(ភ្នំពេញ)៖ ក្រុមចោរប្លន់៣នាក់ (ម្នាក់កំពុងរត់គេចខ្លួន) បានធ្វើសកម្មភាពបាញ់ប្លន់យកទ្រព្យសម្បត្តិពី ជនរងគ្រោះ៣នាក់ (២នាក់ជាគូដណ្តឹង និងម្នាក់ជាប្អូនស្រី) បណ្តាលឲ្យខាងប្រុសស្លាប់នោះ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧នេះ ត្រូវបានព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញលោក ខាំ ផារី បានចោទប្រកាន់ពីបទ «ឃាតកម្មគិតទុកជាមុន» ដែលទោសនេះអាចប្រឈមនឹង ការជាប់ពន្ធនាគារ អស់មួយជីវិត យោងតាមមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ ដោយមិនទាន់គិតពីការទាមទារ ជម្ងឺចិត្តផងនោះទេ។
សូមបញ្ជាក់ថា ការចោទប្រកាន់លើបទល្មើសមួយនេះ បានធ្វើឡើងបន្ទាប់ពីតំណាងអយ្យការកាលពីពេលមុន បានចោទប្រកាន់ជនទាំង៣នាក់ ជាបទល្មើស «កាន់កាប់អាវុធខុសច្បាប់ និងលួចមានស្ថានទម្ងន់ទោស»។
មន្រ្តីតុលាការបានប្រាប់ភ្នាក់ងារ Fresh News ថា លោក ជួន សុខ រាសី ប្រធានក្រុមប្រឹក្សារនៃអង្គជំនុំជំរះ នឹងប្រកាសសាលក្រមនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២៩១៧។
សូមបញ្ជាក់ថា អំពើប្លន់បាញ់ប្រហារប្លន់យកទ្រព្យសម្បត្តិមួយនេះ បានកើតឡើងនៅវេលាម៉ោង១៖១៨នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ តាមបណ្ដោយផ្លូវលេខ២០៧ នៅចំណុចផ្ទះលេខ១៤៨ស្ទួន ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំកាមន រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១-ឈ្មោះចាន់ សុវណ្ណ ហៅ អាប៉ែត ទី២-ឈ្មោះ អ៊ុំ សួស្តី ហៅអាពៅក្បាលធំ និងជនសង្ស័យទី៣-ឈ្មោះ ប៉ែន រ៉ាម៉េត អាយុ២៥ឆ្នាំ ស្នាក់នៅភូមិថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ (កំពុងរត់គេចខ្លួន)។ ប្រតិបត្តិការបង្ក្រាបនេះ កម្លាំងសមត្ថកិច្ចបានដកហូតបានកាំភ្លើងវែងមួយដើម, កាំភ្លើងខ្លី២ដើម, អាយកូមអាយឌី៣គ្រឿង, ម៉ូតូជិះធ្វើសកម្មភាព, ស្លាកលេខម៉ូតូ២ និងវត្ថុតាមមួយចំនួនទៀត។ ជនរងគ្រោះមានគ្នាបីនាក់ទី១-ឈ្មោះ ចាន់ សុខជា ភេទប្រុសអាយុ២៤ឆ្នាំ មុខរបរជានិស្សិត ស្នាក់នៅផ្ទះកើតហេតុ រងរបួសចំសៀតផ្កា១គ្រាប់, ថ្ពាល់ស្តាំមួយគ្រាប់ និងដៃស្តាំមួយគ្រាប់ (ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ) ទី២-ឈ្មោះ ចាន់ ស្រីប៉ ភេទស្រីអាយុ១៨ឆ្នាំ មុខរបរជាសិស្ស ត្រូវជាបងប្អូនបង្កើតជាមួយជនរងគ្រោះ (រងរបួសស្រាល)និងទី៣-ឈ្មោះ នេត សុធារ័ត្ន ភេទស្រីអាយុ២២ឆ្នាំ មុខរបរនិស្សិត ស្នាក់នៅសង្កាត់-ខណ្ឌដង្កោ រាជធានីភ្នំពេញ (រងរបួសជើង) ត្រូវជាគូដណ្ដឹងជាមួយឈ្មោះ ចាន់ សុខជា។
នៅមុនពេលកើតហេតុ ពួកគេទាំងបីនាក់ ទើបតែមកពីកម្មវិធីមិត្តភ័ក្រនៅកោះពេជ្រ ដោយជិះរថយន្ដម៉ាក ឡិចស៊ីសGS300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AI-8799។ ពេលដែលមកដល់ខាងមុខផ្ទះឈ្មោះ នេត សុធារ័ត្ន ដែលត្រូវជាគូដណ្ដឹងរបស់បងប្រុស បានចុះពីរថយន្ដមកបើកទ្វារផ្ទះ ស្រាប់តែមានជនសង្ស័យមានគ្នាបីនាក់ ជិះម៉ូតូពីរគ្រឿងម៉ាក ហុងដាឌ្រីម C110 (សង់ប៊ិច) ពណ៌ខ្មៅមួយគ្រឿង និងម៉ាកឃ្លីក ពណ៌សមួយគ្រឿង (មិនចាំស្លាកលេខ) បានមកឈប់ខាងក្រោយរថយន្ដ ហើយមានម្នាក់បានចុះពីម៉ូតូសំដៅមកបងស្រីដែលកំពុងបើកទ្វារផ្ទះ។
ពេលដែលឃើញដូច្នេះ រូបគាត់ក៏ចុះទៅជួយបងស្រីទាំងដៃកាន់ទូរស័ព្ទមួយគ្រឿង ហើយក៏ត្រូវជនសង្ស័យដណ្ដើមយកបាន ចំណែកបងប្រុសពេលដែលឃើញជនសង្ស័យប្លន់យកទូរស័ព្ទដៃបាន ក៏បើករថយន្ដបំបុកជនសង្ស័យ តែមិនត្រូវបែរជាបុកត្រូវគូដណ្ដឹងរបស់ខ្លួនទៅវិញ និងបាក់ទ្វារផ្ទះថែមទៀត ហើយជនសង្ស័យបានដកកាំភ្លើងបាញ់ទម្លុះកញ្ចក់រថយន្ដ៣គ្រាប់ បណ្ដាលឱ្យត្រូវក្បាលជនរងគ្រោះចំនួនពីររងរបួសធ្ងន់ ហើយជនល្មើសជិះម៉ូតូគេចខ្លួនបាត់តែម្ដង។
ក្រោយកើតហេតុ ជនរងរគ្រោះពីរនាក់ ដែលត្រូវជាគូដណ្ដឹងនឹងគ្នា ត្រូវបានសាច់ញាតិដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត។ អកុសលបុរសរងគ្រោះបានទទួលមរណភាព៕