Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នគរបាល​បញ្ជូន​អង្គរក្ស​លោក​ សួន​ សេរី​រដ្ឋា​ មក​តុលាការ​ សាកសួរ​ករណី​រក្សា​ទុក​អាវុធ​ខុសច្បាប់ ​និង​មាន​សារធាតុ​ញៀន​

15-08-2017 10:27

(ភ្នំពេញ​)៖ បុរស​ម្នាក់​ជា​អង្គរក្ស​លោក​ សួន​ សេរី​រដ្ឋា​ ប្រធាន​គណបក្ស​អំណាច​ខ្មែរ​ ត្រូវ​បាន​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បញ្ជូន​មក​ដល់​អយ្យការ​អមសាលាដំបូង​រាជធានី​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៥​ ខែ​សីហា​ នេះ​ ដើម្បី​សាកសួរ​ករណី​រក្សា​ទុក​អាវុធ​ខុសច្បាប់​(កាំភ្លើង​ជ័រ)​ និង​ ធ្វើ​តេស្ត​ទឹក​នោម​មាន​សារធាតុ​ញៀន​។​

មន្ត្រី​តុលាការ​ ថ្លែង​ថា​ បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ស្ថិត​ក្រោម​ការ​សាកសួរ​របស់​លោក​ សៀង​ សុខ​ ព្រះ​រាជ​អាជ្ញា​រង​នៃ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ។

នគរបាល​ បញ្ជាក់​ថា​ ជនសង្ស័យ​ឈ្មោះ​ ម៉ុម​ សួង​ អាយុ​៤៤ឆ្នាំ​ ជា​អង្គរក្ស​លោក​សួន​ សេរី​រដ្ឋា​ និង​ មាន​អនិកជន​ខ្មែរ​រស់នៅ​សហរដ្ឋ​អាមេរិក​ ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​កាលពី​ល្ងាច​ថ្ងៃ​ទី​១២​ ខែ​សីហា​ នៅ​ក្នុង​ផ្ទះ​លោក​សួន​ សេរី​រដ្ឋា​។

ជាមួយនេះដែរ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧នេះ កម្លាំងនគរបាលប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន សហការជាមួយកម្លាំងនគរបាលការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំងនគរបាលខណ្ឌទួលគោក កំពុងចុះឆែកឆេរទីស្នាក់ការគណបក្សអំណាចខ្មែរ ស្ថិតនៅក្នុង សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក។ ការចុះឆែកឆេរនេះដឹកនាំលោក សៀង សុខ ព្រះរាជអាជ្ញាអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។ នេះបើតាម ឧត្តមសេនីយ៍ឯក អ៊ី សុខឃី ប្រធានាយកដ្ឋាន ប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃនេះ។

ការចុះឆែកឆេរនេះ បានធ្វើឡើងបន្ទាប់ពីអតីតមេបក្សអំណាចខ្មែរលោក សួន សេរីរដ្ឋា ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទីអាទិត្យ ទី១៣ ខែសីហា កន្លងទៅនេះ និងតុលាការសម្រេចឃុំខ្លួនបណ្តោះអាសន្នកាលពីម្សិលមិញ ក្រោយបានសរសេរអត្ថបទវាយប្រហារ និងប្រមាថយ៉ាងធ្ងន់ធ្ងរចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងមេទ័ពកម្ពុជា ពាក់ព័ន្ធនឹងការការពារបូរណភាពទឹកដី និងវិធីដោះស្រាយវិវាទជាមួយប្រទេសឡាវ៕