(ភ្នំពេញ)៖ លោក ជិន ថាញ់មិន ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម បានលើកឡើងថា ប្រទេសវៀតណាម បានចាត់ទុកការរឹតចំណងមិត្តភាព កិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជាចំនុចអាទិភាព និងមានសារសំខាន់បំផុត។ នៅក្នុងជំនួបពិភាក្សានេះ គណៈប្រតិភូ បានវាយតម្លៃខ្ពស់ចំពោះជោគជ័យ និងការអភិវឌ្ឍលើគ្រប់វិស័យ ដែលប្រទេស និងប្រជាជនកម្ពុជា បានកំពុងទទួលទំាងខាងសេដ្ឋកិច្ច ស្ថិរភាពនយោបាយ និងសុខសន្តិភាព។

ការលើកឡើងរបស់ភាគីវៀតណាម បានធ្វើឡើងខណៈសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានទទួលជួបសវនការជាមួយលោក ជិន ថាញ់មិន (Tran Thanh Man) ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧នេះ នៅវិមានរដ្ឋសភា។

ជាមួយគ្នានោះលោក ជិន ថាញ់មិន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចប្រធានរដ្ឋសភា ដែលបាន ចំណាយ ពេលវេលាដ៏មានតម្លៃទទួលជួបជាមួយ លោក និងគណៈប្រតិភូនាពេលនេះ។ ជាការឆ្លើយតប សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានស្វាគមន៍ ចំពោះដំណើរទស្សនកិច្ច របស់លោក ជិន ថាញ់មិន និងគណៈប្រតិភូ នៅលើទឹកដីកម្ពុជា។

សម្តេច បានបន្តថា ក្នុងនាមប្រធានរដ្ឋសភា និងក្នុងនាមសម្តេច ជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្ស សាមគ្គីអភិវឌ្ឍមាតុភូមិកម្ពុជាផងនោះ សម្តេចសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក ជិន ថាញ់មិន ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម ព្រមទំាងគណៈប្រតិភូទំាងអស់ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគូសបញ្ជាក់ថា ការរៀបចំសន្និសីទអន្តរជាតិលើកទី៥ នៃរណសិរ្ស ប្រទេសកម្ពុជា និងវៀតណាមនាពេលនេះ ស្ថិតនៅក្នុងបរិយាកាស ដែលថ្នាក់ដឹកនាំប្រទេសកម្ពុជា និងវៀតណាម បានផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅមក ជាបន្តបន្ទាប់ ជាពិសេសគឺស្ថិតក្នុងកាលៈទេសៈ ដែលចំណងមិត្តភាពប្រទេសទំាងពីរ បានឈានដល់ខួបលើកទី៥០ឆ្នាំ។

សូមជម្រាបថា សន្និសីទអន្តរជាតិលើកទី៥ នៃរណសិរ្សប្រទេសកម្ពុជា និងវៀតណាម នឹងប្រារព្ធធ្វើ នៅក្នុងទីរួម ខេត្តកំពត នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាពរបស់ លោកស្រី មែន សំអន ឧបនាយក រដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាអនុប្រធានក្រុមប្រឹក្សាជាតិ រណសិរ្ស សាមគ្គី អភិវឌ្ឍមាតុភូមិកម្ពុជា ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា «វត្តមាន របស់ប្រធាន និងគណៈប្រតិភូនាពេលនេះ បានរួមចំណែក បន្តពូនជ្រុំ ពង្រឹងពង្រីកទំនាក់ទំនង មិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ រវាងប្រទេសទំាងពីរ កម្ពុជា-វៀតណាម ជាពិសេសរវាងរណសិរ្សប្រទេសទំាងពីរ ឲ្យកាន់តែ រឹងមំាខ្លាំងក្លាទ្វេដង ទៀត។ ខ្ញុំមានជំនឿថា វត្តមានរបស់ប្រធាន និងគណៈប្រតិភូរណសិរ្សវៀតណាម នឹងរួមចំណែកឲ្យ សន្និសីទ អន្តរជាតិលើកទី៥ រវាងរណសិរ្សប្រទេសទំាងពីរ ទទួលបានជោគជ័យ​តាមការរំពឹងទុក»៕