(ភ្នំពេញ)៖ គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា បានកើតឡើងជារៀងរាល់ថ្ងៃ បង្កក្តីបារម្ភយ៉ាងខ្លាំង គិតជាមធ្យមក្នុង១ថ្ងៃ គ្រោះថ្នាក់ចរាចរណ៍កើនឡើងពី១០-១១ករណី យ៉ាងហោចមនុស្សពី៥ទៅ៦នាក់បានស្លាប់ ខណៈមនុស្សពី១០ទៅ១១នាក់របួសធ្ងន់ និង៨នាក់រងរបួសស្រាល។
ដោយមើលឃើញបញ្ហានេះ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រុមហ៊ុនធានារ៉ាប់រងឯកជនថ្មីមួយ បានបង្កើតឡើង ដើម្បីជួយសម្រួលបន្ទុក របស់ប្រជាពលរដ្ឋកម្ពុជា ដែលជួបគ្រោះថ្នាក់ជាយថាហេតុ តាមដងផ្លូវ មិនបារម្ភឡើយ ចំពោះបញ្ហាខ្វះខាតប្រាក់ ដើម្បីព្យាបាលជំងឺ និងមិនបារម្ភពីមន្ទីរពេទ្យមិនយកចិត្តទុកដាក់។
លោក សារិន វ៉ាត់ណាត់ដាណៃ នាយកក្រុមហ៊ុន អេច អាយ ម៉ាយក្រូ អ៉ិនសួរេន (H.I Micro Insurance PLC) ដែលជាក្រុមហ៊ុននាំមកនូវ សេវាធានារ៉ាប់រង គ្រោះថ្នាក់ចរាចរណ៍ដំបូងគេនៅកម្ពុជា បានផ្តល់នូវកិច្ចសម្ភាសន៍ ជាមួយអង្គភាពព័ត៌មាន Fresh News ដោយបានបញ្ជាក់ថា នេះជាសេវាធានារ៉ាប់រងថ្មីដំបូងគេនៅកម្ពុជា ប៉ុន្តែប្រទេសជិតខាងកម្ពុជា បានប្រើប្រាស់សេវានេះ ជាយូរឆ្នាំមកហើយ និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាជន។
លោក សារិន បញ្ជាក់ថា ក្រុមហ៊ុនរបស់លោក គឺជាក្រុមហ៊ុនធានារ៉ាប់រងមួយ ខុសពីក្រុមហ៊ុនធានារ៉ាប់រងផ្សេងទៀត គឺផ្តោតទៅលើតែជនរងគ្រោះ (គ្រោះថ្នាក់ចរាចរណ៍) គឺនៅពេលអតិថិជន បានប្រើប្រាស់សេវាធានារ៉ាប់រង របស់ក្រុមហ៊ុន H.I Micro Insurance ប្រសិនបើពួកគាត់ជួបបញ្ហាគ្រោះថ្នាក់តាមដងផ្លូវ គឺមិនបាច់ព្រួយបារម្ភ ក្នុងការចំណាយថវិកា ក្នុងការព្យាបាលឡើយ គឺក្រុមហ៊ុនមានតួនាទី ទំនាក់ទំនងជាមួយមន្ទីរពេទ្យ ដើម្បីធ្វើការទូទាត់ភ្លាមៗ។
លោកបន្តថា «នេះជាចំណែកមួយ ក្នុងការចូលមកបន្ថយនូវក្តីកង្វល់ ក្នុងការចំណាយហិរញ្ញវត្ថុ របស់ក្រុមគ្រួសារ ទៅលើបញ្ហាដែលកើតឡើតតាមដងវិថី ដែលកំពុងកើតមានឡើងជារៀងរាល់ថ្ងៃ»។
