(ភ្នំពេញ)៖ បុរសម្នាក់ជាអង្គរក្ស លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ ត្រូវបានលោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចនៅល្ងាចថ្ងៃទី១៥ ខែសីហា នេះ បញ្ជូនទៅមណ្ឌលបន្សាបគ្រឿងញៀន នៅក្រាំងធ្នង់ ខណ្ឌសែនសុខ ។
នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនឈ្មោះ ម៉ុម សួង អាយុ៤៤ឆ្នាំ ជាអង្គរក្សលោកសួន សេរីរដ្ឋា និង មានអនិកជនខ្មែររស់នៅសហរដ្ឋអាមេរិក មកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរពីដំណើររឿងរក្សាទុកអាវុធខុសច្បាប់(កាំភ្លើងជ័រ) និង ធ្វើតេស្តទឹកនោមមានសារធាតុញៀន។ ប៉ុន្តែក្រោយការសាកសួរ អង្គរក្សរូបនេះ គ្មានបទរក្សាទុកអាវុធខុសច្បាប់ទេ ទើបលោកព្រះរាជអាជ្ញារង សៀង សុខ សម្រេចបញ្ជូនទៅមណ្ឌលបន្សាបគ្រឿងញៀន។
នគរបាល បញ្ជាក់ថា ជនសង្ស័យឈ្មោះ ម៉ុម សួង អាយុ៤៤ឆ្នាំ ជាអង្គរក្សលោកសួន សេរីរដ្ឋា និងមានអនិកជនខ្មែររស់នៅសហរដ្ឋអាមេរិក ត្រូវបាននគរបាលឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី១២ ខែសីហា នៅក្នុងផ្ទះលោកសួន សេរីរដ្ឋា៕