Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្រ្តីកាំកុងត្រូលសាខាខេត្តព្រៃវែង រកឃើញទឹកក្រូច ប្រេងខ្យង ទឹកម្ទេស ផ្សិតកំប៉ុង ទឹកសណ្តែក និងមីម៉ាម៉ាដែលខូចគុណភាព លក់ក្នុងផ្សារកំពង់ពពិល

14-08-2017 15:19

(ព្រៃវែង)៖ មន្រ្តីកាំកុងត្រូលសាខាខេត្តព្រៃវែង សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត រួមជាមួយអាជ្ញាធរមូលដ្ឋាន នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧នេះ បានបន្តចុះអង្កេតទំនិញ តាមស្តង់ និងតូបលក់ទំនិញ នៅផ្សារកំពង់ពពិល ដែលស្ថិតនៅក្នុងភូមិកំពង់ពពិល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង ដោយរកឃើញ ទឹកក្រូច ប្រេងខ្យង ទឹកម្ទេស ផ្សិតកំប៉ុង ទឹកសណ្តែក និងមីម៉ាម៉ាដែលខូចគុណភាព និងហួសកាលបរិច្ឆេទ។

មន្រ្តីសាខាកាំកុងត្រូលខេត្តព្រៃវែង បានឲ្យដឹងថា ការចុះអង្កេតទំនិញនៅផ្សារកំពង់ពពិលនេះ គឺធ្វើតេស្តបឋម ទៅលើមុខម្ហូបមួយចំនួនដូចជា៖ បន្លែ ផ្លែឈើ មីលឿង សរសៃគុយទាវ ជ្រក់តែរកមិនឃើញផលិត ផលណាមួយមានជាតិគីមីនោះទេ តែបានរកឃើញ ទឹកក្រូច ប្រេងខ្យង ទឹកម្ទេស ផ្សិតកំប៉ុង ទឹកសណ្តែក និងមីម៉ាម៉ា ខូចគុណភាព និងហួសកាលបរិច្ឆេទដោយសរុបទាំងអស់ជាង ២០គីឡូក្រាម។

មន្រ្តីកាំកុងត្រូលបានឲ្យដឹងថា ទំនិញខូចគុណភាពទាំងនេះ បានធ្វើកំណត់ហេតុដកហូត យកទៅរក្សាទុក ដើម្បីធ្វើការកំទេចចោល។ ឆ្លៀតឱកាសនោះដែរ ក្រុមកាងារក៏បានចែកផ្សាយនូវរូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់ឲ្យបានយល់ ដឹងអំពីផលវិបាកដែលបណ្តាលមកពីការបរិភោគ អាហារហួសកាលបរិច្ឆេទ ប្រើប្រាស់និងការដាក់ លាយបន្ថែមសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ។

មន្រ្តីកាំកុងត្រូល ក៏បានអប់រំ និងអំពាវនាវដល់អាជីវករ អ្នកលក់ដូរទាំងអស់ឲ្យប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ គឺលក់ដូរ និងចែកចាយតែទំនិញផលិតផលម្ហូបអាហារណា ដែលមានគុណភាព មិនប៉ះពាល់ដល់ សុខមាលភាព អ្នកប្រើប្រាស់៕