ផ្ទុះករណីបាញ់ប្រហារស្លាប់មនុស្ស ០៣នាក់ ក្នុងកម្មវិធីប្រណាំងរថយន្តនៅសហរដ្ឋអាមេរិក!
14-08-2017 17:13
(វ៉ាស៊ីនតោន)៖ មនុស្យយ៉ាងហោចណាស់ ០៣នាក់ ត្រូវបានបាញ់សម្លាប់នៅអំឡុងព្រឹត្តិការណ៍ប្រណាំងរថយន្ដមួយ នៅក្នុងរដ្ឋវីសខុនស៊ីន (Wisconsin) កាលពីថ្ងៃអាទិត្យ (ម៉ោងនៅក្នុងសហរដ្ឋអាមេរិក) ខណៈជនសង្ស័យមិនទាន់ត្រូវបានកំណត់អត្តសញ្ញាណ រីឯមូលហេតុ ឬប្រភេទនៃករណីបាញ់ប្រហារនេះ ក៏នៅមិនទាន់ត្រូវគេបញ្ជាក់ដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី១៤ ខែសីហា ឆ្នាំ២០១៧។
យោងតាមអាជ្ញាធរនៅក្នុងតំបន់ ហេតុការណ៍បាញ់ប្រហារខាងលើ បានកើតឡើងនៅឯទីលានប្រណាំងរថយន្ដ Great Lakes Dragaway ស្ថិតនៅក្នុងភូមិ Union Grove នៃរដ្ឋវីសខុនស៊ីន នៅចំពេលដែលមនុស្សម្នាច្រើនជាង ៥,០០០នាក់ បានចូលរួមទស្សនាការប្រកួតប្រណាំងរថយន្ដ Larry's Fun Fest។ ប៉ុន្តែភ្លាមៗ អត្តសញ្ញាណជនរងគ្រោះជាបុរសទំាង បីនាក់ដែលត្រូវបុរសមិនទាន់ស្គាល់អត្តសញ្ញាណម្នាក់បាញ់សម្លាប់ មិនត្រូវបានបញ្ជាក់នៅឡើយទេដោយគ្រាន់តែគេដឹងថា ពួកគេមានអាយុចន្លោះពី ២០ ទី៣០ឆ្នាំ ហើយពីរនាក់ក្នុង ចំណោមពួកគេបានស្លាប់នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតស្លាប់នៅពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ៕