(កំពង់ធំ)៖ សាស្ត្រាចារ្យវេជ្ជបណ្ឌិត ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិកម្ពុជា ថ្លែងក្នុងទិវាអភិវឌ្ឍន៍ វិជ្ជាជីវៈវេជ្ជសាស្ត្រ បន្តលើកទី៥ នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧នេះថា ក្រមសីលធម៌ដ៏ពិសេសរបស់ក្រុមគ្រូពេទ្យ គឺមិនទុកឲ្យអ្នកជំងឺស្លាប់ ដោយគ្មានការអើពើពីក្រុម គ្រូពេទ្យឡើយ ហើយក្នុងនាមជាក្រុមគ្រូពេទ្យមិនត្រូវមើលទៅលើទ្រព្យសម្បត្តិរបស់អ្នកជំងឺនោះទេ។
ទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្របន្ត លើកទី៥នេះ ធ្វើឡើងដោយមានការចូលរួមពីគ្រូពេទ្យចំនួន១២៥នាក់ មកពីខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តព្រះវិហារ និងខេត្តកំពង់ឆ្នាំង។
លោក ញ៉ែម ពេញ ប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកំពង់ធំ បានលើកឡើងពីសកម្មភាពការងារ ដែលក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តបានអនុវត្តកន្លងមក គឺសំដៅពង្រឹងក្រមសីលធម៌នៃវិជ្ជាជីវៈ បង្កើនសមត្ថភាព គុណភាពនៃសេវាសុខាភិបាល ធានាបាននូវសុខាមាលភាពជូនប្រជាពលរដ្ឋទូទៅ។
លោកបានសំណូមពរដល់សមាជិកគ្រូពេទ្យទាំងអស់ ត្រូវបង់វិភាគទានឲ្យបានទាន់ពេលវេលា និងស្នើឲ្យមានការផាកពិន័យដល់គ្រូពេទ្យដែលបង់វិភាគទាន មិនទាន់តាមពេលកំណត់ គ្រូពេទ្យត្រូវមានឆន្ទៈចូលរួមទិវាអភិវឌ្ឍន៍វិជ្ជាជីវៈបន្តតាមការអញ្ជើញរបស់គ្រូពេទ្យជាតិ ដើម្បីបង្កើនគុណវឌ្ឍិរបស់ខ្លួន មន្ត្រីទទួលបន្ទុកច្រកចេញចូលតែមួយមិនត្រូវផ្តល់លិខិតអនុញ្ញាតបើកបន្ទប់ពិគ្រោះជំងឺដល់គ្រូពេទ្យ ដែលពុំទាន់បានសុំចូលក្នុងគណៈគ្រូពេទ្យផុតសុពលភាពបង់ប្រាក់ និងគ្រូពេទ្យដែលបានចុះបញ្ជី្រភេទ ក ជាដើម។
លោកសាស្ត្រាចារ្យ ធា គ្រុយ បានលើកឡើងថា ក្រុមគ្រូពេទ្យដែលមានក្រមសីលធម៌ តែងតែទទួលបាននូវការស្រឡាញ់រាប់អាន និងគោរពពីប្រជាពលរដ្ឋគ្រប់រូប ប្រជាពលរដ្ឋតែងតែពេញចិត្ត ដោយប្រើពាក្យថា អរគុណ មិនដាច់ពីមាត់ រីឯការថែទាំ សេវាពិគ្រោះជំងឺ និងការផ្តល់នូវវិធីក្នុងការថែទាំសុខភាពជូនពួកគាត់ក៏មានសារសំខាន់ដែរ ព្រោះនោះគឺជាការជួយកាត់បន្ថយនូវការចំណាយពេលវេលា ថវិការបស់ពួកគាត់ ក៏ដូចជាការកាត់បន្ថយភាពក្រីក្រក្នុងសង្គមជាតិផងដែរ។
រឿងដ៏អស្ចារ្យបំផុតនោះ នៅក្នុងដំណាក់កាលចុងក្រោយ គ្រូពេទ្យអាចជួយសង្គ្រោះជីវិតមួយឲ្យរួចផុតពីសេចក្តីស្លាប់ រាល់ការងារដែលពាក់ព័ន្ធនឹងជំនាញ ត្រូវតែមានជំនាញច្បាស់លាស់ពិតប្រាកដ ក្រមសីលធម៌ដ៏ពិសេសរបស់ក្រុមគ្រូពេទ្យ គឺការដែលមិនទុកឲ្យអ្នកជំងឺស្លាប់ ដោយគ្មានការអើពើពីក្រុមគ្រូពេទ្យ ក្នុងនាមជាក្រុមគ្រូពេទ្យមិនត្រូវមើលទៅលើទ្រព្យសម្បត្តិរបស់អ្នកជំងឺនោះឡើយ។
លោកបានសង្កាត់ធ្ងន់ថា គ្រូពេទ្យទាំងអស់ត្រូវតែធ្វើការអភិវឌ្ឍខ្លួនពីបច្ចេកទេសវិជ្ជាជីវៈជាបន្តបន្ទាប់ទៀត ព្រោះការដែលយើងទាំងអស់គ្នាទទួលយកអាជីពជាក្រុមគ្រូពេទ្យនេះ មានន័យថាព្រមទទួលខុសត្រូវចំពោះអាយុជីវិតអ្នកជំងឺ ហើយកាទទួលខុសត្រូវនេះ ដោយមិនត្រូវចុះញ៉មនូវបញ្ហាដែលបង្កឡើងនោះឡើយ បើទោះបីជាបុគ្គលទាំងនោះ មានឋានៈ ឬតួនាទីអ្វីក៏ដោយ៕