(ភ្នំពេញ)៖ ដោយមានការយកចិត្តទុក្ខដាក់ ទៅលើសុវត្ថិភាពចំណីអាហារ ពីប្រធានប្រតិភូទទួលបន្ទុក អគ្គនាយកដ្ឋានកាំកុងត្រូល និងលោកប្រធានសាខាផែស្ងួតចុងទីភ្នំពេញ ជាក់ស្តែងនៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ក្រុមការងារមន្ត្រីសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ បានសហការជាមួយមន្ទីរពាណិជ្ជកម្ម ចុះត្រួតពិនិត្យទំនិញ តាមបណ្តាផ្សារទំនើបនានា ក្នុងមូលដ្ឋានខណ្ឌដូនពេញដើម្បីពិទិត្យមើលកាលបរិច្ឆេទ នៅលើសំបកវេចខ្ចប់របស់ទំនិញ។
ក្នុងការចុះត្រួតពិនិត្យទំនិញនាពេលនោះ មន្ត្រីសាខាកាំកុងត្រូលបានណែនាំក្រុមអាជីវករ ដាក់តាំងលក់ផលិតផលឲ្យត្រូវតា លក្ខណៈបច្ចេកទេស ដោយញែកចេញពីគ្នារវាង គ្រឿងប្រើប្រាស់ ដែលមានផ្ទុកសារធាតុពុល និងម្ហូបអាហារហាមការដាក់តាំងផលិតផលភេសជ្ជៈត្រូវកំដៅថ្ងៃ និងការដាក់លក់ផលិតផលហួសកាលបរិច្ឆេទជាដើម។
ជាមួយគ្នានេះ មន្ត្រីកាំកុងត្រូលបានបញ្ជាក់ថា លទ្ធផលក្នុងប្រតិបត្តិការលើកនេះ មន្ត្រីជំនាញសង្កេតឃើញថា ពុំមានវត្តមានទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ឡើយ នេះគឺជាលទ្ធផលគួរជាទីមោទនៈសំរាប់មន្ត្រីផែស្ងួតទាំងមូល ដែលតែងអនុវត្តនូវវិធានសរុប ទាំងការងារណែនាំដល់អាជីវករ និងដកហូតនូវទំនិញដែលមានផលអវិជ្ជមាន ដល់សុខភាពអ្នកប្រើប្រាស់។
មន្ត្រីកាំកុងត្រូល ក៏បានអំពាវនាវដល់ អាជីវករ អ្នកចែកចាយ លក់ដុំ លក់រាយ អ្នកផលិត នាំចូលចែកចាយ ត្រូវតែមានប្រភពច្បាស់លាស់សិនមុននឹងទទួលលក់ ហើយបញ្ជប់ការលាយបន្ថែមនូវសារធាតុគីមីហាត់ទៅលើផលិតផលម្ហូបអាហារ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។
ចំពោះប្រតិបត្តិការខាងលើនេះ គឺបងប្អូនប្រជាពលរដ្ឋក៏ដូចជាអាជីវករផ្សារបានសម្តែងនៅ ទឹកចិត្តរីករាយ នឹងគាំទ្រចំពោះសកម្មភាពរបស់មន្ត្រីកាំកុងត្រូល ដែលតែងតែចុះពិនិត្យទំនិញផ្សេងៗតាមបណ្តាផ្សារនឹងហាង នឹងស្តាម៉ាត នានាក្នុងរាជធានីភ្នំពេញ រកសារធាតគីមី ដើម្បីការពារសុវត្ថិភាពម្ហូបអាហារ ក៏ដូចជាការពារសុខភាពរបស់ពួកគាត់ផងដែរ៕