(ព្រះវិហារ)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានលើកឡើងថា ទោះបីជាទឹកបានស្រកចុះក៏ដោយ តែអាជ្ញាធរនៅតែគិតគូរជានិច្ច អំពីសុខទុក្ខ និងការរបស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។ លោកអភិបាលខេត្ត បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ដែលបានមកស្នាក់នៅបណ្តោះអាសន្ន លើទីទួលសុវត្ថិភាព និងតាមដងផ្លូវនានា ត្រូវរុះរើចេញហើយទៅរស់នៅផ្ទះរបស់ខ្លួនវិញ និងត្រូវខិតខំបង្ករបង្កើនផលដាំដំណាំ រួមផ្សំឡើងវិញដើម្បីលើកស្ទួយកំរិតជីវភាពគ្រួសារ។
លោក អ៊ុន ចាន់ដា ថ្លែងបែបនេះក្នុងឱកាសដែលលោកអញ្ជើញចែកអំណោយជូនប្រជាពលរដ្ឋចំនួន២២១គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ នៅសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧នេះ នៅក្នុងបរិវេណសាលាខេត្ត។
លោក អ៊ុន ចាន់ដា បានបន្តថា ការចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់នៅពេលនេះ គឺដោយមានការយកចិត្តទុកដាក់ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយកាកបាទក្រហមកម្ពុជា សហការជាមួយអាជ្ញាធរ ខេត្តព្រះវិហារ។ ហើយបន្ទាប់ពីទឹកជំនន់បានស្រកចុះក៏ដោយ ក៏អាជ្ញាធរនៅតែគិតគូរយកចិត្តទុកដាក់អំពីសុខទុក្ខ និងការរស់នៅរបស់បងប្អូនជានិច្ច បាននយ័មិនបោះបង់ចោលនោះទេ យើងត្រូវរួមរស់ជាមួយគ្នារហូត ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោកអភិបាលខេត្ត បានបញ្ជាក់ថា គ្រោះទឹកជំនន់កន្លងទៅថ្មីៗនេះ បានលិចលង់ដំណាំប្រជាពលរដ្ឋជាង១០០០ហិកតា លំនៅដ្ឋានប្រជាពលរដ្ឋជាង១០០០គ្រួសារ ស្លាប់មនុស្ស៣នាក់ តែលោកសូមឲ្យបងប្អូនប្រជាពលរដ្ឋត្រូវ មានការប្រុងប្រយ័ត្នម្តងទៀត មុនរដូវបុណ្យភ្ជុំបុណ្ឌិខាងមុខនេះ។ អំណោយដែលចែកជូននៅពេលនេះគឺមិនមានការប្រកាន់និន្នការនយោបាយនោះទេឲ្យតែប្រជាពលរដ្ឋរងគ្រោះពិតប្រាកដ គឺត្រូវទទួលបានដូចៗគ្នា ហើយអំណោយនេះទោះបីតិចតួចក្តី តែវាបានដោះស្រាយការខ្វះខាតរបស់បងប្អូនយើងបានមួយគ្រាៗផងដែរ៕