(ភ្នំពេញ)៖ រយៈពេលជិត១ខែនេះ អាជ្ញាធរខណ្ឌឫស្សីកែវ បានប្រើវិធានការក្ដៅ ដោយអារកាត់សំយ៉ាបផ្ទះ យីហោ ស្លាកប៉ានណូ ក៏ដូចជាការបិតផ្សាយពាណិជ្ជកម្ម ឬការដាក់តាំងតូបលក់ទំនិញផ្សេងៗ ដែលប្រជាពលរដ្ឋជាអាជីវករមួយចំនួន បានសាងសង់រំលោភលើចិញ្ចើមចំណីផ្លូវសាធារណៈរបស់រដ្ឋ ចំនួន១១ទីតាំង រួមនិង៤២០ទីតាំងផ្សេងទៀត ត្រូវបានប្រជាពលរដ្ឋ ជាអាជីវករប្រកបរបរទទួលទាន យល់ដឹងអំពីច្បាប់បានច្រើន និងបានឯកភាពធ្វើកិច្ចសន្យាជាមួយអាជ្ញាធរ យល់ព្រមរុះរើ អារកាត់សំយ៉ាប ឬស្លាកយីហោចេញខ្លួនឯង ដោយមិនរំលោភយកចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋ មកធ្វើអាជីវកម្មផ្ទាល់ខ្លួនឡើយ។
ដោយសារតែស្លាកប៉ានណូ ស្លាកយីហោ ឬការដាក់តាំងតូបលក់ទំនិញផ្សេងៗ ក៏ដូចជាសំយ៉ាបផ្ទះ ដែលប្រជាពលរដ្ឋជាអាជីវករមួយចំនួន បានសាងសង់រំលោភលើចិញ្ចើមចំណីផ្លូវសាធារណៈរបស់រដ្ឋ ដើម្បីប្រកបរបរនិងបិតផ្សាយស្លាកពាណិជ្ជកម្មផ្សេងៗផ្ទាល់ខ្លួន នាំឲ្យបង្កជាការកកស្ទះចរាចរ ធ្វើឲ្យបាត់បង់ទាំងសោភ័ណ្ឌភាព និងរបៀបរៀបរយផងនោះ ត្រូវបានអាជ្ញាធរខណ្ឌឫស្សីកែវ ក្រោមការដឹកនាំពីលោក ជា ពិសី បានបើកប្រតិបត្តិការក្ដៅ ក្នុងការចុះធ្វើកិច្ចសន្យា និងរុះរើកាត់ទាំងសំយ៉ាបផ្ទះ ស្លាកយីហោមួយចំនួនដែលបានសាងសង់រំលោភ
យកចំណីចិញ្ចើមផ្លូវរបស់រដ្ឋ។
ដើម្បីប្រកបរបរអាជីវកម្មផ្ទាល់ខ្លួន ពីសំណាក់ប្រជាពលរដ្ឋជាអាជីវករខាងលើនេះ ត្រូវបានធ្វើឡើងជាបន្តបន្ទាប់ជិត១ខែមកហើយ «ពោលគឺមានរយៈពេល២៦ថ្ងៃ» ចាប់តាំងពីថ្ងៃទី១២ខែកក្កដា រហូតមកដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧នេះ តាមដងផ្លូវសាធារណៈ ដោយអនុវត្តចាប់ពីរង្វង់មូលកាំកូស៊ីធីមកខាងកើត ស្ថិតលើផ្លូវលេខ៥៩៨ (ហៅផ្លូវជាសុផារ៉ា) ស្ថិតក្នុងភូមិទួលគោក សង្កាត់ទួលសង្កែទី១ និងបន្តទិសដៅអនុវត្តពីត្បូងទៅជើង ចាប់ពីកែងស្តុបផ្លូវលេខ៦៨ តាមបណ្ដោយផ្លូវជាតិលេខ៥ រហូតមកដល់សួនច្បារទល់មុខ ការ៉ាស់ប្រេងសាំងសូគីម៉ិច ស្ថិតក្នុងភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ។
