(កំពង់ចាម)៖ នៅទីបំផុតមេឃុំជើងព្រៃ ស្រុកបាធាយ ខេត្តកំពង់ចាម មកពីគណបក្សសង្គ្រោះជាតិ ដែលទើបជាប់ឆ្នោត ឈ្មោះ វែន សំអុល បានជួសជុលផ្លូវដែលបានបំផ្លាញនោះឡើងវិញ ក្រោយមានបញ្ជាយ៉ាងដាច់ណាត់ របស់លោក គួច ចំរើន អភិបាលខេត្ត ហើយមេឃុំរូបនេះបានទទូលស្គាល់ថា ទង្វើរបស់ខ្លួនពិតជាមិនត្រូវ។
អភិបាលខេត្តកំពង់ចាម ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News យ៉ាងដូច្នេះថា «លទ្ធផលត្រួតពិនិត្យបច្ចេកទេសរបស់ លោក ពោយ សុខជា ប្រធានគ្រប់គ្រងគម្រោងបឹងទន្លេសាប និងសហការី នៅរសៀលនេះ៖ ទី១៖ លោកមេឃុំជើងព្រៃ បានចាប់ផ្ដើមអនុវត្តការសាងសង់គម្រោងផ្លូវលំឡើងវិញ ចាប់ពីថ្ងៃទី១២-១៣-១៤ ខែសីហា ឆ្នាំ២០១៧, ទី២៖ ចាក់ដីបំពេញចាក់តាមស្រទាប់២តឹកម្ដងៗ ជា៤ស្រទាប់, ទី៣៖ យកប៊ុលឈួសឆាយ គៀរសំអាតមានខ្នងអណ្ដើក៥%, ទី៤៖ យកត្រាក់ទ័រកិនចុះកិនឡើង តាមស្រទាប់ឡើងវិញ ដោយមិនបានយករ៉ូឡូរមកកិនទេ រកជួលមិនបាន»។
សូមជម្រាបថា លោក វែន សំអុល មេឃុំជើងព្រៃ ស្រុកបាធាយ ខេត្តកំពង់ចាម ដែលទើបជាប់ឆ្នោតថ្មីមកពីគណបក្សសង្គ្រោះជាតិ បានបញ្ជាឲ្យអេស្កាវ៉ាទ័រទៅកាប់ប្រឡាយទឹក លើចិញ្ចើមផ្លូវលំរបស់គម្រោងបឹងទន្លេសាប ឆ្នាំ២០១៥ ក្នុងភូមិត្រយ៉ង់ពង ដែលជាគម្រោងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បណ្ដាលឲ្យរងការខូចខាត ប្រវែងជាង៤០០ម៉ែត្រ។
បន្ទាប់ពីទទួលបានព័ត៌មានពីមន្ដ្រីជំនាញរួចមក អភិបាលខេត្តកំពង់ចាម លោក គួច ចំរើន បានប្រកាសទុកពេល១សប្ដាហ៍ ឲ្យមេឃុំរូបនេះ ធ្វើការជួសជុលផ្លូវឲ្យដូចដើម ពីព្រោះវាជាការបំផ្លាញជាក់ស្ដែង ទៅលើទ្រព្យសម្បត្តិសាធារណៈ ជាផលប្រយោជន៍សាធារណៈ ហើយបើក្នុងរយៈពេល១សប្ដាហ៍ មិនអាចធ្វើការជួសជុលទាន់ពេលវេលានោះទេ លោកនឹងចាត់វិធានការតាមផ្លូវច្បាប់៕