្សប្រឆាំងចេញសេចក្តីថ្លែងការណ៍ណាមួយថ្កោលទោស ចំពោះការរំលោភចូលទឹកដីពីសំណាក់កងទ័ពឡាវ និងគាំទ្រចំណាត់ការរបស់ប្រមុខរាជរដ្ឋាភិបាលក៏ដូចជា ការចូលរួមលើកទឹកចិត្តដល់កងទ័ពសូម្បីមួយម៉ាត់ក៏គ្មានផង។ តែផ្ទុយទៅវិញពួកគេមានតែសើចចំអក បញ្ចើចបញ្ចើរ ដៀមដាម និងបានចោទថាជាកលល្បិចនយោបាយរបស់សម្តេចហ៊ុនសែនទៅវិញ។
ក្រៅពីនេះយើងមិនដែលបានឃើញមេដឹកនាំគណបក្សប្រឆាំង ចេញលិខិតអបអរសាទរណាមួយចំពោះសមិទ្ធផលទាំងឡាយណា ដែលជាការលើកស្ទួយដល់ កិត្តិយសជាតិឡើយ ដូចជា កីឡាករកម្ពុជាទទួលបានមេដាយមាសពិភពលោក ការប្រកួតជាលក្ខណ:អន្តរជាតិទទួលបានជោគជ័យ ការដាក់បញ្ចូលប្រាសាទ ឬសិល្ប:វប្បធម៌ជាតិនានា ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកជាដើម។
កត្តាអស់ទាំងណឹង តើបងប្អូនប្រជាពលរដ្ឋវិនិច្ឆ័យឃើញយ៉ាងម៉េចទៅវិញ ? តើពួកគេបង្កើតគណបក្សនយោបាយឡើងដើម្បីគ្រាន់តែនយោបាយ ហើយមិនតម្កល់ផលប្រយោជន៍ជាតិឬ? ។ ការពិតគឺបែបណឹងយ៉ាងពិតប្រាកដ! ។
យើងពិតជាចង់ឃើញគណបក្សប្រឆាំងនៅកម្ពុជាអោយចេះតម្កល់ផលប្រយោជន៍ជាតិធំជាងប្រយោជន៍គណបក្ស ហើយចេះជួយឈឺឆ្អាល ជួយត្រេកអរ និងចេះជួយការពារជាតិនៅពេលដែលមានការបំពារបំពាន ការទទួលបានកិត្តិយសនិងការប្រមាថ មាក់ងាយពីសំណាក់ខាងក្រៅ។
មិនមែនគិតតែពីរឿងប្រយោជន៍នយោបាយខ្លួន ហើយទាត់ចោលប្រយោជន៍ជាតិ និងមានគំនិតទុទិដ្ឋិនិយមខ្លាចចាញ់ប្រៀបគូប្រជែងនយោបាយដូចសព្វថ្ងៃនេះឡើយ ។ ខ្ញុំយល់ឃើញថា ដើម្បីឲ្យប្រទេសជាតិយើងកាន់តែមានប្រជាធិបតេយ្យ នីតិរដ្ឋនិងការអភិវឌ្ឍអោយកាន់តែបានរលូនជាងនេះ គប្បីរំលាយគណបក្សប្រឆាំង សព្វថ្ងៃនេះចោល ហើយសម្លឹងមើលមេដឹកគណបក្សណាផ្សេងទៀតដែលមានសមត្ថភាពយល់ដឹងបានជ្រៅជាងនេះ ចេះស្គាល់និងចេះបែងចែកប្រយោជន៍ជាតិ និងប្រយោជន៍បក្សច្បាស់លាស់អោយមកជំនួសបក្សប្រឆាំងដ៍គំរក់សព្វថ្ងៃនេះទើបប្រសើរជាង៕
ពីប្រជាពលរដ្ឋម្នាក់ឈ្មោះ កុសល