(ភ្នំពេញ)៖ ស្ថានីយទូរទស្សន៍កងយោធពល ខេមរភូមិន្ទប៉ុស្ដិ៍លេខ៥ បានធ្វើការក្រុងពាលីចេញថតរឿងថ្មី មួយទៀតហើយ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧នេះ មានចំណងជើងថា «ទណ្ឌកម្មស្នេហ៍» ដែលបានយកលំនាំ និងឆ្អឹងរឿងមកពីប្រទេសថៃ បើទោះបីជាកន្លងមក មានការរិះគន់ខ្លះ ទៅលើផលិតករ និងអ្នកដឹកនាំសម្ដែងថា គួរតែនិពន្ធថ្មីដោយខ្លួនឯង ពោលពុំត្រូវយកលំតាមគេបែបនេះទេ។ ប៉ុន្តែទោះបីជាយ៉ាងណា ផលិតករ បានអះអាងថា ជាឆ្អឹងរឿងលំនាំតាមថៃមែន តែការថត គឺមានលក្ខណៈជាខ្មែរ លើកស្ទួយវប្បធម៌ខ្មែរ ហើយអាចសម្ដែងបានល្អជាងគេផង ក៏ថាបាន។
លោក ស៊ិន សុផាត ប្រធានគ្រប់គ្រងកម្មវិធីផ្សាយ របស់ស្ថានីយទូរទស្សន៍កងយោធពល ខេមរភូមិន្ទប៉ុស្ដិ៍លេខ៥ បានថ្លែងឲ្យដឹងថា ទោះបីជា កន្លងមកយើងថតរឿងភាគខ្មែរច្រើនមកហើយក្ដី ប៉ុន្តែនៅតែមិនអាចបំពេញបាន តាមសំណូមពរទស្សនិកជន និងបំពេញតាមតម្រូវការបាន។ ម្យ៉ាងទៀត រឿងភាគខ្មែរមានលក្ខណៈខ្លីៗ ពោលគឺមានតែ១៥ ទៅ២០ភាគ គឺចប់ហើយ ដូច្នេះយើងចង់ឲ្យបានវែងជាងនេះ ទើបយើងសម្រេចចិត្តយកលំនាំតាមគេខ្លះ និងបង្កើតឈុតឆាកថ្មីខ្លួនឯងខ្លះ ដើម្បីឲ្យសាច់រឿងមានលក្ខណៈវែងជាងមុន និងប្រទាក់ក្រឡាគ្នា។
លោកបន្តថា ភាពយន្តភាគ «ទណ្ឌកម្មស្នេហ៍» ថ្វីត្បិតតែមានឆ្អឹងរឿងតាមថៃ ប៉ុន្តែយើងបានធ្វើការកែតម្រូវ ធ្វើយ៉ាងណាឲ្យមានលក្ខណៈជារបស់ខ្មែរ ហើយយើងបានទទួលជោគជ័យ ជាច្រើនរឿងមកហើយ បន្ទាប់ពីដាក់បញ្ចាំង ក្នុងស្ថានីយទូរទស្សន៍កងយោធពល ខេមរភូមិន្ទប៉ុស្ដិ៍លេខ៥។ ភាពយន្តភាគរឿង «ទណ្ឌកម្មស្នេហ៍» ជាប្រភេទរឿងបែបមនោសញ្ចេតនា ស្នេហា កាច់កុង ច្រណែនឈ្នានីសគ្នា និងបានឆ្លុះបញ្ចាំងពីទង្វើល្អ និងទង្វើអាក្រក់របស់តួអង្គ ព្រមទាំងការរស់នៅជាក់ស្ដែង ក្នុងសង្គមខ្មែរសព្វថ្ងៃនេះ។
សូមបញ្ជាក់ថា រឿង «ទណ្ឌកម្មស្នេហ៍» មានការចូលរួមសម្ដែងជាតួឯក ដោយតារាសម្ដែងស្រីរាងខ្ពស់ស្រឡះ កញ្ញា សារាយ ព្រះកាយច័ន្ទ និងលោក សូ ឆានី ដោយពួកគេទាំងពីរប៉ះគ្នាជាលើកដំបូង។ ក្នុងនោះក៏មានតារាសម្ដែងល្បីៗជាច្រើនទៀត រួមមាន កញ្ញា ទឹម រដ្ឋា, លោក យូ ឌីស្កូ, កញ្ញា និន សុធារ៉ា,កញ្ញា តូច ស្រីពេជ្រ,លោក ឯក សភារិទ្ធ, ច័ន្ទ សោភ័ណ្ឌ,លោក ហេង ដារី, ជុន ណារ៉ា, សេង គឹមថៃ, ភូ ចន្ទតារា, នួន ឆា និង ប្រាក សារ៉ួន។ ស្នាដៃរឿងថ្មីនេះ ជារឿងបែបមនោសញ្ចេតនា មានចំនួន៣៥ភាគ និងត្រូវចាប់ផ្តើមចេញថតក្រោយ ពេលក្រុងពលីរឿងចប់រួចរាល់៕