(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយរកដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃចន្ទនេះ បានរំលេចថា លោកសួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ ដែលសមត្ថកិច្ចចាប់ខ្លួន ក្រោយដៀលមេទ័ពខ្មែរថា ជាចោរនោះ កំពុងមានទោសផ្សេងទៀត ដែលសម្តេចសង្ស័យថា នឹងប៉ះពាល់ដល់ការរំលាយ គណបក្សអំណាចខ្មែរតែម្តង។
ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅកោះពេជ្រ នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧នេះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអះអាងថា លោក សួន សេរីរដ្ឋា បានប្រមាថដល់ព្រះចេស្តារបស់ព្រះមហាក្សត្រយ៉ាងធ្ងន់ធ្ងរ តាមរយៈភស្តុតាងដែលបង្ហាញក្នុងសារមួយ ព្រមទាំងសរសេរថា នឹងធាក់ឲ្យធ្លាយព្រះបរមរាជវាំង ខណៈដែលលោកបានសារភាពថា សារនោះពិតជារបស់ខ្លួនមែន ហើយសមត្ថកិច្ច ក៏បានឆែកឆររកឃើញ Memory ចំនួន១០ផ្សេងទៀត ដើម្បីពិនិត្យលើទោសបន្ថែម។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «នេះគឺទាត់ស្តេច បើទាត់ត្រឹម ហ៊ុន សែន បាន។ ការប្រមាថមួយនេះ គឺធ្ងន់ណាស់។ ថ្ងៃនេះ បើសិនជាតុលាការកាត់មិនបានដល់អង្គហេតុនេះទេ ប៉ុន្តែអង្គហេតុប្រមាថកងទ័ព ញុះញង់កងទ័ពមិនឱ្យស្តាប់បញ្ជា គឺអាចមានទោសពី២ដល់៥ឆ្នាំ ប៉ុន្តែទោសមួយនេះ និងទោសដទៃទៀតវាទៅយ៉ាងម៉េច»។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា «ពីមុនល្អហើយ ដែលអ្នកឯងអាចរត់គេចខ្លួនបាន ហើយទៅនិយាយជាមួយប៉ុស្តិ៍អាវលឿងរបស់ថៃ ខ្ញុំក៏ស្នើលើកលែងទោសឱ្យ»។
លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅត្រង់ចំណុចស្ពានព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីរសៀល ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ ខណៈដែលលោក ធ្វើដំណើរត្រឡប់ពីខេត្តកំពង់ចាម ដើម្បីចូលមករាជធានីភ្នំពេញ។ ការចាប់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីលោកបានបង្ហោះសារមួយញុះញង់ និងប្រមាថដល់មេទ័ពខ្មែរថាជា មេទ័ពចោរ នៅលើបណ្តាញសង្គម Facebook អំឡុងពេលប្រឈមមុខគ្នា រវាងកងទ័ពកម្ពុជា និងកងទ័ពឡាវ នៅតំបន់ព្រំដែន ខេត្តស្ទឹងត្រែង។
បើតាមច្បាប់ស្តីពីគណបក្សនយោបាយថ្មី ដែលបានធ្វើវិសោធនកម្មជាលើកទី២នោះ គណបក្សនយោបាយទាំងអស់ នៅកម្ពុជា មិនត្រូវមានប្រធាន ឬអនុប្រធាន ក៏ដូចជាសមាជិកគណៈកម្មាធិការនាយក ឬគណៈកម្មាធិការអចិន្រ្តៃយ៍ ដែលជាទណ្ឌិតនោះទេ។ ក្នុងករណីដែលគណបក្សណាមាន ប្រធាន ឬអនុប្រធាន ក៏ដូចជាសមាជិកគណៈកម្មាធិការនាយក ឬគណៈកម្មាធិការអចិន្រ្តៃយ៍ជាទណ្ឌិតនោះ គណបក្សនោះអាចប្រឈមនឹង ការរំលាយចោលតែម្តង។
ដូចគ្នានេះដែរ បើសិនជាលោក សួន សេរីរដ្ឋា ត្រូវបានតុលាការកាត់ទោស ក្នុងបទល្មើសណាមួយ ដែលសាលក្រមចូលជាស្ថាពរនោះ គណបក្សអំណាចខ្មែរ ក៏អាចប្រឈមនឹងការរំលាយផងដែរ បើលោកមិនត្រូវបានលាលែង ពីតំណែងនានាទេនោះ៕