(ភ្នំពេញ)៖ ធនាគារឯកទេសវីង (ខេមបូឌា) និងសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ដើម្បីផ្តល់គណនីវីងឥតគិតថ្លៃ ដល់និស្សិតរាប់ម៉ឺននាក់ ដែលអនុស្សរណៈនេះ បានចុះហត្ថលេខាដោយលោកបណ្ឌិត កុល ផេង ជាប្រធាន និងជាស្ថាបនិក នៃសាកលវិទ្យាល័យបញ្ញាសាស្រ្ត និងលោក Jojo Malolos នាយកប្រតិបត្តិនៃធនាគារវីង (ខេមបូឌា) នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ម្សិលមិញ ។
តាមរយៈគណនីវីង សិស្សនិស្សិតបញ្ញាសាស្រ្ត នឹងអាចទទួលបាននូវបទពិសោធន៍ថ្មី និងទាន់សម័យក្នុងការទូទាត់ប្រសើរជាងមុន និងភាពងាយស្រួល នៅពេលបង់ថ្លៃសិក្សាម្តងៗ ដោយមិនពិបាកតម្រង់ជួរ ឬតស៊ូជាមួយបញ្ហាចរាចរណ៍ទីក្រុង និងអាកាសធាតុបច្ចុប្បន្ននោះទេ។ ក្រៅពីការបង់ថ្លៃសិក្សាតាមគណនីវីង និស្សិតក៏អាចរីករាយជាមួយ និងសេវាកម្មវីងជាច្រើនដូចជាការបញ្ចូលលុយទូរស័ព្ទ ការទិញទំនិញអនឡាញ វីងគិតលុយ ការទូទាត់វិក្កយបត្រ និងការផ្ទេរប្រាក់ តាមកម្មវិធីវីង (Wingmoney app) ដែលអាចស្វែងរកនៅលើ app store របស់ iOS និង Android យុវជនកម្ពុជាអាចសម្របខ្លួនបានយ៉ាងលឿន និងមានភាពរំភើបចំពោះការរីកចម្រើននៃបច្ចេកវិទ្យា ដែលធ្វើឱ្យជីវិតពួកគេឡូយ ទាន់សម័យ និងងាយស្រួល។
វីង ជាធនាគារហិរញ្ញវត្ថុចល័តដំបូងគេដែលបានចាប់ផ្តើមក្នុងឆ្នាំ២០០៩ បច្ចុប្បន្ន វីងកំពុងផ្តល់សេវាកម្មជូនប្រជាជនកម្ពុជា ទូទាំងប្រទេសតាមរយៈ ភ្នាក់ងារវីងដែលកំពុងកើនឡើងជាង៥០០០កន្លែង ផ្តល់ជូនសេវាផ្ទេរប្រាក់ បញ្ចូលលុយទូរស័ព្ទ បង់វិក្កយបត្រ វីងគិតលុយ និងការទូទាត់អនឡាញ។
ភាពជាដៃគូរបស់ វីង ជាមួយស្ថាប័នអប់រំមានភាពស្របគ្នាជាមួយចក្ខុវិស័យ វីង ហើយភាពជាដៃគូនេះក៏ជាការអបអរខួប៩ឆ្នាំ នៃវីងផងដែរ។ វីង មានគោលបំណងផ្តល់សេវាកម្មហិរញ្ញវត្ថុចល័តដែលមានប្រសិទ្ធិភាពខ្ពស់ និងតម្លៃសមរម្យទទួលយកបានដើម្បីជំរុញការប្រើប្រាស់សេវាហិរញ្ញវត្ថុ ឱ្យកើនឡើងមួយកម្រិតទៀត៕