(ភ្នំពេញ)៖ គិតត្រឹមម៉ោងជាង៥៖២០នាទីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧នេះ បន្ទាប់ពីព្រះរាជអាជ្ញារង លោក សៀង សុខ បានសម្រេចចោទប្រកាន់ជាផ្លូវការ នៅពេលនេះសវនាការកាត់ក្តី សួន សេរីរដ្ឋា ក៏បានចាប់ផ្តើមដំណើរការភ្លាមៗតែម្តងដោយសារតែករណីនេះជាបទល្មើសជាក់ស្តែង។
លោក លី សុផាណា អ្នកនំាពាក្យសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃនេះថា ជុំវិញលោក សួន សេរីរដ្ឋា បន្ទាប់ពីបានសាកសួរ និងពិនិត្យសំណុំរឿងនេះចប់សព្វគ្រប់រួចមក អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានរកឃើញថា អង្គហេតុខាងលើបានប៉ះពាល់ ដល់សន្តិសុខសង្គម និងសន្តិសុខនៃកងយោធពលខេមរភូមិន្ទ ជាបទល្មើសព្រហ្មទណ្ឌរួមមាន៖
១៖ បទ ញុះញង់កុំឱ្យយោធិនស្តាប់បង្គាប់ តាមបញ្ញត្តិមាត្រា៤៧១នៃក្រមព្រហ្មទណ្ឌ
២៖ បទ ធ្វើឱ្យខូចទឹកចិត្តកងទ័ព តាមបញ្ញត្តិមាត្រា៤៧២ នៃក្រមព្រហ្មទណ្ឌ
៣៖ បទ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមបញ្ញត្តិមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ
ដោយហេតុថាករណីខាងលើជាបទមជ្ឈិមជាក់ស្តែង ហើយសំណុំរឿងនេះបានបំពេញលក្ខខណ្ឌនៃនីតិវិធី នៃការបង្ហាញខ្លួនភ្លាម តាមបញ្ញត្តិមាត្រា៤៧ និងមាត្រា៤៨ នៃក្រមនីតិវិធីព្រហ្មទណ្ឌ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់និងបញ្ជូនជនជាប់ចោទឈ្មោះ សួន សេរីរដ្ឋា រួមទាំងសំណុំរឿង តាមកំណត់ហេតុស្តីអំពីការបង្គាប់ឱ្យចូលបង្ហាញខ្លួនភ្លាមលេខ ០១៨ អ.យ.ឋ ចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ ទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីជំនុំជម្រះ»។
សូមជម្រាបថា លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួននិងវ៉ៃខ្នោះភ្លាមៗ បន្ទាប់ពីលោកបានបង្ហោះសារនៅលើគេហទំព័រ ជេរប្រមាថម៉ាក់ងាយដល់កូនខ្មែរ និងកងទ័ពជាតិ នេះបើយោងតាមមន្រ្តីជាន់ខ្ពស់នៃនគរបាលជាតិ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧នេះ។
ការចាប់ខ្លួនលោក សួន សេរីរដ្ឋា ត្រូវបានធ្វើឡើង បន្ទាប់ពីលោកបានបង្ហោះសារនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ ប្រមាថដល់កងទ័ពរបស់ខ្មែរដោយ ខ្លឹមសារយ៉ាងដូច្នេះថា៖ «ពេលសង្គ្រាមកើតឡើងជាមួយនឹងប្រទេសលាវនោះ លទ្ធផលវាហ្នឹងមិនខុសពីសង្គ្រាមដែលកើតឡើងជាមួយនឹងប្រទេសសៀមទេ ! គឺកូនខ្មែរ កងទ័ពជាតិ នឹងស្លាប់ក្នុងសមរភូមិយ៉ាងវេទនា… ហើយមេទ័ពចោរ នឹងឡើងបុណ្យសក្តិ ប្រមូលបានលុយកាក់ សប្បាយជាមួយស្រីញីយ៉ាងគគ្រឹកគគ្រេង !។ ពីព្រោះកន្លងមកដូចយើងដឹងហើយ សង្គ្រាមដែលកើត ឡើងជាមួយនឹងប្រទេសសៀម គឺស្លាប់តែកូនខ្មែរអ្នកស្នេហាជាតិ ដែលចូលប្រយុទ្ធនៅជួរមុខទេ។ ចំណែកឯពួកមេៗពាក់ផ្កាយ និងកូនលោកធំៗដែលនៅជួរ ក្រោយចេញមុខចេញមាត់នោះ ប្រមូលលុយ ប្រមូលលាភ ហើយដេកតែម៉ាស៊ីនត្រជាក់ជាមួយស្រីកំដរ ក៏ឡើងបុណ្យឡើងផ្កាយដែរ»។
ការចាប់ខ្លួនលោក សួន សេរីរដ្ឋា បានធ្វើឡើងខណៈដែលលោកកំពុងធ្វើដំណើរពីខេត្តកំពង់ចាម ចូលមករាជធានីភ្នំពេញ ត្រង់ចំណុចស្ពានព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ បន្ទាប់ពីចាប់ខ្លួនវ៉ៃខ្នោះហើយ លោក សួន សេរីរដ្ឋា ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងត្រៀមបញ្ជូនទៅកាន់តុលាការ ដើម្បីកាត់ទោសភ្លាមៗតែម្តង។
លោក សួន សេរីរដ្ឋា បានសារភាព និងទទួលស្គាល់ចំពោះសាររបស់ខ្លួន ដែលបានផ្ញើទៅសកម្មជននៅប្រទេសបារាំង ដែលមើលងាយព្រះមហាក្សត្រ និងសារដែលបង្ហោះ ជេរប្រមាថមេទ័ពកម្ពុជាថា ជាមេទ័ពចោរនោះ។
មន្រ្តីយោធាកំពូលៗរបស់កម្ពុជា ក៏បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងភ្លាមៗថា បងប្អូនកងទ័ពកំពុងមានកំហឹងយ៉ាងខ្លាំងជាមួយលោក សួន សេរីរដ្ឋា, ហើយនៅពេលនេះជាការល្អទៅវិញទេ ដែលត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនភ្លាមៗទាន់ពេល បើមិនដូច្នេះបងប្អូនកងទ័ពនឹងមិនអត់អោនឲ្យ ជនប្រមាថជាតិខ្មែរ សួន សេរីរដ្ឋា នោះទេ ប្រាកដជាទៅរករឿងមិនខាន។ លោក សួន សេរីរដ្ឋា ទៅដេកនៅក្នុងគុកប្រសើរជាងនៅខាងក្រៅ ព្រោះបើនៅខាងក្រៅអាច នឹងមានបញ្ហាដល់អាយុជីវិត ដោយសារកំហឹងរបស់បងប្អូនកងទ័ព។
មន្រ្តីយោធាកំពូលៗបានចេញមកថ្កោលទោស និងទាមទារឲ្យតុលាការចាត់វិធានការតាមផ្លូវច្បាប់ និងដាក់ទោសឲ្យបានធ្ងន់ធ្ងរបំផុត ដោយគ្មានការលើកលែងនោះឡើយ៕