(ភ្នំពេញ)៖ ប្តីប្រពន្ធចំណាស់ពីរនាក់ ស្នើលោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លុបលិខិតមួយច្បាប់របស់ក្រសួងដែនដីចោលវិញ ដោយអះអាងថា មូលហេតុដែលលោកទេសរដ្ឋមន្រ្តីចេញលិខិតមួយច្បាប់នេះ ព្រោះទទួលរបាយការណ៍បំភ័ន្ត បំភ្លៃការពិតរបស់លោក សារិន វណ្ណា ប្រធានមន្ទីរដែនដីរាជធានីភ្នំពេញថ្មី ដែលបានឃុបឃិតជាមួយភាគីម្ខាងទៀត។ ពួកគេទាំងពីរនាក់ សុំអន្តរាគមន៍ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងអង្គភាពប្រឆាំងអំពើពុករលួយផងដែរ ដើម្បីស្វែងរកយុត្តិធម៌ពិតប្រាកដជូនពួកគេ។
លោក សុខ អឿន អាយុ៦៤ឆ្នាំ និងប្រពន្ធឈ្មោះ មួង វ៉ាន់នី អាយុ៥៧ឆ្នាំ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ បានដាក់ពាក្យបណ្ដឹងតវ៉ាមួយច្បាប់ ជូនលោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលមានកម្មវត្ថុ «សំណើសុំលុបចោលលិខិតលេខ១៧៨៣ដនស/អគ្គាធិ ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ របស់ក្រសួងដែនដី»។
ពួកគេទាំងពីរនាក់ រៀបរាប់ក្នុងពាក្យបណ្ដឹងតវ៉ា នេះថាក្នុងប្លង់គំរោងអភិវឌ្ឍរបស់សាលារាជធានីភ្នំពេញ ក៏ដូចជាគណៈកម្មការរដ្ឋបាលវាស់វែងម្តងទៀត កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១០ ដោយម៉ាស៊ីនវាស់វែងម៉ាក Leica TC405 បង្ហាញថា ផ្លូវលេខ១៩៧៨ គឺកាត់ចំដីរបស់ឈ្មោះ សុខ សាន្ត ទាំងអស់ តើហេតុអ្វីបានជា LMAP បង្ហាញថា ផ្លូវលេខ១៩៧៨ បែរកាត់លើដីរបស់លោក សុខ អឿន ទៅវិញនេះជាការឃុបឃិតគ្នារបស់មន្ត្រីថ្នាក់ក្រោមក្នុងការបង្វែរផ្លូវលេខ១៩៧៨ ឲ្យមកចំដីលោក សុខ អឿន ខុសពីគំរោងប្លង់កែតម្រូវគំរោងអភិវឌ្ឍ តំបន់លំនៅដ្ឋាន និងអាងស្តុកទឹកនៅភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០០៦។
ដោយសារតែផ្លូវលេខ១៩៧៨ កាត់តាមព្រំដីរបស់លោក សុខ អឿន និង ដីដែលលក់ឲ្យឈ្មោះ សុខ សាន្ត ទើបគណៈកម្មការដោះស្រាយវិវាទ សម្រេចចិត្តគោរពនូវកិច្ចសន្យាបញ្ជាក់បន្ថែម ដែលលោក សុខ អឿន បានព្រមព្រៀងជាមួយ ឈ្មោះ សុខ សាន្ត ដោយលោក សុខ អឿន សុខចិត្តខាតបង់ដីចំនួន៥ម៉ែត្រ តាមបណ្ដោយផ្លូវ ហើយភាគី សុខ សាន្ត ក៏ត្រូវអនុវត្តនូវកិច្ចព្រមព្រៀងនេះដែរ តែឈ្មោះ សុខ សាន្ត បែរជាមិនអនុវត្តនូវកិច្ចព្រមព្រៀងហើយ បំភ័ន្តមន្ត្រីសុរិយោដី ក្នុងការបង្ហាញកិច្ចសន្យាបញ្ជាក់បន្ថែមដល់មន្ត្រីនោះទេ បែរជាឃុបឃិតគ្នាលាក់បាំងដោយព្យាយាមចង់ឲ្យផ្លូវលេខ១៩៧៨ ងាកមកចំលើដីរបស់លោក សុខ អឿន ទាំងស្រុង ហើយស្របតាមបណ្ដោយព្រំដីរបស់លោកសុខ អឿន តែម្តង។
ប្តីប្រពន្ធពីរនាក់ដែលអះអាងថាកំពុងរងភាពអយុត្តិធម៌ បានសង្កត់ធ្ងន់ថា «កាលដែលលោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា សម្រេចឲ្យធ្វើការកែសម្រួលលើវិញ្ញាបនប័ត្ររបស់ខ្ញុំបាទ (សុខ អឿន) ធ្វើឲ្យដីរបស់ខ្ញុំមានទំហំតូចមិនអាចសាងសង់ លំនៅដ្ឋានបានការសម្រេចបែបនេះមិនមែនជានយោបាយរបស់រដ្ឋាភិបាលក្នុងការជួយដោះស្រាយទុក្ខលំបាកជូនប្រជាពលរដ្ឋឡើយ»។
ម្ចាស់បណ្តឹងតវ៉ាទាំងពីរនាក់នេះ បន្តទៀតថា ពួកគេគោរពស្រឡាញ់លោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា ដែលជាថ្នាក់ដឹកនាំដ៏ល្អ តែងតែជួយការពារនូវការអនុវត្តច្បាប់កម្ចាត់នូវមន្ត្រីខិលខូច ដែលតែងតែឃុបឃិតជាមួយឈ្មួញរកស៊ីដី ធ្វើបាបអ្នកស្លូតត្រង់ និង ទន់ខ្សោយ ដោយធ្វើរបាយការណ៍បំភ័ន្ត បំភ្លៃការពិត។
ជាចុងក្រោយ ប្តីប្រពន្ធទាំងពីរនាក់ សូមឲ្យលោក ទេសរដ្ឋមន្ត្រី ជា សុផារ៉ា មេត្តាពិនិត្យស្រាវជ្រាវ ករណីនេះឡើងវិញ ដើម្បីរកការពិតជៀសវាងមន្ត្រីថ្នាក់ក្រោម ដែលមានមន្ត្រីខ្លះ «ជាមន្ត្រីគ្រាប់ល្ពៅ» ដូចប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ ជៀសវាងបណ្តែតបណ្តោយឲ្យមន្ត្រីខិលខូចទាំងនោះ ធ្វើព្យុះធ្វើភ្លៀង តាមអំពើចិត្តធ្វើបាបប្រជាជន ដើម្បីប្រព្រឹត្តអំពើពុករលួយ ប៉ះពាល់ដល់ការដឹកនាំដ៏ល្អរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ជានាយករដ្ឋមន្ត្រី។
អង្គភាពព័ត៌មាន Fresh News រង់ចាំការបំភ្លឺពីភាគីពាក់ព័ន្ធគ្រប់ពេលវេលា៕