(ភ្នំពេញ)៖ នៅវេលាម៉ោងប្រមាណ១៖៣០នាទីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងនគរបាលខណ្ឌទួលគោក និងអាជ្ញាធរដែនដី ដឹកនាំលោក សៀង សុខ ព្រះរាជអាជ្ញាអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក អ៊ី សុខឃី ប្រធាននាយកដ្ឋាន បានបញ្ចប់ការចុះឆែកឆេរទីស្នាក់ការគណបក្សអំណាចខ្មែរ ស្ថិតនៅក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក។
ទោះបីយ៉ាងណាការឆែកឆេរនេះ សមត្ថកិច្ចមិនទាន់បានប្រាប់អំពីលទ្ធផលនៅឡើយនោះទេ ប៉ុន្តែត្រូវបានគេឃើញថា សមត្ថកិច្ចបានប្រមូលយកសម្ភារៈមួយចំនួនមានទាំងឯកសារ និងសំភារៈកំុព្យូទ័រ...។ល។
សូមបញ្ជាក់ថា ការចុះឆែកឆេរនេះ បានធ្វើឡើងបន្ទាប់ពីអតីតមេបក្សអំណាចខ្មែរលោក សួន សេរីរដ្ឋា ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទីអាទិត្យ ទី១៣ ខែសីហា កន្លងទៅនេះ ក្រោយបានសរសេរអត្ថបទវាយប្រហារ និងប្រមាថយ៉ាងធ្ងន់ធ្ងរចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងមេទ័ពកម្ពុជា ពាក់ព័ន្ធនឹងការការពារបូរណភាពទឹកដី និងវិធីដោះស្រាយវិវាទជាមួយប្រទេសឡាវ។
នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ម្សិលមិញនេះ លោក សួន សេរីរដ្ឋា ត្រូវបានតុលាការសម្រេចចោទប្រកាន់ចំនួន ៣បទល្មើសរួមមាន៖
១៖ បទ ញុះញង់កុំឱ្យយោធិនស្តាប់បង្គាប់ តាមបញ្ញត្តិមាត្រា៤៧១នៃក្រមព្រហ្មទណ្ឌ
២៖ បទ ធ្វើឱ្យខូចទឹកចិត្តកងទ័ព តាមបញ្ញត្តិមាត្រា៤៧២ នៃក្រមព្រហ្មទណ្ឌ
៣៖ បទ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមបញ្ញត្តិមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។
ដោយហេតុថាករណីខាងលើជាបទមជ្ឈិមជាក់ស្តែង ហើយសំណុំរឿងនេះបានបំពេញលក្ខខណ្ឌនៃនីតិវិធី នៃការបង្ហាញខ្លួនភ្លាម តាមបញ្ញត្តិមាត្រា៤៧ និងមាត្រា៤៨ នៃក្រមនីតិវិធីព្រហ្មទណ្ឌ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់និងបញ្ជូនជនជាប់ចោទឈ្មោះ សួន សេរីរដ្ឋា រួមទាំងសំណុំរឿង តាមកំណត់ហេតុស្តីអំពីការបង្គាប់ឱ្យចូលបង្ហាញខ្លួនភ្លាមលេខ ០១៨ អ.យ.ឋ ចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ ទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីជំនុំជម្រះ។
សម្តីប្រមាថរបស់លោក សួន សេរីរដ្ឋា ចំពោះវីរភាពរបស់កងទ័ព និងប្រមាថចំពោះការប្រើកិច្ចការទូតរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងចរចាជាមួយភាគីឡាវ រហូតឡាវព្រមដកទ័ពចេញពីដីខ្មែរកាលពីថ្ងៃទី១២ ខែសីហា ដោយសន្តិវិធី និងគ្មានផ្ទុះអាវុធ បានធ្វើឲ្យកងទ័ពប្រតិកម្មខឹងសម្បាយ៉ាងខ្លាំង និងទទូចឲ្យសមត្ថកិច្ចផ្តន្ទាទោសលោក សួន សេរីរដ្ឋា ដោយគ្មានការលើកលែងនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៤ ខែសីហា ម្សិលមិញនេះ ក៏បានសម្តែងប្រតិកម្មខ្លាំងក្លាផងដែរចំពោះសម្តីប្រមាថរបស់លោក សួន សេរីរដ្ឋា។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការចូលខ្លួនចរចាជាមួយនាយករដ្ឋមន្រ្តីឡាវ មិនមែនជាការឱនក្បាលដូចការលើកឡើងរបស់លោក សួន សេរីរដ្ឋា នោះទេ តែជាការប្រើការទូតដ៏ទន់ភ្លន់ និងសុឆន្ទៈ ដើម្បីដោះស្រាយបញ្ហាជាមួយប្រទេសឡាវ។
សម្តេចតេជោ ហ៊ុន សែន ក៏បានព្រមានដែរថា ទោសប្រមាថដល់កងទ័ពរបស់លោក សួន សេរីរដ្ឋា មិនអាចលើកឡើងឲ្យបាននោះឡើយ។ ក្រៅតែពីការប្រមាថចំពោះកងទ័ព និងប្រមុខដឹកនាំកម្ពុជាហើយនោះ លោក សួន សេរីរដ្ឋា នៅមានទោសធ្ងន់ធ្ងរមួយទៀត គឺការប្រមាថព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី។ បើតាមសម្តេចតេជោ ហ៊ុន សែន ទោសប្រមាថព្រះមហាក្សត្រពីសំណាក់លោក សួន សេរីរដ្ឋា នេះ អាចឈានទៅរំលាយគណបក្សនយោបាយនេះថែមទៀតផង។
បើទោះបីជាយ៉ាងណា នៅថ្ងៃម្សិលមិញនេះ លោក សួន សេរីរដ្ឋា បានសម្រេចលាឈប់ពីតួនាទីជាប្រធានគណបក្សអំណាចខ្មែរ និងផ្ទេរសិទ្ធិទៅឲ្យលោក សួង សុភណ្ឌ ដែលជាប្រធានស្តីទី ជាអ្នកកាន់កាប់ និងដឹកនាំបក្សជំនួសវិញ។
សូមបញ្ជាក់ថា លោក សួន សេរីរដ្ឋា ធ្លាប់បានតុលាការផ្តន្ទាទោសម្តងរួចមកហើយកាលពីអំឡុងឆ្នាំ២០០១ ពីបទប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល ហើយបានរត់គេចខ្លួនទៅ ក្រៅប្រទេស រហូតដល់អំឡុងឆ្នាំ២០១៦ ក្រោយពេលព្រះមហាក្សត្រព្រះរាជទានទោស លោក សួន សេរីរដ្ឋា ក៏បានវិលត្រឡប់មកប្រទេសកម្ពុជាវិញ និងធ្វើសកម្មភាពនយោបាយជាមួយគណបក្សអំណាចខ្មែរ ដែលបង្កើតឡើងដោយរូបលោកផ្ទាល់៕