(កណ្ដាល)៖ ប្រជាពលរដ្ឋ រស់នៅស្រុកលើកដែក បានសម្ដែងការរីករាយសាទរយ៉ាងខ្លាំង ចំពោះការយកចិត្ដទុកដាក់ និងយល់ទុក្ខលំបាករបស់ពួកគាត់ ក្រោមការដឹកនាំដោយផ្ទាល់ ពី តំណាងរាស្ត្រមណ្ឌល ខេត្តកណ្តាល និងជាប្រធានគណៈអចិន្ត្រៃយ៍ គណៈពង្រឹងមូលដ្ឋានស្រុកលើកដែក លោកស្រី ឃួន សុដារី ដែលបានស្ថាបនាផ្លូវវាង ពង្រីកផ្លូវ និងលើកកម្ពស់ផ្លូវ ប្រវែង៥១០ម៉ែត្រ ទទឹង៥ម៉ែត្រ ក្នុងខ្ពបអាទាវ ។
តាមការឲ្យដឹងរបស់ ប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំ នៅស្រុកលើកដែក នៅថ្ងៃទី១៥សីហានេះថា ដោយមើលឃើញ ពីការលំបាក ពីផលប៉ះពាល់បង្ករដោយធម្មជាតិនេះ លោកឧកញ៉ា វិញ ហួរ បានផ្តល់ថវិកា៣០,០០០ដុល្លារ តាមរយៈលោកស្រី ឃួន សុដារី សម្រាប់ស្ថាបនាផ្លូវវាងបណ្តោះអាសន្ន ចំណុចឃុំខ្ពបអាទាវ ដើម្បីបើកឲ្យធ្វើចរាចរណ៍ពេញលេញឡើងវិញ ចំពោះមធ្យោបាយធ្វើដំណើរគ្រប់ប្រភេទ ពិសេស សិស្សានុសិស្ស និងការដឹកជញ្ជូនកសផលរបស់ប្រជាពលរដ្ឋ។
បច្ចុប្បន្ននេះ ការស្ថាបនា បានឈានដល់ការឈូសឆាយពង្រាបដី ពង្រីកផ្លូវ និងចាក់ដីចាក់ថ្មលើកកម្ពស់ផ្លូវ ដែលអាចនឹងបញ្ចប់ការការសាងសង់ក្នុងពេលឆាប់ៗនេះ ក្នុងប្រវែងសរុប ៥១០ម៉ែត្រ និងទទឹងផ្លូវ៥ម៉ែត្រ។
សូមបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ១៤ ក្នុងភូមិសាស្ត្រ ភូមិបឹងលើ និងភូមិបឹងកណ្តាល នៃឃុំខ្ពបអាទាវ ស្រុកលើកដែក ត្រូវបានកាត់ផ្តាច់ចរាចរណ៍យានជំនិះគ្រប់ប្រភេទ ក្នុងអំឡុងខែមេសា ឆ្នាំ ២០១៧កន្លងមក ដោយគ្រោះមហន្តរាយធម្មជាតិបាក់ច្រាំងទន្លេ។
ដូច្នេះការសាងសងពង្រីកផ្លូវ និងលើកកម្ពស់ផ្លូវ ប្រវែង៥១០ម៉ែត្រ ទទឹង៥ម៉ែត្រ បានធ្វើឲ្យ អាជ្ញាធរមូលដ្ឋានស្រុក ឃុំ ភូមិ និងប្រជាពលរដ្ឋ សប្បាយរីករាយសាទរយ៉ាងខ្លាំង ហើយក៏បានថ្លែងអំណរគុណជូន លោកស្រីឃួន សុដារី និងលោកឧកញ៉ា វិញ ហួរ ដែលបានបរិច្ចាគថវិកាផ្ទាល់ខ្លួន ជួយស្ថាបនាផ្លូវវាងនេះ ទុកជាប្រយោជន៍សាធារណៈ៕