(ភ្នំពេញ)៖ លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាអភិបាលខណ្ឌដង្កោ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ បានចុះពិនិត្យមើល ផ្លូវបេតុងថ្មី០១ខ្សែ ដែលទើបស្ថាបនារួច ស្ថិតក្នុងភូមិគោកបន្ទាយ សង្កាត់ព្រៃស ដោយប្រើប្រាស់ថវិការបស់រដ្ឋបាលខណ្ឌឆ្នាំ២០១៧។
លោកអភិបាល ក៏បានបន្ដសំណេះសំណាលសាកសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ និងស្វែងយល់ពីតម្រូវការបញ្ហា កង្វល់នានារបស់ពួកគាត់ ដើម្បីធ្វើការដោះស្រាយ ជូនបានទាន់ពេលវេលា។
ជាមួយគ្នានោះ បងប្អូនប្រជាពលរដ្ឋបានធ្វើការអបអរសាទរ និងថ្លែងអំណរគុណ ចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ ដល់តម្រូវការរបស់ពួកគាត់ ចំពោះការធ្វើសៀវភៅស្នាក់នៅ អត្តសញ្ញាណប័ណ្ណ និងការផ្តល់សេវាសាធារណៈនានា ហើយចំពោះផ្លូវបេតុងថ្មី០១ខ្សែនេះ បានជួយសម្រួលដល់ការធ្វើដំណើររបស់ពួកគាត់ ធំទំលាយ មានផាសុខភាព និងកាត់បន្ថយការកកស្ទះចរាចរណ៍ផងដែរ។
លោកអភិបាលខណ្ឌក៏ផ្តាំការសួរសុខទុក្ខ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទាំង ប្រទេស។
លោកអភិបាលខណ្ឌក៏បានណែនាំដល់អាជ្ញាធរ និងសមត្ថកិច្ចត្រូវបន្តការរៀបចំសណ្តាប់ធ្នាប់ បង្ក្រាបបទល្មើសគ្រឿងញៀន និងដោះស្រាយសំណូមពរផ្សេងៗទៀត បានទាន់ពេលវេលាជូនប្រជាពលរដ្ឋ៕