លោក សារិន បន្ថែមទៀតថា ដើម្បីទទួលសេវាធានារ៉ាប់រងនេះ សម្រាប់ម៉ូតូត្រូវបង់១ឆ្នាំចំនួន១៧ដុល្លារ (១៨៦រៀលក្នុង១ថ្ងៃ) ម៉ូតូរ៉ឺម៉កបង់១ឆ្នាំ២០ដុល្លារ រថយន្តទេសចរណ៍ជិះគ្នា៤នាក់ បង់៧០ដុល្លារក្នុង១ឆ្នាំ រថយន្តដឹកទំនិញបង់៨០ដុល្លារក្នុងមួយឆ្នាំ និងរថយន្តក្រុងបង់៩០ដុល្លារក្នុង១ឆ្នាំ ដែលទទួលបានការធានារ៉ាប់រងពេញ១ឆ្នាំ ដោយមិនបាច់ខ្វល់ពីបញ្ហាព្យាបាលជំងឺឡើយ។
នាយកក្រុមហ៊ុនរូបនេះបញ្ជាក់ទៀតថា ក្រុមហ៊ុនបានចុះអនុស្សរណៈយោគយល់ ជាមួយអគ្គស្នងការនគរបាលជាតិ ប្រសិនបើអតិថិជនរបស់ក្រុមហ៊ុន មានបញ្ហាលើដងផ្លូវ មន្ត្រីនគរបាល និងមន្ត្រីរបស់ក្រុមហ៊ុន នឹងទំនាក់ទំនងមន្ទីរពេទ្យ យករថយន្តមកដឹកទៅមន្ទីរពេទ្យព្យាបាលបន្ទាន់ ដោយមិនរង់ចាំយូរឡើយ ដោយមិនរើសអើង ទោះមន្ទីរពេទ្យកម្រិតណាក៏ដោយ។
លោក សារិន វ៉ាត់ណាត់ដាណៃ បានបញ្ជាក់ថា សេវាកម្មធានារ៉ាប់រងគ្រោះថ្នាក់ចរាចរណ៍ដំបូងគេនេះ នឹងអាចដាក់ដំណើរការនៅពេលឆាប់ៗដ៏ខ្លីខាងមុខនេះ ហើយសេវាធានារ៉ាប់រងនេះ ឈរលើគោលការណ៍ស្ម័គ្រចិត្ត មិនមានការបង្ខិតបង្ខំឡើយ។
នាយកក្រុមហ៊ុនដដែលរូបនេះអំពាវនាវថា «ខ្ញុំសូមឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលប្រើប្រាស់យានយន្ត និងទោចក្រយានយន្ត លើវិថីសាធារណៈ សូមសិក្សាឲ្យបានច្បាស់លាស់ ពីសេវាធានារ៉ាប់រងគ្រោះថ្នាក់ចរាចរណ៍នេះ គឺការចំណាយត្រឹម១៧ដុល្លារ (មួយថ្ងៃ១៨៦រៀល) ប៉ុន្តែអ្វីដែលគាត់បានមកវិញ គឺវាច្រើនមកវិញគុណនឹង១០ទៅ២០ដងឯណោះ ជាមួយនឹងភាពកក់ក្តៅ និងភាពគង់វង្សរបស់ក្រុមគ្រួសារផងដែរ»។
សូមជម្រាបថា នៅឆ្នាំ២០១៦ គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា បានកើតឡើងចំនួន៤០២៩លើក ស្លាប់មនុស្ស១៩២៦នាក់ របួសធ្ងន់៤០៣៥នាក់ និងរបួសស្រាល២៩៣២នាក់។ ចំណែកឯនៅរយៈពេល៦ខែ ឆ្នាំ២០១៧នេះ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសបានកើតឡើង១៩០៧លើក ស្លាប់មនុស្សចំនួន៩៣១នាក់ និងអ្នករបួសចំនួន៣,០០៦នាក់៕
ដើម្បីស្វែងយល់លម្អិត ពីសេវាធានារ៉ាប់រងគ្រោះថ្នាក់ចរាចរណ៍នេះឲ្យកាន់តែច្បាស់ សូមទស្សនាកិច្ចសម្ភាសន៍រវាង លោក ប៉ា ជេដ្ឋា និពន្ធនាយករង Fresh News ជាមួយ លោក សារិន វ៉ាត់ណាត់ដាណៃ នាយកក្រុមហ៊ុន អេច អាយ ម៉ាយក្រូ អ៉ិនសួរេន៖