(ត្បូងឃ្មុំ)៖ លោក លី វ៉ាន់ហុង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានដឹកនាំគណៈប្រតិភូវៀតណាម មកពីបណ្តាក្រសួងមួយចំនួនមកសិក្សា ស្វែងយល់ផ្លាស់ប្តូរបទពិសោធន៍នៃការផ្សាយរបស់វិទ្យុជាតិត្បូងឃ្មុំ FM 88.00 MHz ទៅលើបច្ចេកទេសផ្សាយ បច្ចេកទេសក្នុងការធ្វើកម្មវិធី និងត្រួតពិនិត្យទៅលើកម្លាំងម៉ាស៊ីនផ្សាយរបស់វិទ្យុ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧នេះ។
ស្ថិតក្នុងឱកាសនោះ ក្រោមការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីលោក ស ស៊ីណា ប្រធានមន្ទីរព័ត៌មានខេត្ត រួមជាមួយ អនុប្រធានមន្ទីរ មន្ត្រី និងបុគ្គលិក នៃមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ ប្រកបដោយភាពស្និតស្នាល រួសរាយរាក់ទាក់។
លោក លី វ៉ាន់ហុង បានថ្លៃងថា គណៈប្រតិភូវៀតណាម ដែលបានមកសិក្សាស្វែងយល់ផ្លាស់ប្តូរបទពិសោធន៍នាពេលនេះ បង្ហាញឲ្យឃើញពី កិច្ចសហការដ៏ល្អរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាមនិយាយជារួម និងនិយាយដោយឡែកក្រសួងព័ត៌មាន និងក្រសួងនានានៃវៀតណាម ដែលជាមិត្តមិនអាចកាត់ផ្តាច់បានជាពិសេសក្រោមការដឹកនាំដ៏ល្អវៃឆ្លាត ប្រកបដោយប្រសិទ្ធភាព ពីលោក ខៀវ កញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកភាពរីកចម្រើន និងចងសម្ព័ន្ធភាពជាមួយប្រទេសនានាក្នុងតំបន់ និងនៅលើឆាកអន្តរជាតិក្នុងនាមប្រទេសជាមិត្ត។
លោក លី វ៉ាន់ហុង បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកទាំងអស់ នៃមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ ទាំងអស់ ដែលបានខិតខំបំពេញការងារទទួលបាននូវលទ្ធផលល្អកន្លងមក ក៏ដូចជាទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងបង្កលក្ខណៈងាយស្រួល ដល់គណៈប្រតិភូវៀតណាម ដែលបានអញ្ជើញមកនាថ្ងៃនេះ៕