Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធាន គ.ជ.ប លោក ស៊ិក ប៊ុនហុក៖ ពលរដ្ឋដែលត្រូវចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧ មានជាង១.៤លាននាក់ (Video inside)

15-08-2017 12:58

(ភ្នំពេញ)៖ ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយប្រតិទិន នៃការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ និងការផ្សព្វផ្សាយពីស្ថិតិប្រជាពលរដ្ឋ និងចំនួនការិយាល័យបោះឆ្នោតប៉ាន់ស្មាន នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧នេះ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរដែលត្រូវចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧ មានចំនួន ១,៤១២,១៤៩នាក់ទៀត។

ក្នុងកិច្ចប្រជុំនោះ លោកប្រធាន គ.ជ.ប បានឲ្យដឹងថា ស្ថិតិរបស់ប្រជាពលរដ្ឋប៉ាន់ស្មាន សម្រាប់ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ មានបង្ហាញថា ប្រជាពលរដ្ឋកម្ពុជាសរុបមានចំនួន ១៥,៨៨៣,២៥០នាក់ ក្នុងនោះមានប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង ពោលគឺគ្រប់អាយុបោះឆ្នោតតំណាងរាស្រ្ត ឆ្នាំ២០១៨ (គិតដល់ថ្ងៃបោះឆ្នោត) មានចំនួន ៩,៧៨៨,២៣៩នាក់ ប៉ុន្តែប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោត កាលពីឆ្នាំ២០១៦ មានចំនួន ៧,៨៦៥,០៣៣នាក់។

លោកថ្លែងបន្តយ៉ាងដូច្នេះថា «អ្នកដែលត្រូវចុះឈ្មោះបោះឆ្នោតថ្មី បានន័យថា ទើបគ្រប់អាយុ និងមិនទាន់បានចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៦ មានចំនួន ១,៤១២,១៤៩នាក់»។

បើតាម គ.ជ.ប ការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត គឺជាការ៖

* កែតម្រូវឈ្មោះ និងទិន្នន័យអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០១៦ ឲ្យត្រូវតាមអត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែររបស់ពួកគាត់។
* លុបឈ្មោះអ្នកបោះឆ្នោតដែលទទួលមរណភាព ដែលត្រូវបានដកហូតជាបណ្ដោះអាសន្ននូវសិទ្ធិបោះឆ្នោត ដែលបានផ្លាស់ប្ដូរលំនៅដ្ឋាន ឬទីសំណាក់ទៅឃុំ-សង្កាត់ផ្សេង។
* ចុះឈ្មោះប្រជាពលរដ្ឋដែលទើបគ្រប់អាយុ១៨ឆ្នាំ (គិតដល់ថ្ងៃបោះឆ្នោត)។
* ចុះឈ្មោះបោះឆ្នោតប្រជាពលរដ្ឋ ដែលមិនទាន់បានចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៦។
* ការចុះឈ្មោះបោះឆ្នោតប្រជាពលរដ្ឋ ដែលផ្លាស់ទីលំនៅ ឬទីសំណាក់ចូលថ្មីក្នុងឃុំ-សង្កាត់។

ចំពោះចំនួនការិយាល័យបោះឆ្នោតប៉ាន់ស្មាន សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨ ខាងមុខនោះ ត្រូវបានលោក ស៊ិក ប៊ុនហុក បញ្ជាក់ថា មានចំនួន ២៣,៤៧០ការិយាល័យ។

សូមជម្រាបថា ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ នឹងចាប់ឡើងចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ដើម្បីយកទៅប្រើប្រាស់នៅពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ៕