(កំពត)៖ រដ្ឋបាលខេត្តកំពត តាមរយៈបណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧នេះ បានថ្កោលទោសចំពោះបុគ្គល សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ ដែលបានលើកឡើងប្រមាថធ្ងន់ធ្ងរ ដល់កងទ័ពកម្ពុជាថា ជាងកងទ័ពចោរ។
ប្រតិកម្មយ៉ាងខ្លាំងក្លារបស់រដ្ឋបាលខេត្តកំពត បានធ្វើឡើងបន្ទាប់ពី សួន សេរីរដ្ឋា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅរសៀលថ្ងៃទី១៣ ខែសីហានេះ ក្រោយបង្ហោះសារប្រមាថ ដល់កងទ័ពខ្មែរ ក្រោយព្រឹត្តិការណ៍ប្រឈមមុខដាក់គ្នារវាងកងទ័ពកម្ពុជា និងកងទ័ពឡាវ នៅព្រំដែនខេត្តស្ទឹងត្រែង។
លោក សួន សេរីរដ្ឋា បានបង្ហោះសារនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ ដោយមានខ្លឹមសារយ៉ាងដូច្នេះថា៖ «ពេលសង្គ្រាមកើតឡើងជាមួយនឹងប្រទេសលាវនោះ លទ្ធផលវាហ្នឹងមិនខុសពីសង្គ្រាមដែលកើតឡើងជាមួយនឹងប្រទេសសៀមទេ ! គឺកូនខ្មែរ កងទ័ពជាតិ នឹងស្លាប់ក្នុងសមរភូមិយ៉ាងវេទនា… ហើយមេទ័ពចោរ នឹងឡើងបុណ្យសក្តិ ប្រមូលបានលុយកាក់ សប្បាយជាមួយស្រីញីយ៉ាងគគ្រឹកគគ្រេង !។ ពីព្រោះកន្លងមកដូចយើងដឹងហើយ សង្គ្រាមដែលកើត ឡើងជាមួយនឹងប្រទេសសៀម គឺស្លាប់តែកូនខ្មែរអ្នកស្នេហាជាតិ ដែលចូលប្រយុទ្ធនៅជួរមុខទេ។ ចំណែកឯពួកមេៗពាក់ផ្កាយ និងកូនលោកធំៗដែលនៅជួរ ក្រោយចេញមុខចេញមាត់នោះ ប្រមូលលុយ ប្រមូលលាភ ហើយដេកតែម៉ាស៊ីនត្រជាក់ជាមួយស្រីកំដរ ក៏ឡើងបុណ្យឡើងផ្កាយដែរ»។
លិខិតរបស់រដ្ឋបាលខេត្តកំពត បានបញ្ជាក់យ៉ាងដូច្នេះថា «សម្ដីរបស់បុគ្គល សួន សេរីរដ្ឋាន បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់កិត្តិយសរបស់កងយោធពលខេមរភូមិន្ទ ដែលជាសសរទ្រូងយ៉ាងរឹងមាំ ក្នុងការពារខឿនឯករាជ្យជាតិ អធិបតេយ្យភាព បូរណភាព ទឹកដី និងមានចរិតជាការបំបែកបំបាក់សាមគ្គីជាតិ»។
ថ្នាក់ដឹកនាំខេត្ត សំណូមពរឲ្យស្ថាប័នមានសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ ដោយគ្មានការលើកលែងចំពោះបុគ្គលអគិត សួន សេរីរដ្ឋា ឲ្យបានធ្ងន់ធ្ងរបំផុត ឲ្យសក្ដិសមនឹងទង្វើរបស់ខ្លួន៕