(សៀមរាប)៖ អ្នកនាំពាក្យលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល លោក ស៊ិន ចាន់សិរីវុត្ថា បានថ្លែងបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ថា ដំណើរការសាងសង់ ព្រលានយន្ដហោះខេត្តសៀមរាបថ្មី ដែលវិនិយោគទឹកប្រាក់ប្រមាណ៩០០លានដុល្លារ កំពុងស្ថិតដំណាក់កាលដោះមីន និងឈូសឆាយពង្រាបដី ដោយគ្រោងនឹងចាប់ផ្ដើមសាងសង់ជាផ្លូវការ នៅឆ្នាំក្រោយ។
អ្នកនាំពាក្យដដែលរូបនេះ បានបញ្ជាក់ទៀតថា គម្រោងសាងសង់ព្រលានយន្ដហោះថ្មីលើផ្ទៃដីជាង៧០០ហិកតា នៅស្រុកសូត្រនិគម ខេត្តសៀមរាបនេះ គឺមកដល់ដំណាក់កាល នូវការចរចាបញ្ចប់រវាងរាជរដ្ឋាភិបាល និងក្រុមហ៊ុនអាកាសយាន្ដដ្ឋានអន្ដរជាតិកម្ពុជា (SCA) របស់បារាំងតែប៉ុណ្ណោះ ចំពោះនីតិវិធីផ្សេងៗទៀត បានត្រៀមរួចរាល់អស់ហើយ។
លោក ស៊ិន ចាន់សិរីវុត្ថា បានឲ្យដឹងទៀតថា នៅពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនដែលទទួលបានសិទ្ធិវិនិយោគ ព្រលានយន្ដហោះអន្ដរជាតិសៀមរាបថ្មី គឺក្រុមហ៊ុន Yunnan Provincial Investment Holding Group បាននឹងកំពុងចាប់ផ្ដើម ធ្វើការដោះមីន និងឈូសឆាយដី នៅទីតាំងថ្មីនោះ។
លោកបញ្ជាក់ទៀតថា ព្រលានយន្ដហោះថ្មីនេះ មានចំងាយប្រមាណ៥០គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប ដែលវិនិយោគ ដោយក្រុមហ៊ុនចិនលើកុងត្រា៥៥ឆ្នាំ ចែកចេញជាពីរដំណាក់កាល ដែលគ្រោងនឹងចំណាយពេលសាងសង់ ដោយចំណាយពី៣ឆ្នាំទៅ៥ឆ្នាំ។
ដោយឡែកសម្រាប់ព្រលានយន្ដហោះថ្មី១ទៀត ដែលមានទីតាំងនៅខេត្តកោះកុង ក៏កំពុងតែធ្វើសកម្មភាព ឈូសឆាយដី លើផ្ទៃដីប្រមាណ៧៥០ហិកតាផងដែរ នៅក្នុងស្រុកបទុមសារគរ ខេត្តកោះកុង។
ព្រលានយន្ដហោះនេះ វិនិយោគដោយក្រុមហ៊ុនចិន ឈ្មោះថា Union Development Group ដែលវិនិយោគលើទឹកប្រាក់ ប្រមាណ៣៥០លានដុល្លារអាមេរិក។ គម្រោងព្រលានយន្ដហោះថ្មី នៅខេត្តកោះកុងនេះ កំពុងតែសិក្សានូវគំរូប្លង់ នៅចំពេលដែលរដូវវស្សា។
សូមជម្រាបថា បច្ចុប្បន្នប្រទេសកម្ពុជា មានព្រលានយន្ដហោះអន្ដរជាតិចំនួន៣ ទី១៖ ព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ, ទី២៖ ព្រលានយន្ដហោះអន្ដរជាតិខេត្តសៀមរាប និងទី៣៖ ព្រលានយន្ដហោះអន្ដរជាតិ ខេត្តព្រះសីហនុ ដែលគ្រប់គ្រងដោយក្រុមហ៊ុនសប្បទានព្រលានយន្ដហោះ SCA របស់បារាំង ដែលមានកុងត្រារហូតដល់ឆ្នាំ២០៤០។
នៅឆមាសទី១ ឆ្នាំ២០១៧នេះ ភ្ញៀវទេសចរបរទេស ដែលចូលមកទស្សនាកម្ពុជា មានជាង២.៦លាននាក់ ខណៈភ្ញៀវធ្វើដំណើរតាមផ្លូវអាកាសមានជាង១.៦លាននាក់៕