(ប៉ៃលិន)៖ ខណៈដែលប្រជាពលរដ្ឋមួយចំនួន ព្រួយបារម្ភអំពីសុវត្ថិភាព ម្ហូបអាហារប្រចាំថ្ងៃនោះមន្ត្រីៗ បម្រើការងារ នៅអគ្គនាយកដ្ឋានកាំកុងត្រូល បាននិយាយថា រហូតមកដល់បច្ចុប្បន្ននេះមន្ត្រីៗ អគ្គនាយកដ្ឋានកម្ពុជា ត្រួតពិនិត្យទំនិញ នីហរ័ណ-អាហរ័ណ និងបង្ក្រាបអំពើក្លែងបន្លំ ដែលហៅកាត់ថា «កាំកុងត្រូល» បាននិងកំពុងខិតខំ ប្រឹងប្រែងខ្លាំងឡើង ក្នុងការដឹកនាំការងារត្រួតពិនិត្យ និងបង្ក្រាបទប់ស្កាត់ រាល់ទំនិញម្ហូបអាហារ ប៉ះពាល់ដល់សុខភាពទទួលបានលទ្ធផលល្អប្រសើរជាងពេលមុនៗឆ្ងាយណាស់។ ជាក់ស្តែងនាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ លោកសាន វិជ្ជាសារ៉ាវុធ ប្រធានកាំកុងត្រូលសាខាខេត្ត ដឹកនាំមន្ត្រីក្រោមឱវាទ បានសហការណ៍ជាមួយមន្ត្រីពាណិជ្ជកម្មខេត្តជាច្រើនរូបបន្តសកម្មភាពចុះត្រួតពិនិត្យ នៅតាមគេហដ្ឋាន តាមតូប តាមផ្សារនានាក្នុងភូមិសាស្ត្រខេត្តប៉ៃលិន។
លោក សាន វិជ្ជាសារ៉ាវុធ ប្រធានកាំកុងត្រូលសាខាខេត្ត បានថ្លែងថា អគ្គនាយកដ្ឋានកាំកុងត្រូល ក្រោមការដឹកនាំគ្រប់គ្រង ដោយលោកអគ្គនាយក ម៉ក់ ពេជ្ជរិទ្ធ តែងអនុវត្តន៍នូវយុទ្ធសាស្ត្រ «ភ្លៀងរលឹម» ក្នុងការដឹកនាំកម្លាំង ចុះទៅត្រួតពិនិត្យ គុណភាពទំនិញ ស្ទើររៀងរាល់ថ្ងៃ ទាំងនៅលើទីផ្សារនានា និងទៅដល់ទីកន្លែង ផលិតដោយផ្ទាល់តែម្ដង ឲ្យតែសង្ស័យពាក់ព័ន្ធ នឹងទំនិញម្ហូបអាហារ ដែលអាចធ្វើឲ្យមានការ ប៉ះពាល់ដល់សុខភាព ប្រជាពលរដ្ឋអ្នកប្រើប្រាស់ ឬទំនិញក្លែងបន្លំផ្សេងៗ។
ក្នុងពេលចុះពិនិត្យទំនិញសមត្ថកិច្ចកាំកុងត្រូលបានដកហូតទំនិញខូចគុណភាពមួយចំនួនពីអាជីវករដើម្បីយកទៅកំទេចចោលរួមមាន ស្របៀដប នំស្រួយក្មេង ទឹកជ្រលក់ ទឹកម្ទេស មីកំម៉ុង មីកញ្ចប់ ទឹកក្រូចដបជ័រ ទឹកសណ្តែក ទឹកត្រី ទឹកតៅហ៊ូកែវ គ្រប់សណ្តែងខៀវលីងខូចគុណភាព ទឹកប៉េងបោះ ទឹកដោះជូកូនក្មេងគោក្រហម ចាហួយក្មេង ភេសជ្ជះ និងទឹកដោះគោជូ៕