(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានឧបត្ថម្ភនូវគ្រឿងឧបភោគ-បរិភោគ សម្ភារៈប្រើប្រាស់ ថវិកា និងរៀបចំអាហារមួយពេលជូនដល់កុមារខ្សោយសតិបញ្ញា កុមារពិការ កុមារផ្ទុកមេរោគអេដស៍ កុមារកំព្រា គ្រូ-បុគ្គលិក និងអ្នកស្ម័គ្រចិត្តបរទេសសរុបចំនួន ១៩៨នាក់ នៃបុរីទារក និងកុមារជាតិ ដែលមានទីតាំងស្ថិតនៅភូមិដំណាក់៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្នុងឱកាសចុះសួរសុខទុក្ខនោះ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តាំសួរសុខទុក្ខ ក្តីអាណិត ស្រឡាញ់ប្រកបដោយមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ ចំពោះក្មួយៗកុមារទាំងអស់ និងបានថ្លែងនូវការកោតសរសើរចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់គ្រូ-បុគ្គលិក អ្នកស្ម័គ្រចិត្តបរទេស ដែលបានយកអស់កម្លាំងកាយ-ចិត្ត រួមចំណែកលើកកម្ពស់ តម្លៃមនុស្សធម៌ របស់មនុស្សជាតិ ពិសេសជួយឱ្យកុមារពិការខ្សោយសតិបញ្ញាទាំងអស់ បានរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ មានការចិញ្ចឹមបីបាច់ ផ្តល់ភាពកក់ក្តៅ និងផ្តល់ការអប់រំ។
ក្នុងន័យនេះ កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតនៃ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជានិច្ចកាលតែងគិតគូរយកចិត្តទុកដាក់គ្រប់ជ្រុងជ្រោយធ្វើយ៉ាងណា លើកកម្ពស់តម្លៃមនុស្សធម៌ ជួយសម្រាលការលំបាក ដល់ជនងាយរងគ្រោះបំផុត នៅទូទាំងប្រទេសកម្ពុជា។
ជាមួយគ្នានោះ លោកស្រី ថោ ពៅ ប្រធានបុរីទារក និងកុមារជាតិ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែគិតគូរពីសុខទុក្ខ ហើយបានឧបត្ថម្ភជាបន្តបន្ទាប់ ហើយលោកស្រី ក៏សូមជូនពរដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមមានសុខភាពល្អ កម្លាំងមាំមួន អាយុយ៉ឺនយូរ ដើម្បីនៅជាម្លប់ និងផ្តល់ភាពកក់ក្តៅ ដល់ប្រជាជនរងគ្រោះគ្រប់ៗគ្នា។
សូមបញ្ជាក់ថា អំណោយសម្រាប់ប្រគល់ជូនបុរីទារកនិងកុមារជាតិ រួមមាន ៖ អង្ករ ២តោន អាហារវីតាមីន ២០កេស មីយើង ៤០កេស ត្រីខ ៨កេស ទឹកក្រូច ១៥កេស ទឹកសុទ្ធ ១៥កេស ទឹកត្រី ២៤ដប ទឹកស៊ីអ៊ីវ ២៤ដប ប្រេងឆា ២៤ដប ថវិកា ១០លានរៀល និងអាហារមួយពេល (មាន ២២តុ)។ ដោយឡែក សម្រាប់ គ្រូ-បុគ្គលិក អ្នកស្ម័គ្រចិត្តសរុបចំនួន ៥៨នាក់ ក្នុងម្នាក់ៗទទួលបាន សារុង ១ និងថវិកា ១០ម៉ឺនរៀល៕