(ភ្នំពេញ)៖ ទីបំផុត ! រឿងក្តីជនជាប់ចោទ គុយ សិទ្ធិសក្តិ កូនប្រុសលោក គុយ ប៊ុនសន អតីតអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ ជាមួយកញ្ញា សុខ ចិន្ដា ហៅ វ៉ាន់ នីឡា ពាក់ព័ន្ធការប្រើហិង្សានិងបង្ហោះរូបភាពអាក្រាតនោះ ឥឡូវត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមហើយ នៅរសៀលថ្ងៃទី១៥ ខែសីហា នេះ ដោយផ្តន្ទាទោសជនជាប់ចោទដាក់ពន្ធនាគាររយៈពេល១ឆ្នាំ និងបង្គាប់ឲ្យសងសំណងជំងឺចិត្តដល់ដើមបណ្ដឹងចំនួន២០០លានរៀល។
នៅក្នុងការប្រកាសសាលក្រមនេះ គេពុំបានឮលោក កោ វណ្ឌី អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ ប្រកាសចេញដីកាបង្គាប់ឲ្យចាប់ខ្លួនជនជាប់ចោទ គុយ សិទ្ធិសក្តិ ទេ (ពុំមានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនទេ) តែបើកផ្លូវឲ្យជនជាប់ចោទប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់។
ជនជាប់ចោទ គុយ សិទ្ធិសក្តិ ត្រូវបានចោទប្រកាន់ពីបទ «ហិង្សាដោយចេតនានិងចែកចាយរូបភាពអាសអាភាស» ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៦ តាមមាត្រា២១៧ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣៨ និងមាត្រា៣៩ ច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។
ទោះបីអវត្តមានជនជាប់ចោទ គុយ សិទ្ធិសក្តិ ក្នុងពេលសវនាការក៏ដោយ ក្រឡាបញ្ជីសវនាការបានអានចម្លើយរបស់គុយ សិទ្ធិសក្តិ នៅដំណាក់កាលចៅក្រមស៊ើបសួរ ដោយបញ្ជាក់ថា គុយ សិទ្ធិសក្តិ បានស្គាល់ សុខ ចិន្តា ហៅ វ៉ាន់ នីឡា តាមហ្វេសប៊ុកកាលពីឆ្នាំ២០១៤ហើយដល់ឆ្នាំ២០១៥ បានស្រលាញ់គ្នាហើយ ក៏បាននាំទៅលេងផ្ទះនិងជួបប៉ាម៉ាក់។ចំណែករឿងដែលចោទថា គុយ សិទ្ធិសក្តិ បង្ហោះរូបអាសអាភាស គឺជនជាប់ចោទមិនបានដឹងទេ និងសុំឲ្យតុលាការជួយរកយុត្តិធម៌។
ដោយឡែកលោក នួន បូរ៉ា មេធាវីការពារសិទ្ធិឲ្យដើមបណ្តឹងបាននិយាយនៅពេលសវនាការថា កាលពីថ្ងៃទី២៦ខែកុម្ភៈឆ្នាំ២០១៦ លោក គុយ សិទ្ធិសក្តិ និង ដើមបណ្តឹង សុខ ចិន្តា ហៅ វ៉ាន់ លីឡា បានឈ្លោះគ្នាហើយ គុយ សិទ្ធិសក្តិ បានវាយ វ៉ាន់ នីឡា ។ ពេលនោះជនរងគ្រោះ បានបើកឡានចេញឲ្យគេជួយ ហើយពេលនោះ គុយ សិទ្ធិសក្តិ បានបើកឡានរបស់ជនរងគ្រោះចេញទៅ ហើយនៅក្នុងឡាននោះក៏មានកាបូបទូរស័ព្ទរបស់ជនរងគ្រោះផងដែរដោយរយៈពេលជិត១០ថ្ងៃ ទើបគុយ សិទ្ធិសក្តិ បានយកមកប្រគល់ឲ្យវ៉ាន់ នីឡា វិញ។
លោកមេធាវី បន្តថា ចំណែករូបដែលបានបង្ហោះនោះគឺដោយសារតែការស្រលាញ់គ្នានិងគិតថាបានគ្នាជាប្តីប្រពន្ធទើបមានការថតផ្ញើឲ្យគ្នាមើលដោយសារតែ គុយ សិទ្ធិសក្តិនៅរៀនឯបរទេស។ក្នុងរឿងក្ដីនេះ ដើមបណ្ដឹងរដ្ឋប្បវេណីទាមទារសំណងជំងឺចិត្តចំនួន៥០ម៉ឺនដុល្លារ ។
លោក សេង ហៀង ជាតំណាងអយ្យការ នៅតែសន្និដ្ឋានរក្សាបទចោទប្រកាន់លើជនជាប់ចោទ គុយ សិទ្ធិសក្តិ ដដែល ហើយស្នើតុលាការសម្រេចតាមច្បាប់ ៕