(ភ្នំពេញ)៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី និងអគ្គកុងស៊ុលកម្ពុជាប្រចាំប្រទេសវៀតណាម បានជួយដោះស្រាយបញ្ហា និងរៀបចំមាតុភូមិនិវត្តន៍របស់ពលការិនីខ្មែរ៣នាក់ និងពលរដ្ឋរកស៊ីខុសច្បាប់ ឱ្យត្រឡប់មកកម្ពុជា បានដោយជោគជ័យ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧នេះ។
យោងតាមសេចក្តីប្រកាសព័ត៌មានដដែល បានឲ្យដឹងថា ពលការិនី ស.អ អាយុ២៤ឆ្នាំ មកពីស្រុកកន្ទត ខេត្ត ខេត្តក្រចេះ បានទៅធ្វើការនៅប្រទេសម៉ាឡេស៊ីដោយខុសច្បាប់ ធ្វើការងារតាមផ្ទះកាលពិថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៥។ ដោយចង់ត្រឡប់មកកម្ពុជាវិញ នាងបានទៅស្ថានទូតនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ ស្នើរសុំជួយទាមទារប្រាក់ខែដែល នៅខ្វះពិនិយោជក។ ក្រោយពីកិច្ចអន្តរាគមន៍របស់ស្ថានទូត និងនិយោជកពលការិនីបានទទួលប្រាក់ចំនួន១៤.១៦០រីងហ្គីត(ប្រមាណ៣.៣៥០ដុល្លាអាមេរិក) និងទិញសំបុត្រយន្តហោះជូននាងថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧។
ពលការនី ជ.ដ អាយុ៣២ឆ្នាំ មកពីស្រុកតំបែរ ខេត្តកំពង់ចាម បានទៅធ្វើការនៅប្រទេសម៉ាឡេស៊ីដោយខុសច្បាប់ ធ្វើជាអ្នកបោសសំអាត កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦។ ដោយធ្វើការលំបាកនាងបានមកស្ថានទូតនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧ ស្នើរសុំទាមទារប្រាក់ខែដែលនៅខ្វះពិនិយោជក និងជួយឲ្យបានត្រឡប់មកកម្ពុជាវិញ។ ក្រោយពីជួយអន្តរាគមន៍របស់ស្ថានទូត និងនិយោជករបស់ពលការនីបានទទួលប្រាក់ចំនួន៤.៨២៧ រីងហ្គីត (ប្រមាណ១.១៥០ដុល្លាអាមេរិក) និងលិខិតឆ្លងដែនជូនគាត់នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧។
ពលការិនី អ.ប.រ អាយុ២៣ឆ្នាំ មកពិស្រុកបាភ្នំ ខេត្តព្រៃវែង បានទៅធ្វើការនៅប្រទេសម៉ាឡេស៊ីដោយខុសច្បាប់ហើយធ្វើការនៅហាងហ្គេម កាលពីថ្ងៃទីមេសា ឆ្នាំ២០១៦ ដោយចង់ត្រឡប់មកកម្ពុជាវិញ នាងបានទៅស្ថានទូតនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧។
ពលការិនីទាំង៣នាក់ នឹងមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង ០៧:៣៥នាទីព្រឹក តាមជើងយន្តហោះ AK536។
ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ បានសហការជាមួយអាជ្ញាធរវៀតណាម រៀបចំមាតុភូមិវត្តន៍របស់ពលរដ្ឋខ្មែរចំនួន៥នាក់ ដែលចូលទៅលក់ឆ្នោតខុសច្បាប់នៅប្រទេសវៀតណាម។ ប្រជាពលរដ្ឋដែលអាជ្ញាធរវៀតណាម ចាប់ខ្លួនចំនួន៣នាក់ នៅខេត្តស្វាយរៀង និង២នាក់ នៅខេត្តពោធិ៍សាត់ ហើយត្រូវបានអាជ្ញាធរវៀតណាមរៀបចំឲ្យស្នាក់នៅបណ្តុះអាសន្នក្នុងមជ្ឈមណ្ឌលគារពារសង្គម នៃមន្ទីរសង្គមកិច្ចខេត្តទៀនយ៉ាង។
ស្ថានអគ្គកុងស៊ុលកម្ពុជា បានបញ្ជូនពលរដ្ឋទាំង៥នាក់ មកកម្ពុជាវិញ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ (ខេត្តស្វាយរៀង ដើម្បីប្រគល់ជូនអាជ្ញាធរកម្ពុជា ចាត់ចែនបញ្ជូនទៅស្រុកកំណើតរៀងៗខ្លួន៕