(ភ្នំពេញ)៖ ពិភពនៃអាហារ ដែលប្រកបដោយរសជាតិឆ្ងាញ់ពិសា ជាច្រើនមុខ ច្រើនប្រភេទ ពីបណ្ដាលប្រទេសល្បីៗនៅលើសកលលោក បានបង្ហាញវត្ដមាននៅកម្ពុជា កាន់តែច្រើនហើយ ពិសេស នៅអាហារដ្ឋាន World Dining ក្នុងផ្សារទំនើប Aeon ជាន់ទីពីរ មានមុខម្ហូបឈ្ងុយឆ្ងាញ់ពិសា មកដល់ទៀតហើយ គឺបាយសាច់មាន់ សំាងហ្គាពួ ដែលតែងតែល្បីថា បើទៅសំាងហ្គាពួរ មិនបានញុំាបាយសាច់មាន់នេះទេ ដូចមិនបានទៅសំាងហ្គាពួរចឹង ។
លោក លូ ម៉េង ស្ថាបនិក និងប្រធានចុងភៅម្នាក់ ដែលមានស្នាដៃចំណានល្បីល្បាញ នៅប្រទេសកម្ពុជា បានថ្លែងថា ក្នុងការផ្សារភ្ជាប់ ទំនាក់ទំនង ជាមួយស្ថានទូតសំាងហ្គាពួរ ប្រចាំនៅទីក្រុងភ្នំពេញ និងក្រុមប្រឹក្សាភិបាលទេសចរណ៍ របស់សំាងហ្គាពួរ បានរៀបចំតាំងពិព័រណ៌អាហារសាំងហ្គាពួ នៅអាហារដ្ឋាន វើលដាញនីង (world dining) ក្នុងផ្សារទំនើបអ៊ីអ៊នម៉ល ចាប់ពីថ្ងៃទី៩-១៥ ខែសីហា ពិសេស ខាងស្ថានទូតសំាងហ្គាពួរ បានអញ្ជើញមេចុងភៅល្បីឈ្មោះ ពីសំាងហ្គាពួរ គឺលោក Jeremy Cheok (ជេរេមី ឆេក) មកចម្អិនម្ហូបដោយផ្ទាល់ ជូនដល់ប្រជាជនខ្មែរ ក៏ដូចជាបង្ហាញរបៀបធ្វើម្ហូប ជូនដល់ចុងភៅកម្ពុជាផងដែរ ធានាថា ពិតជាប្លែក ទាំងក្លិន រសជាតិ ដ៏ឈ្ងុយឆ្ងាញ់តែម្ដង។
លោកបន្ដថា «ខណៈដែលមេចុងភៅដ៏ល្បីរបស់សាំងហ្គាពួរ មកស្រុកខ្មែរ នឹងបានផ្ដល់ផលចំណេញច្រើន ដល់កម្ពុជា គឺទី១- បានបង្រៀនចុងខ្មែរយើងចេះ ធ្វើម្ហូបសាំងហ្គាពួ, ទី២- ប្រជាពលរដ្ឋយើង មិនបានដើរលេងនៅសាំងហ្គាពួរ ក៏យើងអាចពិសាអាហារ រសជាតិដើមរបស់សាំងហ្គាពួបានដែរ ហើយពេលយើងទៅលេងនៅទីនោះ ម្ហូបយើងនឹងដឹង ហើយក៏មិនសូវមានអ្វីប្លែក, ទី៣-ពេលយើង ចម្អិនម្ហូបបានល្អ យើងនឹងអាចទាក់ទាញភ្ញៀវពីបរទេស មកកាន់ស្រុកខ្មែរកាន់តែច្រើន ដែលនេះចំណែកផ្សព្វផ្សាយពីភាពសម្បូរបែប នៃម្ហូបអាហាររបស់កម្ពុជា ដល់ភ្ញៀវទេសចរណ៍ផងដែរ» ។
ទន្ទឹមនឹងនោះ លោក Jeremy Cheok បានថ្លែងថា «ថ្ងៃនេះខ្ញុំនឹងចម្អិនម្ហូបអាហារ ជូនដល់អតិថិជនកម្ពុជា ដែលមាន បាយមាន់ សាំងហ្គាពួ ឡាក់សា និងបាគូតេ ដែលជាម្ហូបល្បី ប្រចាំប្រទេស ជូនលោកអ្នកពិសា ហើយថ្ងៃខ្ញុំពិតជាសប្បាយរីករាយណាស់ ដែលបានចម្អិនម្ហូប ក្នុងព្រឹត្ដិការដ៏អស្ចារ្យ សម្រាប់ថ្ងៃបុណ្យម្ហូបអាហារសាំងហ្គាពួរ នៅកម្ពុជានេះ»។
ចាប់ពីថ្ងៃនេះតទៅ លោកអ្នកនឹងអាចពិសាបាយមាន់ សាំងហ្គាពួរ, ឡាក់សា និងបាគូតេ នៅផ្សារទំនើបអ៊ីអ៊នជាន់ទីពីរផងដែរ ដោយមានអាហារគ្រប់ប្រភេទ លក់នៅ World Diningនេះ ។
គួរបញ្ជាក់ថា ក្នុងឱកាសតាំងពិព័រណ៌ម្ហូប សាំងហ្គាពួ ក៏មានការជួបជុំពិសាអាហារពេលល្ងាច ដែលមានភ្ញៀវកិត្ដិយសជាង១០០នាក់ នៅថ្ងៃទី១៣ខែសីហា ឆ្នាំ២០១៧ ហើយក៏មានការប្រគំតន្រ្ដី និងកម្មវិធីចាប់ឆ្នោតផ្សងសំណាង សំបុត្រយន្ដហោះ ទៅមក ទៅកាន់ប្រទេសសាំងហ្គាពួរ ចំនួន២នាក់ ដោយក្រុមហ៊ុនអាកាសចរសៀកអ៊ែ ( Silk Air)៕