(ភ្នំពេញ)៖ នៅរសៀល ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧នេះ Fresh News បានទទួលលិខិតមិត្តអ្នកអានមួយ និស្សិតឆ្នាំទី៤ នៃ និស្សិតឆ្នាំទី៤ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ធកិច្ចម្នាក់ ដែលបានបង្ហាញទស្សនៈ ក្រោយពីសមត្ថកិច្ចចាប់ខ្លួន លោកសួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ។ នៅក្នុងលិខិតមិត្តអ្នកអាននេះ និស្សិតឆ្នាំទី៤ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ធកិច្ច បានសរសេរថា លោក សួន សេរីរដ្ឋា ធ្វើនយោបាយ ការពារប្រយោជន៍របស់បរទេស ក្បត់ប្រយោជន៍ជាតិខ្លួនឯង!។
ខាងក្រោមនេះជាសំណេរទាំងស្រុងរបស់លិខិតមិត្តអ្នកអាន ដែលមានខ្លឹមសារដូចតទៅ៖
«លោក សួន សេរីរដ្ឋា ដែលគេស្គាល់ថា ជាអ្នកនយោបាយស្ទើរភ្លើង ហើយតែងតែការពារប្រយោជន៍បរទេស និងក្បត់ប្រយោជន៍ជាតិខ្លួនឯង នៅមិនចោលចរិតដដែល។ បុគ្គលរូបនេះ ធ្វើនយោបាយមិនដែលគិតពីប្រយោជន៍ជាតិទេ តែចូលចិត្តយករឿងអាយុជីវិតជាតិ ទៅលេងសើច។
ជាក់ស្តែង ជាថ្មីម្តងទៀត នៅពេលដែល លោកនាយករដ្ធមន្ត្រី ហ៊ុន សែន បានបញ្ចេញប្រតិកម្មខ្លាំងៗទៅកាន់ភាគីឡាវ អំពីបញ្ហាបូរណភាពទឹកដី និងបានបញ្ជាឲ្យកងទ័ពត្រៀមខ្លួនប្រយុទ្ធប្រសិនបើឡាវមិនព្រមដកទ័ពចេញពីទឹកដីកម្ពុជាទេនោះ សួន សេរីរដ្ឋា បែរជាបង្ហោះសារប្រមាថ មាក់ងាយនាយករដ្ឋមន្ត្រីខ្មែរ និងប្រមាថជីវិតកងទ័ពដូចសត្វធាតុទៅវិញ។ តើអ្នកនយោបាយដូចជា សួន សេរីដ្ឋា ចង់បានអ្វី? នេះមិនមែនជាលើកទី១ទេ ដែល សួន សេរីរដ្ឋា បញ្ចេញអាកប្បកិរិយាក្បត់ជាតិខ្លួនឯង និងការពារប្រយោជន៍បរទេស។
គេនៅចាំបានថា កាលពីអំឡុងខែឧសភា ឆ្នាំ ២០១១ ពេលដែលរដ្ឋាភិបាលថៃរបស់លោក អាភីស៊ីត បានបញ្ជាឲ្យកងទ័ពទន្ទ្រានចូលទឹកដីព្រះវិហាររបស់ខ្មែរទាំងបំពាន ហើយថែមទាំងបានប្រកាសសង្គ្រាមជាមួយកម្ពុជាទៀតនោះ លោក សួន សេរីរដ្ឋា តាមរយៈទូរទស្សន៍ ASTV របស់ថៃ បាននិយាយក្នុងវេទិការបស់ក្រុមអាវលឿងថៃដោយបានការពារប្រយោជន៍ថៃ ហើយចោទប្រកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពីបញ្ហាជម្លោះទឹកដីនេះទៅវិញ។ គេមិនអាចគិតដល់ទាល់តែសោះថា នៅពេលដែលប្រជាពលរដ្ឋទូទាំងប្រទេសសម្តែងកំហឹង និងនាំគ្នាចូលរួមជាមួយរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធដើម្បីការពារបូរណភាពទឹកដី បែរជាមានអ្នកនយោបាយខ្មែរវង្វេងជាតិទៅនិយាយលើកទឹកចិត្តបរទេសឈ្លានពានទឹកដីទៅវិញ?
