(ភ្នំពេញ)៖ វគ្គបំប៉នត្រៀមប្រឡងមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា (បាក់ឌុប) ដែលរៀបចំឡើងដោយ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) និងក្រសួងអប់រំ នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ ស្អែកនេះ ដោយទទួលបានផ្លែផ្កាគួរជាទីមោទនៈផងដែរ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ ស.ស.យ.ក ដែល Fresh News ទទួលបាននៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧នេះ។
យោងតាមសេចក្ដីជូនដំណឹង បានឲ្យដឹងថា វគ្គបំប៉ននេះធ្វើឡើងក្នុងគោលបំណង ពង្រឹងសមត្ថភាពសិស្ស ដើម្បីឲ្យទទួលបានលទ្ធផលកាន់តែប្រសើរ និងឈានទៅទទួលបាន និទ្ទេសល្អៗក្នុងការប្រឡង។ វគ្គបំប៉ននេះបានចាប់ផ្ដើមឡើងនៅថ្ងៃទី១៦ ខែកក្កដា និងត្រូវបានបិទបញ្ចប់នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ ស្អែកនេះ ។
ជាលទ្ធផលនៃការបើកវគ្គបំប៉នរយៈពេល១ខែនេះ បានបញ្ចប់ទៅប្រកបដោយភាពជោគជ័យ គួរជាទីមោទនៈ ជាមួយគ្នានោះ ស.ស.យ.ក ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកគ្រូ អ្នកគ្រូ គណៈគ្រប់គ្រងវិទ្យាល័យ ដែលបានខិតខំអស់ពីកម្លាំងកាយចិត្ត ក្នុងការផ្ទេរចំណេះដឹង និងសម្របសម្រួល ដើម្បីធ្វើយ៉ាងណាឲ្យប្អូនៗមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការប្រឡងនាពេលខាងមុខ៕