(កែប)៖ ករណីមានជនមិនស្គាល់មុខបានដាក់គ្រឿងផ្ទុះនៅទូម៉ាស៊ីន ATM សម្រាប់ដកប្រាក់របស់ធនាគារ ABA បណ្តាលឲ្យផ្ទុះឆេះបំផ្លាញស្ទើរទាំងស្រុង កាលពីវេលាម៉ោង ទៀបភ្លឺថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅមុខអាហារដ្ឋាន ដេលី តាមផ្លូវជាតិលេខ៣៣A ខាងជើងឆ្នេរកែប ក្រុងកែប ខេត្តកែបនោះ សមត្ថកិច្ចបានបញ្ជាក់ប្រាប់ភ្នាក់ងារ Fresh News ថា ទឹកប្រាក់ប្រមាណជាង១ម៉ឺនដុល្លារត្រូវបានបាត់បង់ និងខូចខាត។
ជាមួយគ្នានេះ បើមើលតាមកាមេរ៉ាសុវត្ថិភាព ដែលត្រូវបានបំពាក់នៅក្នុងម៉ាស៊ីនទូ ATM នោះបានបង្ហាញថា ជនល្មើសដែលបានពាក់មួកសវុត្ថិភាព ពាក់ស្រោមមុខយ៉ាងជិតនោះ បានយកស្រ្ពាយទៅបាញ់បំបិតមុខ កាមេរ៉ាសុវត្ថិភាពចំនួន២កន្លែង មុនពេលរូបគេបានធ្វើសកម្មភាពដាក់គ្រឿងបំផ្ទុះ បណ្តាលឲ្យឆេះ និងរងការខូចខាតស្ទើរទាំងស្រុង។ (សូមទស្សនាវីដេអូចំនួន១១វិនាទី)
សូមបញ្ជាក់ថា មានជនមិនស្គាល់មុខ បានដាក់គ្រឿងផ្ទុះនៅទូម៉ាស៊ីន ATM សម្រាប់ដកប្រាក់របស់ធនាគារ ABA បណ្តាលឲ្យផ្ទុះឆេះបំផ្លាញស្ទើរទាំងស្រុង កាលពីវេលាម៉ោងទៀបភ្លឺ ទី១៥ ខែសីហា ឆ្នាំ២០១៧នេះ។ ម៉ាស៊ីនទូ ATM សម្រាប់ដកប្រាក់របស់ធនាគារ ABA ស្ថិតនៅមុខអាហារដ្ឋាន ដេលី តាមផ្លូវជាតិលេខ៣៣A ខាងជើងឆ្នេរកែប ក្រុងកែប ខេត្តកែប ដែលបណ្តាលឲ្យឆេះទូនោះតែម្តង។
ស្នងការនគរបាលខេត្តកែប លោកឧត្តមសេនីយ៍ទោ អ៊ីង សំអុល បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា អំពើដាក់បំផ្ទុះក្នុងម៉ាស៊ីនទូ ATM ជាអំពើចោរកម្ម លួចយកលុយ ប៉ុន្តែនៅពេលនេះ កម្លាំងនគរបាលរបស់លោក សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បាននឹងកំពុងបើកការស្រាវជ្រាវ ដើម្បីឈានទៅដល់ការចាប់ខ្លួនជនល្មើស។
សូមបញ្ជាក់ថា នេះជាករណីលើកទី១ ដែលបានកើតឡើងនៅខេត្តកែប ហើយករណីនេះ ក៏ធ្លាប់បានកើតមានម្តង កាលពីពេលកន្លងទៅ នៅខណ្ឌទួលគោក រាជធានីភ្នំពេញផងដែរ៕