(ភ្នំពេញ)៖ លោក ឆាយ សុផល អ្នកសារព័ត៌មានជើងចាស់ និងជាអ្នកនិពន្ធសៀវភៅ ដ៏ល្បីម្នាក់ផងនោះ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧នេះ បានចេញសៀវភៅថ្មីមួយទៀត របស់លោកដែលមានចំណងជើងថា «ខៀវ កាញារីទ្ធ-ជីវិតក្នុងសមរភូមិទស្សនៈចម្រុះពណ៌»។ នេះជាសៀវភៅទី៨ហើយដែល លោក ឆាយ សុផល បានស្រាវជ្រាវចងក្រង និងបោះពុម្ពផ្សាយជាសាធារណៈដែលមានដាក់លក់ នៅតាមបណ្ណាគារ និងបណ្ណាល័យជាច្រើន។
សៀវភៅ «ខៀវ កាញារីទ្ធ-ជីវិតក្នុងសមរភូមិទស្សនៈចម្រុះពណ៌» បានរៀបរាប់ពីជីវិតរបស់លោករដ្ឋមន្រ្តីព័ត៌មាន ខៀវ កាញារីទ្ធ ដែលលោកបានឆ្លងកាត់ច្រើនដំណាក់កាល និងមនោគមវិជ្ជាចម្រុះ ចាប់តាំងពីមុនឆ្នាំ១៩៧០ មកដល់ឆ្នាំ២០១៧នេះ។ នៅក្នុងសៀវភៅក៏បានលាតត្រដាងពីភាពជូរចត់ ផ្អែមល្អែម ការប្រឈម និងភាព ជោគជ័យនៅក្នុងជីវិតជាអ្នកព័ត៌មាន និងជាមន្រ្តីព័ត៌មាន ក៏ដូចជាមន្រ្តីរបស់រាជរដ្ឋាភិបាលផងដែរ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីជួបលោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ រួចមក លោក ឆាយ សុផល បាននិយាយថា ចំណុចពិសេសរបស់លោករដ្ឋមន្រ្តីព័ត៌មាន គឺភាពស្មោះត្រង់ និងការបំពេញការងារ ប្រកបដោយជំនាញនិងវិជ្ជាជីវៈ ខណៈដែលលោកចេះជួយយកអាសារអ្នកដ៏ទៃ។ លោក ឆាយ សុផល បាននិយាយបន្តថា សៀវភៅដែលមានកម្រាស់ ជាង៣០០ទំព័រនេះ គឺលោកបានស្រាវជ្រាវនិងចងក្រង ចាប់តាំងពីឆ្នាំ២០១១ ហើយនៅព្រឹកមិញនេះ លោកបានប្រគល់សៀវភៅចំនួន ២២២ច្បាប់ ជូនលោករដ្ឋមន្រ្តីក្រសួងព័ត៌មានខៀវ កាញារីទ្ធ ដើម្បីលោកបានទុកចែកជូន មន្រ្តីរបស់លោកអាន៕