(បង់ក្លាដេស)៖ ប្រទេសបង់ក្លាដេស បានយល់ព្រមទទួលទិញអង្ករស បែកបាក់ចំនួន១០% ក្នុងបរិមាណ ចំនួន២៥០,០០០តោនពីកម្ពុជា ក្រោមទិដ្ឋភាពរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល ដើម្បីពង្រីកការនាំចេញអង្ករទៅបរទេស ក៏ដូចជាអនុវត្តនូវគោលនយោបាយនាំចេញអង្ករ របស់រាជរដ្ឋាភិបាល ឲ្យបាន១លានតោន ក្នុងមួយឆ្នាំ។
ការចុះហត្ថលេខាទិញដូរនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ ក្នុងឱកាសគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ដែលមានក្រុមហ៊ុនហ្រ្គីនត្រេដ ជាសេនាធិការ សហការជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា បានទៅប្រទេសបង់ក្លាដេស ដើម្បីធ្វើការពិភាក្សាលម្អិត ស្តីពីពាណិជ្ជកម្មអង្ករ ជាមួយគណៈប្រតិភូអន្តរក្រសួង នៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស។
គួររំលឹកដែរថា កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧កន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម ដែលជាសេនាធិការ បានចុះអនុស្សរណៈយោគយល់ ជាមួយរដ្ឋាភិបាលបង់ក្លាដេស លើការលក់អង្ករចំនួន១លានតោន នៅក្នុងរយៈពេល៥ឆ្នាំ (២០១៧-២០២២)។
ការចុះអនុស្សរណៈនេះ ធ្វើឡើងក្នុងគោលបំណងធ្វើពិពិធកម្មទំហំពាណិជ្ជកម្ម និងជំរុញកំណើនសេដ្ឋកិច្ច ពិសេសធានាបាននូវស្ថិរភាពវិស័យស្រូវ-អង្ករ ក៏ដូចជាប្រសិទ្ធភាព នៃការអនុវត្តគោលនយោបាយនាំចេញអង្ករឲ្យបាន១លានតោន ក្នុងឆ្នាំរបស់រាជរដ្ឋាភិបាល៕