(ព្រះវិហារ)៖ អភិបាលខេត្តព្រះវិហារលោក អ៊ុន ចាន់ដា នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧នេះ បានដឹកនាំមន្រ្តីរាជការ និងក្រុមការងារមួយចំនួន ធ្វើដំណើរតាមកាណូត រួមជាមួយអំណោយជាច្រើន ដើម្បីយកទៅចែកជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង កាលពីពេលកន្លងទៅ ស្ថិតនៅភូមិស្រែព្រៀង ឃុំប្រមេរុ ស្រុកត្បែងមានជ័យ តាមបណ្ដោយដងស្ទឹងសែន។
មន្រ្តីសាលាខេត្តព្រះវិហារ បានឲ្យដឹងថា នៅទូទាំងខេត្តផ្ទះប្រជាពលរដ្ឋជាង១ពាន់គ្រួសារ និងផលដំណាំជាង១ពាន់ហិកតាបានរងផលប៉ះពាល់ ដោយសារគ្រោះធម្មជាតិមួយនេះ។
នៅក្នុងពិធីសំណេះសំណាល លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា រយៈពេលនៃទឹកជំនន់ កាលពីពេលកន្លងទៅ អាជ្ញាធរ និងសមត្ថកិច្ចខេត្តបានខិតខំជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរស់នៅតាមមាត់ស្ទឺងមួយចំនួន យកទៅដាក់នៅទីទួលសុវត្ថិភាពការពារកុំឲ្យមានគ្រោះថ្នាក់ បន្ថែមលើសពីនេះ គឺបានទំនុកបម្រុងស្បៀងអាហារ ថ្នាំសង្កូវ និងការពារសុវត្ថិភាពជាប្រចាំ។ ស្របពេលទឹកបានស្រកចុះ ប្រជាពលរដ្ឋបានវិលមកកាន់ផ្ទះសម្បែងវិញ ហើយអាជ្ញាធរក៏នៅតែតាមជួយប្រជាពលរដ្ឋទៀត ជាក់ស្តែងដូចនៅពេលនេះជាដើម។
អំណោយដែលចែកជូននេះ គឺដោយមានការចូលរួមពីគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរ៉ាយ និងគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្ត សហការជាមួយកាកបាទក្រហមកម្ពុជា។
លោកបានជំរុញឲ្យប្រជាពលរដ្ឋ ត្រូវខិតខំបង្កបង្កើនផលដំដំណាំរួមផ្សំផ្សេងៗ ដើម្បីលើកម្ពស់ជីវភាពគ្រួសារឲ្យកាន់តែប្រសើឡើង និងត្រូវយកចិត្តទុកដាក់មើលកូនចៅតូចៗ កុំឲ្យចុះលេងទឹកផ្តេសផ្តាស ព្រោះក្នុងរដូវទឹកជំនន់កន្លងទៅ មានប្រជាពលរដ្ឋ ៣នាក់ បានលង់ទឹកស្លាប់ គឺនៅស្រុកជាំក្សាន្ត ២នាក់ និងនៅក្រុងព្រះវិហារ ១នាក់។
លោកក៏បានប្រាប់ប្រជាពលរដ្ឋដែលខ្វះខាតស្រូវពូជ សូមទាក់ទងជាមួយមេភូមិ ដើម្បីឲ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត យកទៅប្រគល់ជូនដោយមិនគិតថ្លៃនោះឡើយ។
សូមជម្រាបថា រយៈពេលប៉ុន្មានថ្ងៃកន្លងទៅ ភ្លៀងបានធ្លាក់ជោកជាំជាបន្តបន្ទាប់ បង្កជាទឹកជំនន់ជន់លិចប៉ះពាល់ដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋក្នុងខេត្តមួយចំនួន ដូចជា ខេត្តព្រះវិហារ ឧត្តរមានជ័យ កំពង់ធំ កំពត រតនគិរី ត្បូងឃ្មុំ និងខេត្តព្រះសីហនុជាដើម ពិសេសគឺនៅតាមដងស្ទឹងសែននេះតែម្ដង៕