ការចុះប្រតិបត្តិការនេះ ក៏បន្តអនុវត្តចាប់ពីព្រំប្រទល់សង្កាត់ ស្រះចក ខណ្ឌដូនពេញ មកប៉ែកខាងជើងទៀត តាមបណ្ដោយផ្លូវលេខ៧០ (ហៅផ្លូវទំនប់ទួលគោក) ស្ថិតក្នុងភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ ដោយមានការឯកភាពពីលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងអភិបាលរងខណ្ឌទទួលបន្ទុក លោក ប្រាជ្ញ សីហា នាយករងរដ្ឋបាលខណ្ឌ លោក ស៊ូ សារ៉ាត់ និងមន្ត្រីពាក់ព័ន្ធរួមមាន លោក គ្រី គឹមហុង លោក តាន់ សុភក្រ លោក អ៊ាង សុខណេង លោក អាន សុធា និងកងកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌជាច្រើននាក់ផងដែរ។
ក្រោយពីបានណែនាំ និងជូនដំណឹង ជាច្រើនលើក ច្រើនសារមកហើយ ចំពោះអ្នករកស៊ីជួញដូរផ្សេងៗ «ពោលគឺអ្នកប្រកបរបរផ្ទាល់ខ្លួន នៅតែបន្តរំលោភយកចំណីចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋ មកធ្វើអាជីវកម្មដដែលជាដដែល»។
ក្នុងសកម្មភាពខាងលើនេះ លោក ជា ពិសី កាលពីកន្លងមក ក៏បានបញ្ជាក់ផងដែរថា ដើម្បីអនុវត្តឲ្យបានតាមគោលការណែនាំរបស់សាលារាជធានីភ្នំពេញ ក៏ដូចជាអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីហាមប្រាណមិនឲ្យមានដាច់ខាត ចំពោះប្រជាពលរដ្ឋជាអាជីវករ ប្រកបរបរអាជីវកម្មខុសច្បាប់ «ពោលគឺការរំលោភយកចិញ្ចើម ចំណីផ្លូវរបស់រដ្ឋ» ដែលអាចដំណើរការជោគជ័យទៅបានដោយរលូន លុះត្រាតែមានការចូលរួមសហការពីប្រជាពលរដ្ឋ។
ប៉ុន្តែបើទោះបីជាកន្លងមក អាជ្ញាធរខណ្ឌ បានចេញសេចក្តីណែនាំជូនដំណឹងទៅដល់ក្រុមអាជីវករ ដោយធ្វើការចាក់មេក្រូតាមដងផ្លូវសាធារណៈ ទាំងនៅទីប្រជុំជន ក៏ដូចជានៅតាមទីផ្សារជាដើម ក្នុងមូលដ្ឋានដើម្បីហាមប្រាមមិនឲ្យមានអាជីវករ អ្នករកស៊ីលក់ដូរផ្សេងៗ យកចិញ្ចើមផ្លូវមកប្រើប្រាស់ និងបិតផ្សាយពាណិជ្ជកម្មបានឡើយ ព្រោះជាសម្បត្តិរបស់រដ្ឋ។
លោក ជា ពិសី បន្តថា ក្រោយចេញសេចក្ដីជូនដំណឹង ជាច្រើនលើក ជាច្រើនសារ តែបែរជាក្រុមអាជីវករ ក៏ដូចជា ប្រជាពលរដ្ឋមួយចំនួន ដែលប្រកបរបរអាជីវកម្ម នៅតែបន្តបំពានមិនស្តាប់តាមការណែនាំរបស់អាជ្ញាធរឡើយ ហើយដើម្បីអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ ទៅលើអ្នកលក់ដូរ រកស៊ី ជាអាជីវករដែលមិនស្ដាប់តាមការណែនាំរបស់អាជ្ញាធរ មានសមត្ថកិច្ចទេនោះប្រាកដជាត្រូវប្រឈម និងវិធានការរដ្ឋបាលតាមផ្លូវច្បាប់មិនខាន។
