(ភ្នំពេញ)៖ ផលិតកម្ម «សិល្បៈភាពយន្តខ្មែរ» បានរៀបចំកម្មវិធីក្រុងពាលីរឿងថ្មី លើកដំបូងរបស់ខ្លួន មានចំណងជើងថា «បន្តោងឆ្នាំងដី» នៅព្រឹកនៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០១៧ នេះ ដែលជាភាពយន្តខ្នាតធំ ត្រូវបានគេដឹងថា ប្រមូលផ្ដុំទៅដោយតារាសម្ដែងមានអាជីពផ្សេងៗគ្នា មានដូចជា កីឡាបាល់ទាត់ កីឡាប្រដាល់ អ្នកសារព័ត៌មាន តារាកំប្លែង តារាម៉ូដែល និងតារាផ្សេងៗជាច្រើនរូបទៀត ដែលធ្វើឲ្យសាច់រឿងមានលក្ខណៈខុសប្លែកពីគេ។ ផលិតកម្ម «សិល្បៈខ្មែរភាពយន្ត» មានអ្នកនាង ចន ច័ន្ទលក្ខិណា ដែលជាប្រធានសមាគមសិល្បៈ ចាងហា្វងផលិត និងលោក ហេង ឡុង ជាស្វាមី ជាអ្នកគ្រប់គ្រងទូទៅ ហើយរឿង «បន្តោងឆ្នាំងដី» ជាស្នាដៃទី១របស់ខ្លួន។
អ្នកគ្រប់គ្រងទូទៅក្នុងផលិតកម្ម «សិល្បៈភាពយន្តខ្មែរ» លោក ហេង ឡុង បានថ្លែងឲ្យដឹងថា ការបង្កើតផលិតកម្មនេះឡើង មានគោលបំណងចូលរួម លើកស្ទួយវិស័យសិល្បៈ ឲ្យមានការរីកចម្រើនទៅមុខ ដែលសព្វថ្ងៃគេសង្កេតឃើញថា តារាមួយចំនួនកំពុងតែបាត់មុខបន្តិចម្ដងៗ ដោយសារតែពួកគាត់ គ្មានឱកាស ដើម្បីបញ្ចេញសមត្ថភាពរបស់ខ្លួន នៅក្នុងវិស័យសិល្បៈមួយនេះ ជាពិសេសចង់អ្នកសិល្បៈគ្រប់រូបមានការងារធ្វើ និងបានស្ដារមុខមាត់សិល្បៈខ្មែរជាថ្មីវិញម្ដងទៀត។
ក្នុងនោះដែរ ប្រធានគ្រប់គ្រងការផលិតរូបនេះ ក៏បានលើកឡើងថា «ការចូលរួមជួយលើកស្ទួយវិស័យសិល្បៈ គឺជាកាតព្វកិច្ចរបស់ប្រធានសមាគមសិល្បៈខ្មែរ ហើយដំបូងឡើយ លោកក៏ធ្លាប់បានចូលរួមជួយលើកទឹកចិត្ត ផ្ដល់ជាសម្ភារៈផ្សេងៗ ក៏ដូចជាថវិកា ចែកជូនដល់សិល្បករ-សិល្បការិនី ដែលខ្វះខាត មិនអាចរកចំណូលបាន នៅក្នុងសិល្បៈ ប៉ុន្តែម្ដងនេះ លោកបង្វែមកជាការបើកផលិតកម្ម ហើយនឹងផ្ដល់ឱកាស ដល់តារាសម្ដែង ដែលស្ទើរតែបាត់មុខ ពីសិល្បៈបានបញ្ចេញសមត្ថភាព សារជាថ្មីម្ដងទៀត»។
សូមបញ្ជាក់ថារឿង«បន្តោងឆ្នាំងដី» ដែលជារឿងដំបូងរបស់ផលិតកម្ម «សិល្បៈភាពយន្តខ្មែរ» និពន្ធនិងដឹកនាំរឿងដោយតារាកំប្លែងល្បី នាយ ពែកមី ជាមួយការជ្រោមជ្រែងពីជំនួយការផលិត ដោយកវីដែលទើបនឹងភ្ជាប់ពាក្យថ្មីៗ គឺលោក សុខ ជំនោរ ហើយក៏ជាប្រភេទរឿងស្នេហាអាថ៌កំបាំង ការសម្លាប់ កំប្លែងលាយខ្មោច សាហាវ រន្ធត់ ត្រៀមចាក់បញ្ចាំងនៅរោងកុន នាចុងឆ្នាំ២០១៧ ខាងមុខនេះ។
នៅក្នុងរឿង «បន្តោងឆ្នាំងដី» បានចូលរួមសម្ដែង ដោយតារាជាច្រើនរូបមានដូចជា លោក ចែម ច័ន្ទដារ៉ា ហៅ នាយពែកមី, កញ្ញា ហេង ចន្ថា, លោក ឃឿន សុឡា ហៅ K01, លោក ស៊ូ យ៉ាទី, លោក វ៉ន វីវ៉ា, លោក ប៉ែន ចំរ៉ុង, លោក ហម ឆរ៉ា, អ្នកនាងឃ្មិប និងតារាសម្ដែងប្រុស-ស្រី ជាច្រើនរូបទៀត៕