(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា លោកបណ្ឌិត ហង់ ជួនណារ៉ុន តាមរយៈវីដេអូឃ្លីប ដែលបង្ហោះលើក Facebook ផ្លូវការរបស់ក្រសួងអប់រំ បានអំពាវនាវឲ្យប្អូនៗទាំងអស់ ដែលជាបេក្ខជន-បេក្ខនារី ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) កុំឲ្យមានការភ័យខ្លាច ហើយត្រូវតែមានជំនឿជឿជាក់លើខ្លួនឯង និងគោរពទៅតាមបទបញ្ញាត្តិ របស់ក្រសួងអប់រំ យុវជន និងកីឡា។
លោកបណ្ឌិត ហង់ ជួនណារ៉ុន បានថ្លែងយ៉ាងដូច្នោះថា «សូមឲ្យប្អូនៗទាំងអស់ ដែលជាបេក្ខជន បេក្ខនារី ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សូមឲ្យប្អូនៗ កុំឲ្យមានការភ័យខ្លាច ហើយមានជំនឿជឿជាក់លើខ្លួនឯង ប៉ុន្ដែប្អូនៗត្រូវតែគោរពតាមបទបញ្ញាត្តិរបស់ក្រសួងអប់រំ យុវជន និងកីឡា គោរពទៅតាមវិន័យ»។
រដ្ឋមន្ដ្រីក្រសួងអប់រំ បញ្ជាក់ទៀតថា បេក្ខជនប្រឡងទាំងអស់ ត្រូវតែខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្ត ប្រើប្រាស់នូវបញ្ញាញាណរបស់ខ្លួន ចំណេះដឹងរបស់ខ្លួន ដើម្បីប្រឡងឲ្យទទួលបាននូវជោគជ័យ។
លោកបណ្ឌិតក៏អំពាវនាវឲ្យ លោកគ្រូ-អ្នកគ្រូ មេត្ដាយកចិត្តទុកដាក់ អាននូវបទបញ្ញាត្ដិ និងសូមជូនពរ លោកគ្រូ-អ្នកគ្រូ ក៏ដូចជាបេក្ខជនទាំងអស់ សូមដំណើរការប្រឡង ទៅដោយរលូន ហើយក៏សុំឲ្យការបំពេញភារកិច្ច ក៏ដូចជាការប្រឡងថ្នាក់ទី១២នេះ ទទួលបាននូវជោគជ័យគ្រប់ៗគ្នា។
រដ្ឋមន្ដ្រី ហង់ ជួនណារ៉ុន បានថ្លែងថា «ខ្ញុំសូមថ្លែងអំណរគុណ ដល់លោកគ្រូ អ្នកគ្រូទាំងអស់ ក៏ដូចជាមន្រ្ដីអប់រំ គ្រប់លំដាក់ថ្នាក់ ដែលបានបម្រើការងារ នៅក្នុងគណៈកម្មាការ មេប្រយោគប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារ ដើម្បីធានាឲ្យការប្រឡងនេះ ប្រព្រឹត្ដទៅបានល្អ និងដោយរលូន»។
សូមជម្រាបថា ការប្រឡងបាក់ឌុបឆ្នាំនេះ នឹងត្រូវប្រព្រឹត្តទៅរយៈពេល២ថ្ងៃ នៅថ្ងៃទី២១-២២ ខែសីហា ឆ្នាំ២០១៧ ហើយប្រកាសលទ្ធផល នៅតាមមណ្ឌលប្រឡងនីមួយៗ នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ សម្រាប់មណ្ឌលប្រឡង នៅរាជរាធានីភ្នំពេញ និងខេត្ដកណ្ដាល និងនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ សម្រាប់មណ្ឌលប្រឡងនៅខេត្តផ្សេងៗទៀត។
សូមបញ្ជាក់ថា បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅក្នុងឆ្នាំ២០១៧នេះ មានចំនួនសរុប ១០៣,១១២នាក់ ដែលមានការកើនឡើងជាងឆ្នាំមុន ប្រមាណជាង ៩ពាន់នាក់ បើធៀបនឹងឆ្នាំ២០១៦៕