បន្ថែមពីនេះ លោក ប្រាជ្ញ សីហា បញ្ជាក់ថា កម្លាំងគណៈបញ្ជាការឯកភាពចម្រុះ បានបន្តការអនុវត្តវិធានការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ ឲ្យមានរបៀបរៀបរយនេះ ក៏ព្រោះតែដើម្បីបង្ការការកកស្ទះចរាចរ និងបាត់បង់ទាំងសណ្ដាប់ធ្នាប់ ហើយក៏អាចបាត់បង់ទាំងសោភ័ណ្ឌភាព រាជធានីភ្នំពេញ បន្ទាប់ពីណែនាំជាច្រើនលើកមកហើយ ដើម្បីជម្រុញឲ្យប្រជាពលរដ្ឋ ក៏ដូចជាក្រុមអាជីវករ ដាច់ខាតសូមកុំយកចិញ្ចើមចំណីផ្លូវមកដាក់តាំង ជាតូបលក់ដូរហៀរ មកលើទ្រូងផ្លូវ ដោយក្នុងគោលបំណង ដើម្បីលុបបំបាត់ការយកចិញ្ចើមចំណីផ្លូវរបស់រដ្ឋ មកធ្វើអាជីវកម្មផ្ទាល់ខ្លួនប៉ុណ្ណោះ។
លោក ប្រាជ្ញ សីហា បន្តថា ការអនុវត្តវិធានការទៅលើប្រជាពលរដ្ឋ ក៏ដូចជា អ្នកលក់ដូរ រកស៊ី ជាអាជីវករប្រកបរបរអាជីវកម្មនានា ត្រូវបានធ្វើឡើងជាបន្តបន្ទាប់ជិត១ខែមកហើយ ចាប់តាំងពីថ្ងៃទី១២ ខែកក្កដា រហូតមកដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧នេះ «ពោលគឺមានរយៈពេល២៦ថ្ងៃ» ដោយតម្រូវឲ្យក្រុមអាជីវករទាំងអស់ ត្រូវទុកមួយភាគបី នៃចិញ្ចើមផ្លូវ និងអនុវត្តតាមគំនូសថ្នាំ ដែលគណៈកម្មការបានបាញ់កំណត់ជូន។
ដោយក្នុងនោះដែរ សំយ៉ាបផ្ទះ និងស្លាកយីហោចំនួន១១ទីតាំង ត្រូវបានប្រជាពលរដ្ឋ ជាអាជីវករក្ដីយល់ដឹងបានច្រើនអំពីច្បាប់ និងបានឯកភាពឲ្យអាជ្ញាធរអារកាត់ចោល ព្រោះស្ថិតនៅលើចិញ្ចើមចំណីផ្លូវរបស់រដ្ឋ និងប្រជាពលរដ្ឋចំនួន៤២០គ្រួសារទៀត ដែលប្រកបរបរអាជីវកម្មផ្ទាល់ខ្លួន ក៏បានឯកភាពចូលរួមសហការធ្វើកិច្ចសន្យាជាមួយអាជ្ញាធរផងដែរ។
ដោយសរុបជារួមមានទាំងការរុះរើ ឫកាត់សំយ៉ាបផ្ទះចេញដោយខ្លួនឯង និងសន្យាមិនយកចិញ្ចើមចំណីផ្លូវសាធារណៈរបស់រដ្ឋ មកប្រកបរបរអាជីវកម្មផ្ទាល់ខ្លួនឡើយ បើក្នុងករណីមិនស្ដាប់ មិនអនុវត្តតាមការណែនាំ របស់អាជ្ញាធរមានសមត្ថកិច្ចទេនោះ ប្រាកដជាត្រូវប្រឈម និងវិធានការរដ្ឋបាលតាមផ្លូវច្បាប់មិនខាន ដោយមិនទទួលខុសត្រូវលើការខូចខាតសម្ភារ ឫបាត់បង់ទ្រព្យសម្បត្តិឡើយ៕