នៅលើពិភពលោកនេះ រឿងធំបំផុតសម្រាប់ជាតិសាសន៍នីមួយៗគឺបញ្ហាបូរណភាពទឹកដី និងមោទនភាពជាតិ។
ទោះបីជាពួកគេមានទស្សនៈនយោបាយខុសគ្នាយ៉ាងណាក៏ដោយ ឲ្យតែមានបញ្ហាអ្វីប៉ះពាល់ដល់បូរណភាពទឹកដី ប៉ះពាល់ដល់មោទនភាពជាតិ និងអាយុជីវិតរបស់ប្រទេសជាតិ អ្នកនយោបាយ និងពលរដ្ឋទូទៅ ទោះជានៅក្នុងនិន្នាការនយោបាយណាក៏ដោយក៏ត្រូវទុករឿងនយោបាយមួយឡែកសិន ហើយងាកមករួមគ្នាដើម្បីការពារផលប្រយោជន៍ជាតិរបស់គេ។ ប៉ុន្តែ ចម្លែកតែនៅកម្ពុជា មានអ្នកនយោបាយខ្មែរមួយចំនួនមិនបានគិតប្រយោជន៍ជាតិជាធំទេ តែបែរជាគិតតែផលប្រយោជន៍នយោបាយធំជាងប្រយោជន៍ជាតិទៅវិញ។ ជាក់ស្តែង មានព្រឹត្តិការណ៍ធំៗពីរដែលយើងអាចលើកមកធ្វើជាឧទាហរណ៍បាន។ ក្នុងនោះមាន៖
- ព្រឹត្តិការណ៍ទី១ ទាក់ទងនឹងការចុះបញ្ជីប្រាសាទសម្បូរព្រៃគុកជាសម្បត្តិបេតិកភណ្ឌរបស់ពិភពលោក។ គឺជាព្រឹត្តិការណ៍ដែលខ្មែរគ្រប់គ្នាមានមោទនភាព។ រដ្ឋាភិបាលដឹកនាំដោយ លោក ហ៊ុន សែន បានរៀបចំប្រារព្ធពិធីអបអរសាទរយ៉ាងកងរំពង រីឯប្រជាពលរដ្ឋខ្មែរទូទាំងនគរក៏បានរីករាយអបអរសាទរយ៉ាងក្លៀវក្លាដែរ។ ប៉ុន្តែ អ្នកនយោបាយប្រឆាំង និងអ្នកគាំទ្របក្សប្រឆាំងផ្កាប់មុខមួយចំនួ នមិនបានសម្តែងការអបអរសាទរសូម្បីមួយម៉ាត់។ មិនត្រឹមតែ មិនអបអរសាទរ បែរជានាំគ្នារិះគន់គេថែមទៀត តាមរបៀបមិនជួយចូកចែវ តែយកជើងរាទឹក។
- ព្រឹត្តិការណ៍ធំទី២ គឺចំណាត់ការរបស់រាជរដ្ឋាភិបាលតបនឹងទាហានបរទេសដែលចូលទន្ទ្រានទឹកដីខ្មែរ ដូចជាបញ្ហាព្រះវិហារជាមួយថៃកាលពីពេលកន្លងទៅ និងបញ្ហាជាមួយឡាវកាលពីប៉ុន្មានថ្ងៃមុននេះជាដើម។ វាគឺជាបញ្ហាអាយុជីវិតរបស់ជាតិ ប៉ុន្តែ ក្រុមប្រឆាំងមិនដែលបានចូលរួមជាកម្លាំងកាយ ឬកម្លាំងចិត្តជាមួយរដ្ឋាភិបាលក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួនទេ។ មិនតែប៉ុណ្ណោះ ពួកគេថែមទាំងរិះគន់បន្ទុចបង្អាក់ ថែមទៀត។
ករណី សួន សេរីរដ្ឋា ជាឧទាហរណ៍ដ៏ជាក់ស្តែងបំផុត។ នៅពេលដែលប្រជាពលរដ្ឋទូទាំងប្រទេសបានចូលរួមផ្តល់កម្លាំងចិត្តដល់ប្រមុខរដ្ឋាភិបាល និងដល់កងកម្លាំងប្រដាប់អាវុធដ៏ក្លាហានដែលត្រៀមខ្លួនប្រយុទ្ធការពារទឹកដី ដោយមានពលរដ្ឋជាច្រើននាំគ្នាអបអរ និងបរិច្ចាគទ្រព្យសម្បត្តិមួយចំនួន ដើម្បីជួយឧបត្ថម្ភដល់កងទ័ពសមរភូមិមុខ សួន សេរីរដ្ឋា បែរជាបង្ហោះសារមាក់ងាយនាយករដ្ឋមន្ត្រី និងប្រមាថជីវិតកងទ័ពយ៉ាងថោកទាបបំផុតទៅវិញ។ មិនមែនមានតែ សួន សេរីរដ្ឋា ម្នាក់ទេដែលមានអាកប្បកិរិយាប្រមាថផលប្រយោជន៍ជាតិបែបនេះ នៅមានអ្នកនយោបាយប្រឆាំង និងសកម្មជនប្រឆាំងផ្កាប់មុខជាច្រើនទៀតក៏ធ្វើសកម្មភាពក្នុងន័យប្រហាក់ប្រហែលគ្នានេះដែរ។
អំពើក្បត់ផលប្រយោជន៍ជាតិខ្លួនឯង និងការពារផលប្រយោជន៍បរទេសបែបនេះ មិនអាចអត់ឱនឱ្យបានឡើយ។ សារតាមហ្វេសប៊ុករបស់ សួន សេរីរដ្ឋា បានធ្វើឲ្យពលរដ្ឋ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធជាច្រើនផ្ទុះកំហឹងនិងទាមទារឲ្យរដ្ឋាភិបាលមានចំណាត់ការជាបន្ទាន់។
ឆ្លើយតបនឹងប្រតិកម្មរបស់មហាជន សមត្ថកិច្ចបានចាប់ខ្លួន សួន សេរីរដ្ឋាដើម្បីដំណើរការតាមផ្លូវច្បាប់ហើយ។ ចាំមើលថា តើមានអ្នកណាខ្លះ ចេញមុខការពារមនុស្សក្បត់ប្រយោជន៍ជាតិដូច សួន សេរីរដ្ឋា នេះ? បើមានមែន ពួកគេទាំងនោះ ជាបក្សពួកតែមួយដែលធ្វើសកម្មភាពដើម្បីបំផ្លាញជាតិ ទោះជ្រកក្រោមស្លាកបក្សនយោបាយ ឬអង្គការសង្គមស៊ីវិលក្តី។ ពួកអ្នកទាំងនោះស័ក្តិសមនឹងចាត់វិធានការតាមផ្លូវច្បាប់ពីព្រោះប្រសិនបើមិនដូច្នោះទេ ប្រទេសជាតិនឹងរលាយក្រោមស្នាដៃរបស់ពួកគេជាមិនខានឡើយ»៕
ដោយ៖ និស្សិតឆ្នាំទី៤ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ធកិច្ច